ប្រធានមន្ទីរសង្គមកិច្ចរាជធានីភ្នំពេញថ្លែងការកោតសសើរចំពោះការខិតខំប្រឹងប្រែងរបស់មន្រ្តីរាជការជាស្ត្រីគ្រប់លំដាប់ថ្នាក់ ដែលមានសាមគ្គីផ្ទៃក្នុងល្អ និងរួមចំណែកអនុវត្តការងារជូនមន្ទីរ ឱ្យមានការរីកចំរើនរហូតមកដល់សព្វថ្ងៃនេះ
ភ្នំពេញ៖ នៅរសៀលថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៦ នៅមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទារាជធានីភ្នំពេញបានរៀបចំពិធីសំណេះសំណាលជាមួយ មន្ត្រីរាជការ បុគ្គលិកជានារី ក្នុងឱកាសដ៏មហានក្ខត្តឫក្ស អបអរសាទរខួបលើកទី១១៥ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៦ ក្រោមប្រធានបទ «សន្តិភាព និងសន្តិសុខសម្រាប់ស្ត្រី និងគ្រួសារ»
ក្រោមអធិបតីភាព លោក រឿន រិទ្ធីពង្ស ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា រាជធានីភ្នំពេញ និងលោកស្រីក្នុងគោលបំណងលើកកម្ពស់ អំពីសារៈសំខាន់ នៃតួនាទីរបស់ស្ត្រីគ្រប់រូបនៅក្នងសង្គម ដែលត្រូវបានចាត់ទុកថាជា ឆ្អឹងខ្នងក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមជាតិប្រកបដោយចីរភាព ស្ថិរភាព និងវិបុលភាពសង្គម។ ស្រ្តីនៅតែជាដៃគូមិនអាចខ្វះបាន។
លោកប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា រាជធានីភ្នំពេញ បានលើកឡើងថា៖ថ្ងៃនេះក្នុងនាមមន្ទីរសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិ សម្បទារាជធានីភ្នំពេញ និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ខ្ញុំមានកិត្តិយស និងមានមោទនភាព ដែលយើងទាំងអស់គ្នាបានជួបសំណេះសំណាលជាមួយ បងប្អូនមន្ត្រីរាជការនិងបុគ្គលិកនារី ក្នុងពិធីអបអរសាទរ ខួបលើកទី១១៥ នៃទិវាអន្តរជាតិនារី ៨ មីនា ឆ្នាំ២០២៦ ក្រោមប្រធានបទ “សន្តិភាព និងសន្តិសុខសម្រាប់ស្ត្រី និងគ្រួសារ” នាថ្ងៃនេះ និងសូមផ្ញើរនូវមនោសញ្ចេតនានឹករលឹកបំផុតជូនចំពោះស្ត្រីគ្រប់រូបដែលកំពុងបំពេញភារកិច្ចយ៉ាងសកម្មនៅក្នុងសង្គម ជាពិសេសក្នុងតួនាទីជាមាតា និងជាភរិយានៃគ្រប់ក្រុមគ្រួសារ។
ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៦នេះ ត្រូវបានប្រារព្ធឡើងក្រោមប្រធានបទ “សន្តិភាព និងសន្តិសុខសម្រាប់ស្ត្រី និងគ្រួសារ” ក្នុងគោលបំណងបង្ហាញអំពីសារៈសំខាន់មិនអាចកាត់ថ្លៃបាននៃសន្តិភាព និងសន្តិសុខសម្រាប់ស្រ្តី និងក្រុមគ្រួសារ និងការចូលរួមចំណែកយ៉ាងសកម្មរបស់ស្ត្រី ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីកសាង និងថែរក្សាសន្តិភាព ព្រមទាំងអំពាវនាវឱ្យមានកិច្ចអន្តរាគមន៍បន្ទាន់ក្នុងការការពារ និងលុបបំបាត់នូវរាល់ឧប សគ្គ រារាំងដែលមានផលអវិជ្ជមានដល់ស្ត្រី និងគ្រួសារដើម្បីទាញយកអត្ថប្រយោជន៍ពីភាគលាភយេនឌ័ជូនគ្រួសារ និងអភិវឌ្ឍសង្គម។ លោកបន្តថា៖ប្រធានបទនេះ គឺជាការរំលឹកយើងគ្រប់គ្នាថា “បើគ្មានសន្តិភាព គឺគ្មានការអភិវឌ្ឍ បើគ្មានសន្តិសុខក្នុងគ្រួសារ ស្រ្តីក៏មិនអាចបញ្ចេញសក្តានុពលពេញលេញបានដែរ”។ សន្តិភាពមិនត្រឹមតែជាការមិនមានសង្គ្រាមប៉ុណ្ណោះទេ ប៉ុន្តែគឺជាសន្តិសុខ សុវត្ថិភាពពីការរំលោភបំពាន ភាពសុខដុមរមនាក្នុងផ្ទះសម្បែង និងសេរីភាពក្នុងការស់នៅដោយគ្មានការភ័យខ្លាច។
លោកប្រធានបានសូមឱ្យស្ត្រីគ្រប់រូបក្លាយជាអ្នកដឹកនាំនៃការផ្លាស់ប្តូរវិជ្ជមាន ជាគំរូល្អសម្រាប់ជំនាន់ក្រោយ និងជាចំណុចភ្ជាប់នៃសន្តិភាពក្នុងគ្រួសារ និងសង្គម។
ជាមួយគ្នានេះដែរលោកប្រធានបានសូមថ្លែងនូវការកើតសសើរចំពោះការខិតខំប្រឹងប្រែងរបស់មន្រ្តីរាជការជាស្ត្រីគ្រប់លំដាប់ថ្នាក់ ដែលមានសាមគ្គីផ្ទៃក្នុងល្អ និងរួមចំណែកអនុវត្តការងារជូនមន្ទីរ ឱ្យមានការរីកចំរើនរហូតមកដល់សព្វថ្ងៃនេះ។ តាមរយៈទិវានេះផងដែរ ខ្ញុំក៏សូមសំណូមពរដល់មន្រ្តី និងបុគ្គលិកជាបុរស់ទាំងអស់ ត្រូវខិតខំស្វែងយល់អំពីបញ្ហាយែនឌ័រ និងចូលរួមសហការលុបបំបាត់អំពើហិង្សាក្នុងគ្រួសារ ការរើសអើងចំពោះស្ត្រី និងបង្កលក្ខណៈឱ្យស្ត្រីមានលទ្ធភាពគ្រប់គ្រាន់ ក្នុងការចូលរួមគ្រប់សកម្មភាពរបស់មន្ទីរ និងសង្គមជាតិយើង៕
