ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បវរកញ្ញាភពផែនដីអន្ដរជាតិមកពី៣៥ប្រទេសជុំវិញពិភពលោកចូលរួមដាំដើមត្នោត៣០០ដើមនៅសហគមន៍ទេសចរណ៍កំពង់ឃ្លាំងដើម្បីជំរុញការអភិវឌ្ឍវិស័យទេសចរណ៍

17

សៀមរាប៖សមាគមទេសចរណ៍កម្ពុជា (CATA) សហការជាមួយបវរកញ្ញាភពផែនដីអន្ដរជាតិ ឆ្នាំ២០២៥ លើកទី៥ (Miss Planet International) និងអាជ្ញាធរខេត្តសៀមរាប នៅថ្ងៃទី១០ ខែមីនា ឆ្នា២០២៦នេះ បានរៀបចំពិធីដាំដើមត្នោតចំនួន ៣០០ដើម នៅសហគមន៍ទេសចរណ៍កំពង់ឃ្លាំង ក្នុងស្រុកសូទ្រនិគម ខេត្តសៀមរាប ដើម្បីជំរុញការអភិវឌ្ឍវិស័យទេសចរណ៍ និងការអភិរក្សបរិស្ថានឱ្យកាន់តែមានប្រសិទ្ធភាព។ 

ពិធីនេះដែរធ្វើឡើងក្រោមវត្តមានរបស់លោក ង៉ូវ សេងកាក់ អភិបាលរងខេត្តសៀមរាប និងលោកស្រី ឆាយ ស៊ីវលីន ប្រធានសមាគមទេសចរណ៍ (CATA) និងលោកស្រី Halley Amin ប្រធានស្ថាប័ន Miss Planet International រួមទាំងមានប្រតិភូបវរកញ្ញាភពផែនដីអន្ដរជាតិ ឆ្នាំ២០២៥ ប្រមាណ ៣៥ប្រទេស ជុំវិញពិភពលោក ព្រមទាំងមានការចូលរួមពីលោក លោកស្រី ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត, អាជ្ញាធរមូលដ្ឋាន និងសិស្សានុសិស្សជាច្រើនផងដែរ។ 

ថ្លែងក្នុងឱកាសនោះ លោក ង៉ូវ សេងកាក់ បានលើកឡើងថា កម្មវិធីនេះគឺជាសកម្មភាពដ៏មានសារៈសំខាន់ក្នុងការចូលរួមលើកកម្ពស់ការអភិរក្សបរិស្ថាន ការបង្កើនបៃតងភាព និងការអភិវឌ្ឍទេសចរណ៍ប្រកបដោយចីរភាព ជាពិសេសការដាំដើមត្នោតនេះ មិនត្រឹមតែជាការរួមចំណែកក្នុងការថែរក្សាធនធានធម្មជាតិប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការរក្សាអត្តសញ្ញាណ វប្បធម៌ជាតិផងដែរ ព្រោះដើមត្នោត ត្រូវបានចាត់ទុកថា ជារុក្ខជាតិដ៏មានតម្លៃ និងជាសញ្ញាបង្ហាញពីអត្តសញ្ញាណរបស់ប្រទេសកម្ពុជា។ 

លោកបន្ថែមថា ការចូលរួមរបស់បវរកញ្ញាភពផែនដីអន្ដរជាតិនេះ ក៏ជាឱកាសដ៏ល្អមួយក្នុងការផ្សព្វផ្សាយសក្តានុពលទេសចរណ៍ធម្មជាតិ និងវប្បធម៌របស់ ខេត្តសៀមរាប ទៅកាន់សហគមន៍អន្តរជាតិ និងពិភពលោកផងដែរ ព្រោះខេត្តសៀមរាប គឺជាគោលដៅទេសចរណ៍ដ៏សំខាន់មួយរបស់ប្រទេសកម្ពុជា ដែលមានទាំងបេតិកភណ្ឌវប្បធម៌ ប្រវត្តិសាស្ត្រ និងធនធានធម្មជាតិដ៏សម្បូរបែប។ ដូច្នេះការអភិវឌ្ឍទេសចរណ៍បៃតង និងទេសចរណ៍សហគមន៍ គឺជាទិសដៅដ៏សំខាន់ក្នុងការលើកកម្ពស់សេដ្ឋកិច្ចមូលដ្ឋាន និងការកែលម្អជីវភាពរបស់ប្រជាពលរដ្ឋ។ 

លោកស្រី ឆាយ ស៊ីវលីន បានលើកឡើងថា ការដែលជ្រើសរើសយកសហគមន៍ទេសចរណ៍កំពង់ឃ្លាំង ដើម្បីរៀបចំកម្មវិធីដាំដើមត្នោតនេះ ពីព្រោះកំពង់ឃ្លាំង គឺជាភូមិបណ្តែតទឹកមួយ ដែលមានសម្រស់ស្រស់ស្អាត និងទាក់ទាញទេសចរ។ ការបង្កើតសេវាកម្មដូចគ្នានេះ មានច្រើនទាំងក្នុងខេត្ត និងតាមបណ្តាខេត្តផ្សេងៗ ដូច្នេះ ភ្ញៀវទេសចរមានជម្រើសច្រើន កំពង់ឃ្លាំង មិនត្រូវសំងំស្ងៀមទទួលភ្ញៀវទេសចរតាមទម្លាប់ដូចមុនទេ។

លោកស្រីបន្តថា សមាគមទេសចរណ៍កម្ពុជា ជ្រើសរើសកំពង់ឃ្លាំងជាគោលដៅសំរាប់ឲ្យប្រតិភូបវរកញ្ញាភពផែនដីអន្ដរជាតិ ឆ្នាំ២០២៥ ធ្វើទស្សនកិច្ច និងដាំដើមត្នោត គោលបំណងមួយចំនួន រួមមាន៖ ធ្វើឲ្យកំពង់ឃ្លាំងមានភាពបៃតង ប្រជាពលរដ្ឋរស់នៅមានផាសុខភាព, ដើមត្នោតជាអត្តសញ្ញាណជាតិ និងមានអត្ថប្រយោជន៍ជាច្រើន ទាំងដើម ស្លឹក ផ្លែ និងផ្កា, បង្កើតអនុស្សាវរីយ៍ដល់បេក្ខនារីជាភ្ញៀវទេសចរ ដោយថ្ងៃនេះគាត់បានដាំ និងធ្វើស្លាកឈ្មោះប្រទេសរបស់ផងដែរ ថ្ងៃក្រោយគាត់នឹងនាំគ្រួសារមកលេង និងចង់ឃើញដើមត្នោតដែលគាត់បានដាំ។

សូមបញ្ជាក់ដែរថា កម្មវិធី Miss Planet International 2025 បានរៀបចំជាលេីកទី៥ នៅកម្ពុជា ចាប់ពីថ្ងៃទី០៧ ដល់ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៦ បវរកញ្ញាភពផែនដីអន្តរជាតិ មកពី៣៥ប្រទេស ជុំវិញពិភពលោកចូលរួម រួមមាន៖ Cambodia, Algeria, Australia, Bangladesh, Benin, Cambodia, Cameroon, Cote d’Ivoire, Ethiopia, France, Guatemala, Hati, Hmong, Iceland, India, Indonesia, Ireland, Italy, Japan, Madagascar, Maturitius, Mexico, New Zealand, Panama, Poland, Riviera Maya, Russia, Poland, Slovenia, Suriname, Sweden, Timor Leste, United States, US Virgin៕

អត្ថបទដែលជាប់ទាក់ទង