ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឯកឧត្ដមម៉ប់ សារិន ស្នើឱ្យអាជ្ញាធរខណ្ឌទាំង១៤ ចុះតាមដានសភាពការណ៍នៅតាមស្ថានីយ៍ប្រេងក្នុងមូលដ្ឋានរបស់ខ្លួនជាប្រចាំ ដើម្បីឱ្យម្ចាស់ស្ថានីយ៍ប្រេង គោរពទៅតាមតម្លៃដែលក្រសួងពាណិជ្ជកម្មបានកំណត់

16

ភ្នំពេញ៖ស្ថានីយ៍ប្រេងនៅរាជធានីភ្នំពេញមានចំនួនជាង៤០០កន្លែង ហើយក្នុងខណៈតំលៃប្រេងបានឡើងថ្លៃ ដោយសារមានសង្គ្រាម រវាងអ៊ីរ៉ង់ និងអ៊ីស្រាអែលរួមជាមួយអាមេរិក មានស្ថានីយ៍ប្រេងប្រមាណជិត៥០កន្លែងត្រូវបានផ្កាកអាជីវកម្ម តែមិនមាន បង្កឱ្យមានចលាចល ក្នុងសង្គមឡើយ។

   នេះបើតាមការបញ្ជាក់ឱ្យដឹង ក្នុងកិច្ចប្រជុំសាមញ្ញលើកទី២២របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី៤ នាព្រឹកថ្ងៃទី១២ មីនា២០២៦នេះ ក្រោមវត្តមានឯកឧត្ដម ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញនិងឯកឧត្ដមហួត ហៃ អភិបាលរងតំណាងឯកឧត្ដមឃួង ស្រេង អភិបាលរាជធានីភ្នំពេញនៅសាលារាជធានីភ្នំពេញ។

   លោក ងី ប៊ុនលី ប្រធានមន្ទីររ៉ែនិងថាមពលរាជធានីភ្នំពេញបានឱ្យដឹងថា៖ នៅរាជធានីភ្នំពេញមានស្ថានីយ៏ប្រេងឥន្ទនៈចំនួនជាង៤៤៧កន្លែង ហើយនៅក្នុងខណៈមានសង្គ្រាម រវាងអ៊ីរ៉ង់ និងអ៊ីស្រាអែលរួមជាមួយអាមេរិក តំលៃប្រេងបានកើនតម្លៃ ដែលបានធ្វើឱ្យស្ថានីយ៍ប្រេងចំនួនជិត៥០កន្លែងត្រូវបានផ្កាកអាជីវកម្ម ដោយសារមានបញ្ហាពីផ្គត់ផ្គង់ក្រុមហ៊ុន។ប៉ុន្តែទោះបីជាយ៉ាងណាក្តី វាមិនបង្កឱ្យមានចលាចល ក្នុងសង្គមឡើយ។ស្ថានីយ៏ប្រេងឥន្ទនៈធំៗ ដែលបើកអាជីវកម្មធម្មតា មិនមានតម្លើងតម្លៃស្រេចតែចិត្តនោះទេ គឺបានគោរព តម្លៃទៅតាមការណែនាំរបស់ក្រសួងពាណិជ្ជកម្មទាំងអស់។

  ឯកឧត្ដមម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញក្នុងឱកាសនោះបានស្នើឱ្យអាជ្ញាធរខណ្ឌទាំង១៤ ចុះតាមដានសភាពការណ៍នៅតាមស្ថានីយ៍ប្រេងក្នុងមូលដ្ឋានរបស់ខ្លួនជាប្រចាំ ដើម្បីឱ្យម្ចាស់ស្ថានីយ៍ប្រេង គោរពទៅតាមតម្លៃដែលក្រសួងពាណិជ្ជកម្មបានកំណត់។

   ឯកឧត្ដមហួត ហៃ អភិបាលរងរាជធានីបានបញ្ជាក់ផងដែរថា៖ ពាក់ព័ន្ធនឹងតម្លៃប្រេងឥន្ទនៈនាពេលនេះ  ឯកឧត្ដមឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានយកចិត្តទុកដាក់ណាស់ដោយបានណែនាំឱ្យមន្ត្រីពាក់ព័ន្ធតាមដានជាប្រចាំ ដោយការពីមុន ១០ថ្ងៃបញ្ជាក់តម្លៃម្តង តែសម្រាប់ពេលនេះត្រឹមតែ៣ថ្ងៃ ត្រូវបញ្ជាក់តម្លៃម្តង ដើម្បីធ្វើយ៉ាងណាកុំឱ្យតម្លៃប្រេងឡើងថ្លៃហួសពីការកំណត់តម្លៃរបស់ក្រសួងពាណិជ្ជកម្ម។ បន្ថែមពីនេះ ការបោសសំអាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) គណ:បញ្ជាការ ឯកភាព រដ្ឋបាល រាជធានីភ្នំពេញ បានចុះប្រតិបត្តិការជាប្រចាំ មិនថាពេលថ្ងៃឬយប់ឡើយ សំដៅធ្វើយ៉ាងណាបោសសម្អាតឱ្យអស់ ទៅតាមផែនការរបស់ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅពាក់កណ្តាលខែមីនាឆ្នាំ២០២៦ខាងមុខនេះ៕

អត្ថបទដែលជាប់ទាក់ទង