ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្តេចបវរធិបតី៖ឯកឧត្ដម ឃួង ស្រេងបានត្រៀមរថយន្ដក្រុងសាធារណៈ ជិត៦០០ឡាន សម្រាប់ដឹកប្រជាពលរដ្ឋ ធ្វើដំណើរទៅស្រុកកំណើត ក្នុងឱកាសចូលឆ្នាំថ្មី ,អំពាវនាវដល់ក្រុមហ៊ុននានាចូលរួមជាមួយរដ្ឋបាលរាជធានីភ្នំពេញឧបត្ថម្ភភេសជ្ជៈដល់ពលរដ្ឋ

24

ភ្នំពេញសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៦នេះ បានអំពាវនាវដល់បណ្ដាក្រុមហ៊ុននានា ចូលរួមជាមួយរដ្ឋបាលរាជធានីភ្នំពេញ ឧបត្ថម្ភភេសជ្ជៈដល់ប្រជាពលរដ្ឋ ប្រើរថយន្តក្រុងសាធារណៈ ធ្វើដំណើរទៅស្រុកកំណើត ក្នុងឱកាសចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ខាងមុខនេះ។

ការអំពាវនាវបែបនេះ ធ្វើឡើងក្នុងឱកាសដែល សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញចូលរួមជាអធិបតី បិទសន្និបាតបូកសរុបលទ្ធផលការងារ ឆ្នាំ២០២៥ និងលើកទិសដៅបន្ដ របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នារសៀលថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៦នេះ។

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់យ៉ាងដូច្នេះថា «បើសិនជាមានក្រុមហ៊ុនដៃគូ ជួយឧបត្ថម្ភទឹកភេសជ្ជៈ សូមជួយបន្ថែមទៀត ដែលកន្លងទៅ មានក្រុមហ៊ុនជីបម៉ុង និងក្រុមហ៊ុនវឌ្ឍនៈ អញ្ចឹងសូមឲ្យជួយឧបត្ថម្ភបន្ថែមទៀត នូវទឹកភេសជ្ជៈ សម្រាប់ប្រជាពលរដ្ឋធ្វើដំណើរ ទៅស្រុកកំណើត»

ជាមួយគ្នានេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក៏សូមអរគុណដល់ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅក្នុងឆ្នាំ២០២៦នេះ ដែលបានត្រៀមរថយន្ដក្រុងសាធារណៈ ជិត៦០០ឡាន សម្រាប់ដឹកប្រជាពលរដ្ឋ នៅរាជធានីភ្នំពេញ ធ្វើដំណើរទៅស្រុកកំណើត ក្នុងឱកាសចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ នាពេលខាងមុខនេះ។

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា សកម្មភាពនេះ គឺជាស្នារតីជាតិ សាមគ្គីគ្នា ជួយគ្នាទៅវិញទៅមក និងសូមឲ្យបន្ដជួយឧបត្ថម្ភ ដល់កងទ័ពជួរមុខ ព្រមទាំងបងប្អូនប្រជាពលរដ្ឋ ជនភៀសសឹកបន្ដទៀតផងដែរ។

សូមជម្រាបថា ជារៀងរាល់ឆ្នាំ ពេលមានពិធីបុណ្យទានម្ដងៗ រដ្ឋបាលរាជធានីភ្នំពេញ តែងតែបញ្ចេញរថយន្តក្រុងសាធារណៈ សម្រាប់ដឹកប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ ទៅស្រុកកំណើត ដោយមិនគិតថ្លៃ អនុវត្ដតាមការណែនាំ របស់របស់សម្តេចតេជោ ហ៊ុន សែន ហើយបន្តដល់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។

សម្រាប់ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ខាងមុខនេះ នឹងប្រារព្ធឡើងចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៦៕

អត្ថបទដែលជាប់ទាក់ទង