ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បង្ហាញលទ្ធផលបោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam) ជាង២ខែដើមឆ្នាំ២០២៦សមត្ថកិច្ចឃាត់ខ្លួនមនុស្សក្នុងរង្វង់ប្រតិបត្តិការចំនួន៥៧៧១នាក់ ស្មើនឹង២៣សញ្ជាតិ

15

ភ្នំពេញ៖ក្រសួងមហាផ្ទៃ នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៦ បានបង្ហាញលទ្ធផលសង្ខេប នៃប្រតិបត្តិការបោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam) រយៈពេលជាង២ខែ ដើមឆ្នាំ២០២៦នេះ។

លោក ទូច សុខៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានបញ្ជាក់ថា គិតចាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៦ សមត្ថកិច្ចចំណុះក្រសួងមហាផ្ទៃ បានបើកប្រតិបត្តិការបង្ក្រាបចំនួន៩៨កន្លែង នៅភូមិសាស្ដ្រ រាជធានីភ្នំពេញ ចំនួន៦៨កន្លែង, ខេត្តកំពត ចំនួន៨កន្លែង, ខេត្តស្វាយរៀង ចំនួន៧កន្លែង, ខេត្តបាត់ដំបង ចំនួន៤កន្លែង, ខេត្តត្បូងឃ្មុំ ចំនួន២កន្លែង, ខេត្តសៀមរាប ចំនួន២កន្លែង, ខេត្តបន្ទាយមានជ័យ ចំនួន២កន្លែង, ខេត្តព្រះសីហនុ ចំនួន២កន្លែង, ខេត្តមណ្ឌលគិរី ចំនួន១កន្លែង, ខេត្តព្រៃវែង ចំនួន១កន្លែង, ខេត្តកណ្ដាល ចំនួន១កន្លែង, ខេត្តកោះកុង ចំនួន១កន្លែង និងខេត្តកំពង់ស្ពឺ ចំនួន១កន្លែង។

ក្នុងប្រតិបត្តិការបង្ក្រាបទាំង៩៨កន្លែងនេះ សមត្ថកិច្ចបានឃាត់ខ្លួនមនុស្សក្នុងរង្វង់ប្រតិបត្តិការចំនួន៥,៧៧១នាក់ ស្មើនឹង២៣សញ្ជាតិ។ ក្នុងនោះអគ្គស្នងការដ្ឋាននគរបាលជាតិ បានបញ្ជូនទៅអគ្គនាយកដ្ឋានអន្ដោប្រវេសន៍ ចំនួន៤៤០៧នាក់ (ស្មើ១៩សញ្ជាតិ), បានបញ្ជូនទៅកាន់ស្ថាប័នតុលាការ ចំនួន១២៧នាក់ (ស្មើ៦សញ្ជាតិ) និងអនុញ្ញាតឲ្យត្រឡប់ទៅវិញ ចំនួន៣៤២នាក់ (ស្មើ៣សញ្ជាតិ)។ ដោយឡែក កំពុងបន្ដនីតិវិធីនៅតាមស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត ចំនួន៨៩៥នាក់ (ស្មើ១០សញ្ជាតិ)។

អត្ថបទដែលជាប់ទាក់ទង