ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រសួងអំពាវនាវដល់ប្រជាពលរដ្ឋប្រើប្រាស់ប្រេងឥន្ធនៈដោយសន្សំសំចៃខណៈសង្គ្រាមនៅតំបន់មជ្ឈិមបូព៌ាធ្វើឱ្យតម្លៃប្រេងកើនឡើងនិងបង្អាក់ដល់ការផ្គត់ផ្គង់ប្រេងជាសកល

46

ភ្នំពេញ៖ក្រសួងពាណិជ្ជកម្មកម្ពុជា តាមរយៈអ្នកនាំពាក្យរបស់ខ្លួននៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៦នេះ បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ សូមមេត្តាប្រើប្រាស់ប្រេងឥន្ធនៈដោយសន្សំសំចៃ ខណៈតម្លៃប្រេងចាប់ផ្តើមកើនឡើង ដោយសារការផ្ទុះសង្គ្រាមនៅតំបន់មជ្ឈឹមបូព៌ា បណ្តាលឱ្យកាត់ផ្តាច់នូវការផ្គត់ផ្គង់ប្រេង។

លោក ប៉ែន សុវិជាតិ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាននៅព្រឹកថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៦នេះថា ក្រសួងពាណិជ្ជកម្ម ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាល កំពុងតាមដានយ៉ាងយកចិត្តទុកដាក់ ចំពោះការកើនឡើងនៃតម្លៃប្រេង និងស្តុកប្រេងរបស់ក្រុមហ៊ុននាំចូល ដើម្បីធានាដល់ការផ្គត់ផ្គង់ប្រេងក្នុងប្រទេសកម្ពុជា។

លោកបន្ថែមថា ក្នុងករណីតម្លៃប្រេងកើនឡើង ដើម្បីបន្ថយបន្ទុកចំណាយរបស់ប្រជាពលរដ្ឋ រាជរដ្ឋាភិបាលនឹងធ្វើការឧបត្ថម្ភធន ដើម្បីបញ្ចុះថ្លៃប្រេងដល់ប្រជាពលរដ្ឋ។ បន្ថែមពីនេះ ក្រសួងស្ថាប័នពាក់ព័ន្ធនឹងបន្តប្រឹងប្រែងស្វែងរកប្រភពផ្គត់ផ្គង់ប្រេង ដើម្បីធានាឱ្យស្តុកប្រេង សម្រាប់រយៈពេល១ខែ ដូចពេលមុនៗ។ 

យ៉ាងណាក្រសួងពាណិជ្ជកម្មក៏រំពឹងថាសង្គ្រាមនៅតំបន់មជ្ឈឹមបូព៌ានឹងបញ្ចប់ក្នុងពេលឆាប់ៗ ដែលនឹងធ្វើឱ្យតម្លៃ និងការផ្គត់ផ្គង់ប្រេងត្រឡប់មករកប្រក្រតីភាពឡើងវិញ ហើយប្រសិនសង្គ្រាមអូសបន្លាយយូរ សង្ឃឹមថាអាមេរិកនឹងបញ្ចេញស្តុកប្រេង ដើម្បីបន្ថយសម្ពាធជាអន្តរជាតិមួយនេះ៕

អត្ថបទដែលជាប់ទាក់ទង