ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ព្រះមហាក្សត្រនៃកម្ពុជាឧទ្ទិសឱ្យទិវាវប្បធម៌ជាតិស្ថិតក្នុងស្មារតីចងចាំរបស់ប្រជារាស្ត្រកម្ពុជាគ្រប់ៗរូប

51

ភ្នំពេញ៖តាមរយៈព្រះរាជសារផ្ញើជូនជនរួមជាតិ ក្នុងឱកាសនៃទិវាវប្បធម៌ជាតិ លើកទី២៨ ថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៦, ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា សូមឧទ្ទិសឱ្យទិវាវប្បធម៌ជាតិនេះ ស្ថិតក្នុងស្មារតីចងចាំរបស់ប្រជារាស្ត្រកម្ពុជាគ្រប់ៗរូប ស្របតាមទិសស្លោក «វប្បធម៌រលត់ ជាតិរលាយ វប្បធម៌ពណ្ណរាយ ជាតិថ្កើងថ្កាន»។

ក្នុងព្រះរាជសារព្រះអង្គមានព្រះរាជបន្ទូលថា ទិវាវប្បធម៌ជាតិ ជាទិវាដ៏មានសារៈសំខាន់មួយ ដែលប្រជាជាតិកម្ពុជាតែងតែប្រារព្ធឡើងជារៀងរាល់ឆ្នាំ នៅព្រះរាជាណាចក្រកម្ពុជា សំដៅបង្កើនការយល់ដឹងអំពីគុណតម្លៃដ៏មហាសាលនៃសម្បត្តិវប្បធម៌ជាតិ។ កេរដំណែលវប្បធម៌ដ៏សម្បូរបែប ដែលបុព្វបុរសខ្មែរយើងបានបន្សល់ទុកឱ្យរហូតមកដល់សព្វថ្ងៃនេះ គឺជាគ្រឹះដ៏រឹងមាំ នៃអត្តសញ្ញាណជាតិកម្ពុជា និងជាមធ្យោបាយឈ្នះ ដើម្បីការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ប្រកបដោយចីរភាព។ យើងប្រារព្ធទិវាវប្បធម៌ជាតិទាំងអស់គ្នា ដើម្បីលើកកម្ពស់មនសិការស្នេហាជាតិ ប្រកបដោយសីលធម៌ សំដៅធានាបាននូវសុខដុមរមនាសង្គម សេចក្ដីថ្លៃថ្នូរនិងកិត្យានុភាពជាតិ។

ទន្ទឹមនឹងនេះ ទិវាវប្បធម៌ជាតិ បានបំផុសឱ្យប្រជាពលរដ្ឋស្គាល់ច្បាស់ ស្រឡាញ់ ថែរក្សាព្រមទាំងអភិរក្សវប្បធម៌ជាតិ ជាពិសេសជាឱកាសជំរុញតួនាទីស្នូលដ៏សំខាន់របស់យុវជនបន្តវេនជាកម្លាំងចលករក្នុងការអភិរក្ស ថែរក្សា ការពារ លើកស្ទួយ និងអភិវឌ្ឍមរតកវប្បធម៌ ទំនៀមទម្លាប់ប្រពៃណី ដែលជាអត្តសញ្ញាណ និងដួងព្រលឹងជាតិ រួមទាំងវប្បធម៌ចម្រុះរបស់សហគមន៍ជនជាតិដើមភាគតិច ឱ្យបានស្ថិតស្ថេរគង់វង្សជារៀងរហូត។ 

សូមជម្រាបថា រាជរដ្ឋាភិបាលសម្រេចរៀបចំទិវាវប្បធម៌ជាតិ ៣មីនា លើកទី២៨ ឆ្នាំ២០២៦ ដោយនៅតែបន្តរក្សាប្រធានបទ «យុវជនដើម្បីវប្បធម៌ជាតិ» ដើម្បីរំលេចអំពីកាតព្វកិច្ចចាំបាច់របស់យុវជនបន្តវេន ក្នុងការការពារ អភិរក្ស និងអភិវឌ្ឍវប្បធម៌ ប្រកបដោយចីរភាព និងបរិយាបន្ន៕

អត្ថបទដែលជាប់ទាក់ទង