ឯកឧត្ដម ហ៊ុន សុរិទ្ធី ៖គ្រប់ម្ចាស់ទីតាំងដែលត្រូវជួលឱ្យជនបរទេសស្នាក់នៅត្រូវតែពង្រឹងលើការគ្រប់គ្រង ដើម្បីសន្តិសុខនិងសុវត្ថិភាពសង្គម
ភ្នំពេញ ៖ ឯកឧត្ដម ហ៊ុន សុរិទ្ធី បានលើកឡើងថា៖ ម្ចាស់ទីតាំងជួលនានា«បើព្រងើយកន្តើយ មិនព្រមពង្រឹងលើការគ្រប់គ្រងជនបរទេសដែលមកជួលស្នាក់នៅទេ នឹងទទួលទោសទណ្ឌនិងផាកពិន័យក្នុងកម្រិតមួយយ៉ាងធ្ងន់ធ្ងរ»
ការលើកឡើងរបស់ឯកឧត្ដម ហ៊ុន សុរិទ្ធី អភិបាលរងរាជធានីបានធ្វើឡើងនាព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦ ខណៈឯកឧត្ដមនិងឯកឧត្ដមឆាយ វីរៈ អភិបាលរងតំណាងឯកឧត្ដមឃួង ស្រេង អភិបាលរាជធានីភ្នំពេញអញ្ជើញជាធិបតី ក្នុងពិធីផ្សព្វផ្សាយស្តីពីអនុក្រឹត្យរបស់រាជរដ្ឋាភិបាល ស្តីពី ការគ្រប់គ្រងសន្តិសុខ សុវត្ថិភាព តាមទីតាំងរស់នៅប្រមូលផ្តុំទៅដល់ម្ចាស់ទីតាំង បុរី ខុនដូ អាផាតមិន សណ្ឋាគារ អគារសហកម្មសិទ្ធិ និងលំនៅស្នាក់នៅ ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ នៅសាលារាជធានីភ្នំពេញ។
ឯកឧត្ដម ហ៊ុន សុរិទ្ធី បានថ្លែងថា គ្រប់ម្ចាស់ទីតាំងដែលត្រូវជួលឱ្យជនបរទេសស្នាក់នៅត្រូវតែពង្រឹងលើការគ្រប់គ្រង ដើម្បីសន្តិសុខនិងសុវត្ថិភាពសង្គម ។
ឯកឧត្ដមបន្តថា ការស្នាក់នៅរបស់ជនបរទេសទាំងអស់ត្រូវមានលិខិតស្នាមបញ្ជាក់ឱ្យបានត្រឹមត្រូវ។ចំពោះអ្នកណាម្នាក់ត្រូវជាសាច់ញាតិដែលចង់មកលេងក៏ត្រូវទាមទារលិខិតឱ្យបានច្បាស់លាស់ផងដែរ ។
ឯកឧត្ដមអភិបាលរងបញ្ជាក់ថា ធ្វើយ៉ាងណាត្រូវតែអនុវត្តតាមអនុក្រឹត្យរបស់រាជរដ្ឋាភិបាលឱ្យបានល្អប្រសើរ និងមានប្រសិទ្ធភាពខ្ពស់បំផុត ។
ឯកឧត្ដម ហ៊ុន សុរិទ្ធី បន្ថែមថា ប្រសិនបើមានការធ្វេសប្រហែសលើការគ្រប់គ្រងជនបរទេសបង្កឱ្យមានបញ្ហានឹងត្រូវទទួលទោសទណ្ឌ និងផាកពិន័យក្នុងកម្រិតធ្ងន់ធ្ងរ ព្រោះបើឈានដល់ដំណាក់កាលនេះហើយ មិនមែនត្រូវអប់រំណែនាំទៀតទេ ត្រូវតែប្រឈមនឹងមុខច្បាប់ហើយ ។
ឯកឧត្ដមបានបញ្ជាក់ថា “អ្វីដែលយើងអនុវត្តនេះ មិនមែនសំដៅដាក់គំនាប គាបសង្កត់ទៅលើម្ចាស់ទីតាំង ឬមួយក៏ម្ចាស់អ្វីផ្សេងទេ ។ យើងធ្វើនេះ ក្នុងន័យថា ធ្វើយ៉ាងណាធានាបានថា ទីតាំងរបស់បងប្អូនទាំងអស់គ្នាមិនមានបទល្មើសលួចលាក់នៅក្នុងហ្នឹង”។
ជាមួយគ្នានេះ អភិបាលរងគូសបញ្ជាក់ថា ការឱ្យម្ចាស់ទីតាំងរាយការណ៍អំពីជនបរទេសស្នាក់នេះ ក្នុងគោលបំណងបញ្ចៀសធ្វើយ៉ាងណាកុំឱ្យពួកគាត់ទទួលរងទុក្ខទោស និងផាកពិន័យ។
សូមបញ្ជាក់ថា យោងតាមមាត្រា១៩ នៃអនុក្រឹត្យស្តីពីការគ្រប់គ្រងសន្តិសុខសុវត្ថិភាព តាមទីតាំងរស់នៅប្រមូលផ្តុំ បានឱ្យដឹងថា ម្ចាស់ទីតាំងរស់នៅប្រមូលផ្តុំ ឬអ្នកគ្រប់គ្រងទីតាំងរស់នៅប្រមូលផ្តុំដែលធ្វេសប្រហែសខកខានមិនបំពេញកាតព្វកិច្ច រាយការណ៍អំពីការស្នាក់របស់ជនបរទេសទេ នឹងត្រូវផាកពិន័យចំនួន៤លានរៀល ដោយមិនទាន់គិតដល់ព្យសនកម្មដែលកើតឡើងពីការធ្វេសប្រហែស។ សម្រាប់មាត្រា២០ ម្ចាស់ទីតាំងរស់នៅប្រមូលផ្តុំ ឬអ្នកគ្រប់គ្រងទីតាំងរស់នៅប្រមូលផ្តុំដែលមានចេតនាលាក់បាំង និងអនុញ្ញាតឱ្យជនបរទេសដែលចូលមកកម្ពុជាដោយខុសច្បាប់ស្នាក់នៅក្នុងទីតាំងស្ថិតនៅក្រោមការទទួលខុសត្រូវរបស់ខ្លួន ត្រូវផាកពិន័យជាប្រាក់៤លានរៀល សម្រាប់ជនបរទេសម្នាក់ ដោយមិនទាន់គិតដល់ទោសព្រហ្មទណ្ឌ៕
