ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលខណ្ឌឫស្សីកែវ ដឹកនាំកម្លាំងចម្រុះ ចុះពង្រឹងសន្តិសុខ សណ្ដាប់ធ្នាប់ នៅសង្កាត់ទួលសង្កែទី២ និងសង្កាត់ស្វាយប៉ាក

18

ភ្នំពេញ៖ លោក ជិន ប៊ុនធឿន អភិបាល​ខណ្ឌ​ឫស្សីកែវ និង​ជា​ប្រធាន​គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាល​ខណ្ឌ កាលពី​ល្ងាច​ថ្ងៃ​ទី ១៦ ខែ​មីនា ឆ្នាំ ២០២៦ បាន​ដឹកនាំ​កម្លាំង​ចម្រុះ នៃ​គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាល​ខណ្ឌ ចុះ​ធ្វើ​សកម្មភាព​រដ្ឋបាល​តាម​មូលដ្ឋាន ដើម្បី​ត្រួតពិនិត្យ និង​ពង្រឹង​ការងារ​សន្តិសុខ សុវត្ថិភាព និង​សណ្ដាប់ធ្នាប់​សាធារណៈ ក្នុង​សង្កាត់​ទួលសង្កែ​ទី ២ និង​សង្កាត់​ស្វាយប៉ាក ដោយមានការចូលរួមពីលោកវរៈសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឬស្សីកែវផងដែរ ។

នា​ឱកាស​នោះ លោក​អភិបាល​ខណ្ឌ បាន​អញ្ជើញ​ជួប​សំណេះសំណាល និង​សាកសួរ​សុខទុក្ខ​ប្រជាពលរដ្ឋ​ដោយ​ផ្ទាល់ ក្នុង​បរិយាកាស​ស្និទ្ធស្នាល។ លោក​បាន​លើក​ឡើង​អំពី​ការ​ខិតខំ​ប្រឹងប្រែង​របស់​រដ្ឋបាល​ខណ្ឌ​ក្នុង​ការ​អនុវត្ត​វិធានការ​ផ្សេងៗ ពាក់ព័ន្ធ​នឹង​ការ​រក្សា​សន្តិសុខ​សង្គម សុវត្ថិភាព សណ្ដាប់ធ្នាប់​សាធារណៈ ការងារ​អនាម័យ និង​ការ​កែលម្អ​បរិស្ថាន​នៅ​តាម​មូលដ្ឋាន ដែល​កំពុង​អនុវត្ត​យ៉ាង​សស្រាក់សស្រាំ និង​ជា​បន្តបន្ទាប់។

ជាមួយ​គ្នា​នេះ លោក ជិន ប៊ុនធឿន ក៏បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់ សូម​បង្កើន​ការ​យក​ចិត្ត​ទុក​ដាក់ និង​ប្រុងប្រយ័ត្ន​ជានិច្ច​ចំពោះ​ហានិភ័យ​គ្រោះ​អគ្គិភ័យ​ដែល​អាច​កើត​មាន​ឡើង​ដោយ​មិន​បាន​រំពឹង​ទុក។

ក្នុងឱកាសនោះដែរលោក​អភិបាល​ខណ្ឌ ក៏បាន​ជំរុញ​ឲ្យ​ប្រជាពលរដ្ឋ​សហការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន ដោយ​ផ្ដល់​ព័ត៌មាន​ឲ្យ​បាន​ទាន់​ពេលវេលា តាមរយៈ​ក្រុម​តេឡេក្រាម​របស់​រដ្ឋបាល​សង្កាត់​ទាំង ៧ ឬ​ទំនាក់ទំនង​ទៅកាន់​អាជ្ញាធរ និង​ប៉ុស្តិ៍​នគរបាល​ដែល​នៅ​ជិត​បំផុត ដើម្បី​អាច​ចូល​អន្តរាគមន៍​បាន​ឆាប់រហ័ស នៅ​ពេល​មាន​បញ្ហា​អសន្តិសុខ ឬ​គ្រោះ​អគ្គិភ័យ​កើត​ឡើង៕

អត្ថបទដែលជាប់ទាក់ទង