ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ព្រលានយន្តហោះថ្មី នឹងកើតមានខេត្តរតនគិរីដើម្បីតភ្ជាប់ទេសចរណ៍និងពាណិជ្ជកម្ម

20

រតនគិរី៖ឯកឧត្ដមញ៉ែម សំអឿន អភិបាលនៃគណៈអភិបាលខេត្តរតនគិរី នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៦ បានបង្ហើបពីគម្រោងព្រលានយន្តហោះថ្មីក្នុងខេត្ត ដើម្បីតភ្ជាប់ទេសចរណ៍ និងពាណិជ្ជកម្មក្នុង និងក្រៅស្រុក។ 

ការថ្លែងរបស់ឯកឧត្ដមបានធ្វើឡើងក្នុងកិច្ចសម្ភាសស្ដីពីសក្ដានុពល និងការអភិវឌ្ឍន៍ខេត្តរតនគិរី ដែលសហការរៀបចំជាមួយក្លឹបអ្នកកាសែតកម្ពុជា ដោយមានលោក ពុយ គា ជាអ្នកដឹកនាំ និងសម្របសម្រួលផ្ទាល់។ 

ឯកឧត្ដមអភិបាល បានបញ្ជាក់ថា ព្រលានយន្តហោះថ្មីនេះ មានទីតាំងនៅស្រុកលំផាត់ ខេត្តរតនគិរី ដែលមិនឆ្ងាយប៉ុណ្ណាពីខេត្តស្ទឹងត្រែង និងខេត្តមណ្ឌលគិរី។ គម្រោងនេះ គ្រោងនឹងសាងសង់លើផ្ទៃដីជាង ១,៩០០ហិចតា ដើម្បីតភ្ជាប់ទេសចរណ៍ខេត្តភូមិភាគឦសាន និងការដោះដូរពាណិជ្ជកម្មក្នុង និងក្រៅស្រុកផងដែរ។ 

បន្ថែមពីនេះឯកឧត្ដម មើលឃើញថា ក្រោយបញ្ចប់ព្រលានយន្តហោះនេះ ខេត្តភូមិឦសាន នឹងអាចកើនចំនួនភ្ងៀវទេសចរ និងវិនិយោគិន ដែលកន្លងមកកត្តារយៈចម្ងាយធ្វើឱ្យភ្ងៀវទេសចរ និងអ្នកវិនិយោគ ពុំសូវចាប់អារម្មណ៍នឹងខេត្តនៅតំបន់នេះនោះទេ។ 

គួរជម្រាបថា ខេត្តរតនគិរី ស្ថិតនៅភាគឦសាននៃប្រទេសកម្ពុជា ដែលមានផ្ទៃដីធំទូលាយរហូតដល់ទៅទំហំ ១០,៧៨២គីឡូម៉ែត្រការ៉េ។ រចនាសម្ព័ន្ធរដ្ឋបាលរបស់ខេត្តមានស្រុកចំនួន ៨ ក្រុង ១ គឺក្រុងបានលុង និងបែងចែកជា ៤៦ឃុំ ៤សង្កាត់ និង ២៤៣ភូមិ។

ប្រជាជនមានចំនួនប្រហែល ២៤ម៉ឺននាក់ ដែលក្នុងនោះ ៦០% ជាជនជាតិដើមភាគតិច ដូចជា ទំពួន ភ្នង គួយ កាវែត កាចក់ ជាដើម។ បច្ចុប្បន្ន ស្ថានភាពរស់នៅរបស់ពលរដ្ឋក្នុងខេត្ត មានការប្រែប្រួល និងការអភិវឌ្ឍន៍មិនដូចសម័យមុនឡើយ។

ខេត្តមានព្រំដែនជាប់ប្រទេសវៀតណាមប្រវែង ២២០ គីឡូម៉ែត្រ និងជាប់ប្រទេសឡាវប្រវែង ១៧០ គីឡូម៉ែត្រ។

ឯកឧត្ដមអភិបាលខេត្តដំណាំកសិកម្មជាវិស័យបង្គោលដ៏សំខាន់ ដែលក្នុងនោះស្វាយចន្ទីមានការដាំដុះលើផ្ទៃដី ១០ ម៉ឺនហិកតា និងកៅស៊ូ ៨ ម៉ឺនហិកតា។ ក្រៅពីនេះមាន ស្រូវ (៤ ម៉ឺនហិកតា) កាហ្វេ (៦០០ ហិកតា), កាកាវ (៥០ ហិកតា), ម្រេច (៥០០ហិកតា) និងធុរេន (ជាង ១ ពាន់ហិកតា)។

នៅក្នុងខេត្តមានក្រុមហ៊ុនសម្បទានសេដ្ឋកិច្ចចំនួន ២៧ ក្រុមហ៊ុន (វៀតណាម ១៣, ចិន ៣, ឥណ្ឌា ១ និងក្នុងស្រុក ១០)។ រដ្ឋបាលខេត្ត កំពុងជំរុញឲ្យក្រុមហ៊ុនទាំងនោះពន្លឿនការអភិវឌ្ឍន៍លើដីដែលទទួលបាន៕

អត្ថបទដែលជាប់ទាក់ទង