ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រដ្ឋបាលរាជធានីសហការជាមួយសហភាព សហព័ន្ធយុវជនកម្ពុជានឹងរៀបចំព្រឹត្តិការណ៍ដ៏ធំមួយនៅរាជធានីភ្នំពេញ ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ២០២៦

21

ភ្នំពេញ៖រដ្ឋបាលរាជធានីភ្នំពេញ សហការជាមួយសហភាព សហព័ន្ធយុវជនកម្ពុជានឹងរៀបចំព្រឹត្តិការណ៍ដ៏ធំមួយនៅរាជធានីភ្នំពេញ ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ដោយចាប់ផ្តើមពីថ្ងៃទី១៤រហូតដល់ថ្ងៃទី១៩មេសាខាងមុខនេះ។

  ដើម្បីឱ្យព្រឹត្តិការណ៍ដ៏ធំមួយនេះដំណើរការទៅដោយរលូន សប្បាយរីករាយ និងជោគជ័យ នារសៀលថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦នេះ រដ្ឋបាលរាជធានីភ្នំពេញបានរៀបចំ កិច្ចប្រជុំមួយ ស្តីពីការត្រៀមរៀបចំព្រឹត្តិការណ៍នេះក្រោមអធិបតីភាព ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានសហភាព សហព័ន្ធយុវជនកម្ពុជា និងឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាល រាជធានីភ្នំពេញនៅសាលារាជធានីភ្នំពេញ។

  ឯកឧត្តម ឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា៖ ការអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ រដ្ឋបាលរាជធានីភ្នំពេញ តែងរៀបចំជារៀងរាល់ឆ្នាំនៅរមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រ វត្តភ្នំ។តែសម្រាប់ឆ្នាំ២០២៦នេះ ក្រោមការសហការជាមួយសហភាព សហព័ន្ធយុវជនកម្ពុជា យើងនឹងរៀបចំព្រឹត្តិការណ៍នេះធំជាងឆ្នាំកន្លងទៅនៅរាជធានីភ្នំពេញ ដោយចាប់ផ្តើមពីថ្ងៃទី១៤រហូតដល់ថ្ងៃទី១៩មេសាខាងមុខនេះ។

  ឯកឧត្តម ឃួង ស្រេងបានបន្តថា៖ ព្រឹត្តិការណ៍នេះ ធ្វើឡើង ដើម្បីថែរក្សាការពារ វប្បធម៌ ទំនៀមទម្លាប់ ប្រពៃណី របស់ដូនតា និងការស្គាល់ច្បាស់ពីអត្តសញ្ញាណជាតិ ជាផ្នែកមួយ នៃ ខឿនការពារជាតិដ៏រឹងមាំរបស់ប្រជាជន។

    ក្នុងឱកាសនោះឯកឧត្តម ហ៊ុន ម៉ានី បានមានប្រសាសន៍ថា៖ ព្រឹត្តិការណ៍ដ៏ធំនេះ ធ្វើឡើងដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំមមី ២០២៦ ហើយព្រឹត្តិការណ៍នេះ ក៏មិនខុសពីព្រឹត្តិការណ៍ «សាទរកម្ពុជា» ដែលបានរៀបចំឡើងកាលពីថ្ងៃទី៣១ធ្នូ ចំថ្ងៃឆ្លងឆ្នាំសកល ឆ្នាំ២០២៥ឡើយ គឺក្នុងគោលបំណងនាំមកនូវការជួបជុំគ្នា ទាំងប្រជាពលរដ្ឋក្នុងនិងក្រៅស្រុក។ ជាមួយនិងការផ្សព្វផ្សាយទៅកាន់បងប្អូនប្រជាពលរដ្ឋខ្មែរឯនាយសមុទ្រ អំពីអត្ថន័យនៃការជួបជុំសាច់ញាតិបងប្អូនក្នុងឱកាសពិធីបុណ្យ ចូលឆ្នាំថ្មី ប្រកបដោយភាពកក់ក្តៅ និងមនោសញ្ចេតនានឹកនា និងវិលត្រឡប់មកលេងស្រុកកំណើតវិញ។

  ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានបន្តថា៖ ការឈ្លានពានពីអ្នកជិតខាង ធ្វើឱ្យយើង មានស្មារតី សាមគ្គីភាពកាន់តែខ្លាំងឡើងសេដ្ឋកិច្ចយើងរីកចំរើន វិស័យការពារជាតិយើងកាន់តែរឹងមាំ។

   គូរបញ្ជាក់ថា៖ ព្រឹត្តិការណ៍ដ៏ធំនេះនឹងធ្វើឡើងនៅទីតាំងធំៗចំនួន៣កន្លែង និងតូចចំនួន៣កន្លែងទៀត ក្នុងនោះទីតាំងធំៗចំនួន៣កន្លែងនោះរួមមាន៖ទី១ ទីតាំងរមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រ វត្តភ្នំ ទី២ ផ្លូវថ្មើជើងចតុមុខនិងទី៣ នៅសួនវឌ្ឍនៈ រហូតដល់ផ្សាររាត្រី។ចំណែក៣កន្លែងតូចៗ ទី១ នៅសួនមុខ

វត្តបទមវតី ទី២ បាសាក់លែនៅផ្លូវលេខ៣០៨និងទី៣ នៅផ្លូវលេខ១៥៥ជុំវិញផ្សារទួលទំពូងក្នុងខណ្ឌចំការមន៕

អត្ថបទដែលជាប់ទាក់ទង