ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្តេចធិបតីណែនាំឲ្យក្រសួងពាណិជ្ជកម្ម ក្រសួងរ៉ែនិងថាមពល តាមដានតម្លៃប្រេងឥន្ធនៈនិងអំពាវនាវម្ចាស់ស្ថានីយប្រេងឥន្ធនៈកុំដំឡើងថ្លៃ

26

ភ្នំពេញសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានណែនាំក្រសួងពាណិជ្ជកម្ម ក្រសួងរ៉ែនិងថាមពល ព្រមទាំងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ តាមដានឱ្យបានជាប់លាប់រឿងតម្លៃប្រេងឥន្ធនៈ។ ជាមួយនឹងការណែនាំនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានអំពាវនាវដល់ម្ចាស់ស្ថានីយប្រេងឥន្ធនៈនានា កុំដំឡើងថ្លៃ។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងបែបនេះ ក្នុងឱកាសអញ្ជើញបិទសន្និបាតអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នាថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៦។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់យ៉ាងដូច្នេះថា «ក្រសួងពាណិជ្ជកម្ម ក្រសួងរ៉ែនិងថាមពល ព្រមទាំងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ តាមដានឱ្យបានជាប់ ទៅលើទិន្នន័យ និងការប្រែប្រួលប្រេង។ កិច្ចការនេះ ខ្ញុំបានប្រគល់កិច្ចការទៅ ឯកឧត្តម កែវ រតនៈ ធ្វើការពីដើមទី លោកជំទាវ ចម និម្មល ធ្វើការងារនេះ»។

បើតាមការថ្លែងរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ការតាមដានត្រូវធ្វើលើការពិនិត្យមើលបរិមាណប្រេង ដែលត្រូវគ្រប់គ្រងនៅក្នុងប្រទេស និងការគ្រប់គ្រងលើតម្លៃ ដោយមានស្ថានីយ៍ខ្លះដំឡើងតម្លៃប្រេងហើយ។

ក្រុមហ៊ុនដឹកជញ្ជូន ក្រុមហ៊ុនប្រេងខ្នាតយក្ស និងពាណិជ្ជករជាច្រើនបានផ្អាកការដឹកជញ្ជូនប្រេងឆៅ ប្រេងឥន្ធនៈ និងឧស្ម័នធម្មជាតិរាវ (LNG) ឆ្លងកាត់ច្រកសមុទ្រ Hormuz ជាបណ្តោះអាសន្ន ក្រោយអ៉ីរ៉ង់ប្រកាសបិទនាវាចរណ៍ទាំងស្រុង ដើម្បីឆ្លើយតបនឹងការវាយប្រហាររបស់អាមេរិក និងអ៉ីស្រាអែល។ ប្រមាណ ២០ភាគរយនៃប្រេងពិភពលោក រួមទាំងការផលិតពីអារ៉ាប៊ីសាអូឌីត អេមីរ៉ាតអារ៉ាប់រួម អ៉ីរ៉ាក់ គុយវ៉ែត និងអ៉ីរ៉ង់ រួមទាំងឧស្ម័ន LNG ចំនួនច្រើនសន្ធឹកសន្ធាប់ពីប្រទេសកាតា សុទ្ធតែត្រូវដឹកជញ្ជូនឆ្លងកាត់ច្រកសមុទ្រដ៏សំខាន់មួយនេះ។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា នៅក្នុងស្ថានភាពនេះ អាចធ្វើឲ្យប្រទេសដែលផលិតប្រេង បិទការនាំចេញជាបណ្តោះអាសន្ន នាំឲ្យមានការខ្វះខាត៕

អត្ថបទដែលជាប់ទាក់ទង