ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្តេចតេជោប្រាប់អគ្គលេខាធិការអង្គការហ្វ្រង់កូហ្វូនីថាបញ្ហាព្រំដែនកម្ពុជា-ថៃមិនប៉ះពាល់ការរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីនោះឡើយ

53

ភ្នំពេញ៖សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី បានថ្លែងប្រាប់អគ្គលេខាធិការអង្គការ អន្តរ ជាតិនៃបណ្តាប្រទេសនិយាយភាសាបារាំង ហៅកាត់ថាហ្វ្រង់កូហ្វូនី ថា បញ្ហាព្រំដែន រវាងកម្ពុជា និងថៃ នាពេលបច្ចុប្បន្ន មិនប៉ះពាល់ដល់ការរៀបចំកិច្ចប្រជុំកំពូល ហ្វ្រង់ កូ ហ្វូ នី ដែលគ្រោងធ្វើឡើងនៅខែវិច្ឆិកា ចុងឆ្នាំ២០២៦នោះឡើយ។ សម្តេចតេជោ ហ៊ុន សែន ក៏បានផ្តាំទៅកាន់បណ្តាមេដឹកនាំប្រទេសជាសមាជិកនៃអង្គការអន្តរជាតិមួយនេះ កុំឱ្យ មាន ការព្រួមបារម្ភ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងអះអាងបែបនេះ នៅក្នុងជំ នួបជាមួយលោកស្រី ល្វីស មូស៊ីគីវ៉ាបូ អគ្គលេខាធិការអង្គការអន្តរជាតិនៃក្រុមប្រទេសនិយាយភាសាបារាំង នៅព្រឹក ថ្ងៃ ចន្ទ ទី២ ខែមីនា ឆ្នាំ២០២៦នេះ នៅវិមានសាមគ្គីភាពនៃព្រឹទ្ធសភាជាតិ។

ឯកឧត្ដម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឱ្យដឹងថា នៅក្នុងជំនួបនេះ សម្តេចតេជោ ហ៊ុន សែន បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅចំពោះ ដំណើរ ទស្សនកិច្ច ជាថ្មីរបស់ លោក ស្រីអគ្គលេខាធិការមកកាន់កម្ពុជា។ សម្តេចតេជោ ចាត់ទុកដំណើរទស្សនកិច្ចរបស់ លោក ស្រីជាផ្នែកដ៏សំខាន់ក្នុងការរួមចំណែកលើកទឹកចិត្ត និងគាំទ្រដល់កម្ពុជា ក្នុងការ រៀបចំកិច្ចប្រជុំកំពូលហ្វ្រងក់កូហ្វូនីលើកទី២០ ដែលគ្រោងធ្វើឡើងនៅខែវិច្ឆិកា ឆ្នាំ២០២៦។

លោកស្រីអគ្គលេខាធិការ បានសម្តែងការអរគុណជាអនេកចំពោះការបដិសណ្ឋារកិច្ច និង ការស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់សម្តេចតេជោ ដោយបានអនុញ្ញាតឱ្យលោកស្រី និងគណៈប្រតិភូបានជួបសម្តែងការគួរសម។

លោកស្រីអគ្គលេខាធិការ បានគូសរំលេចពីចំណាប់អារម្មណ៍របស់លោកស្រី ពេល អញ្ជើញ ដល់ប្រទេសកម្ពុជា ដោយបានឃើញពីការរីកចម្រើនរបស់កម្ពុជា ជាពិសេស អា កាសយានដ្ឋានអន្តរជាតិតេជោ។ លោកស្រី បានកោតសរសើរចំពោះការសាងសង់ អា កាសយានដ្ឋានថ្មីរបស់កម្ពុជាមួយនេះ មានភាពស្រស់ស្អាត ហើយអាកាសយានដ្ឋាននេះ រង់ចាំទទួលគណៈប្រតិភូថ្នាក់ដឹកនាំនៃបណ្តាប្រទេសអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី។ 

លោកស្រីអគ្គលេខាធិការ បានចាត់ទុកប្រទេសកម្ពុជា គឺជាប្រទេសបានចូលរួមចំណែក យ៉ាង សកម្មនៅក្នុងអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី។ នៅចំពោះមុខសម្តេចតេជោ ហ៊ុន សែន, លោកស្រីអគ្គលេខាធិការ បានសរសើរអំពីភាពជាអ្នកដឹកនាំរបស់សម្តេចតេជោ តាំង ពី អតីតកាល ក៏ដូចជាដំណើរស្វែងរកសន្តិភាពសម្រាប់កម្ពុជាក្រោមការដឹកនាំរបស់ សម្តេច ពេលនៅជានាយករដ្ឋមន្ត្រី ដែលធ្វើឱ្យប្រទេសមានសន្តិភាពរហូតដល់បច្ចុប្បន្ន។

សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី បានសម្តែងការពេញចិត្តនូវអ្វីដែលលោកស្រីអគ្គ លេខាធិការ បានលើកឡើង។ សម្តេចតេជោ បានបញ្ជាក់ថា កម្ពុជាទន្ទឹងរង់ចាំស្វាគមន៍ គណៈប្រតិភូនៃអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី អញ្ជើញមកកាន់ប្រទេសកម្ពុជា។

សម្តេចតេជោ ហ៊ុន សែន បានគូសរំលេចផងដែរថា បើទោះបីពេលបច្ចុប្បន្នពិភពលោក ស្ថិត នៅ ក្នុងស្ថានភាពដ៏ស្មុគស្មាញយ៉ាងណាក្តី តែសម្តេចរំពឹងថា កិច្ចប្រជុំហ្វ្រង់កូហ្វូនីនៅ កម្ពុជានឹងទទួលបានជោគជ័យ ដើម្បីទុកជាសមិទ្ធផលប្រវត្តិសាស្ត្រសម្រាប់កម្ពុជាផង និងសម្រាប់អង្គការហ្វ្រង់កូហ្វូនីទាំងមូល ដែលកម្ពុជាធ្វើជាម្ចាសផ្ទះ។

សម្តេចតេជោ ហ៊ុន សែន បានបង្ហាញក្តីសង្ឃឹមថា លោកស្រីអគ្គលេខាធិការនឹងគាំទ្រ យ៉ាង សកម្មដល់កម្ពុជា ក្នុងការរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី។ 

នៅក្នុងឱកាសនៃជំនួបនេះលោកស្រីអគ្គលេខាធិការអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី បាន សម្តែងនូវការប្តេជ្ញាចិត្តជួយគាំទ្រកម្ពុជា ក្នុងការរៀបចំកិច្ចប្រជុំកំពូលនេះ។ លោកស្រី បានបញ្ជាក់ថា ដំណើររបស់លោកស្រី និងគណៈប្រតិភូ អញ្ជើញមកកម្ពុជានាពេលនេះ ដើម្បីចូលរួមពិភាក្សាជាមួយកម្ពុជាលើការងាររៀបចំកិច្ចប្រជុំកំពូលនេះ។

សម្រាប់ក្នុងបរិបថពិភពលោកដ៏ស្មុគស្មាញនេះ លោកស្រីអគ្គលេខាធិការអង្គការអន្តរ ជាតិ ហ្វ្រង់កូហ្វូនី បានទទួលស្គាល់នូវភាពស្មុគស្មាញរបស់ពិភពលោក ដែលតម្រូវឱ្យ បណ្តា ប្រទេសសមាជិកអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី មានការគិតគូរចំពោះបញ្ហា នេះ ផងដែរ។

ឆ្នាំ២០២៦នេះ កម្ពុជា នឹងធ្វើជាម្ចាស់នៃកិច្ចប្រជុំកំពូលអង្គការអន្តរជាតិនៃក្រុមប្រទេស និយាយ ភាសាបារាំងលើកទី២០។ កិច្ចប្រជុំនេះ ដំបូងឡើយគ្រោងធ្វើនៅលើទឹកដីខេត្តសៀមរាប តែដើម្បីសម្រួលដល់ការស្នាក់នៅ និងការចូលរួមរបស់ប្រតិភូនៃបណ្តាប្រទេសនានានោះ កិច្ចប្រជុំត្រូវបានកែសម្រួលដោយធ្វើនៅរាជធានីភ្នំពេញវិញ៕

អត្ថបទដែលជាប់ទាក់ទង