ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អធិការខណ្ឌប្ញស្សីកែវ បញ្ជាទៅមន្ត្រីស៊ើបរកអត្តសញ្ញណាអ្នករត់ម៉ូតូកង់បី បានបោកយកបន្លែពីលោកយាយអាយុជាង៧០ឆ្នាំម្នាក់ 

186

ភ្នំពេញ ៖ នៅរសៀលថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៦ លោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឫស្សីកែវ សំណេះសំណាលជាមួយលោកយាយ ហួន យឹម និងជូនថវិកា អង្ករ ភេសជ្ជៈ និងមានសប្បុរសជនចូលរួមឧបត្ថម្ភ ជូនដល់លោកយាយផងដែរ។

សមត្ថកិច្ចបញ្ជាក់ថា លោកយាយ ត្រូវបានជនមិនស្គាល់អត្តសញ្ញាណម្នាក់ ជាអ្នករត់ម៉ូតូកង់បី ប្រើកលល្បិច លួចយកបន្លែ ផ្លែឈើ និងសម្ភារៈលក់ដូររបស់លោកយាយ កាលពីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៦ ក្នុងសង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

បច្ចុប្បន្ន លោកយាយ មានអាយុ ៧៤ឆ្នាំ រស់នៅក្នុងសង្កាត់ច្រាំងចំរេះទី២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ លោកយាយខិតខំប្រឹងប្រែងលក់ដូររកប្រាក់ចិញ្ចឹមជីវិតដោយខ្លួនឯង ដោយទិញបន្លែផ្លែឈើ ពីផ្សារច្រាំងចំរេះ (គីឡូម៉ែត្រលេខ៧) យកទៅលក់នៅផ្សារអូឡាំពិក។

ក្រោយទទួលបានព័ត៌មានខាងលើលោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឫស្សីកែវ បានបញ្ជាដឹកនាំកម្លាំងជំនាញ បន្តចុះស្រាវជ្រាវស្វែងរកអ្នករត់ម៉ូតូកង់បីខាងលើ ដើម្បីសួរនាំបំភ្លឺ ចាត់ការតាមនីតិវិធីច្បាប់

មុនពេលកើតហេតុនៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៦ វេលាម៉ោងប្រហែល ០៦:៣០នាទីព្រឹក បន្ទាប់ពីលោកយាយ បានទិញបន្លែផ្លែឈើពីផ្សារច្រាំងចំរេះរួច ក៏បានមកឈររង់ចាំរថយន្តក្រុងសាធារណៈ នៅចំណតមុខសាលាបឋមសិក្សាច្រាំងចំរេះ ផ្លូវជាតិលេខ៥ ក្នុងសង្កាត់ច្រាំងចំរេះទី២ ខណ្ឌឫស្សីកែវ ខណៈពេលកំពុងរង់ចាំ ស្រាប់តែមានអ្នករត់ម៉ូតូកង់បីម្នាក់ បានបើកបរម៉ូតូកង់បីកាត់មុខលោកយាយ និងបានបត់ត្រឡប់ក្រោយ មកសួរនាំលោកយាយ រួចក៏បានដឹកលោកយាយ និងបន្លែផ្លែឈើ ដើម្បីយកទៅលក់នៅផ្សារអូឡាំពិក លុះមកចំណុចផ្លូវបេតុង (អតីតផ្លូវរថភ្លើង) ក្បែរស្ថានីយ៍ប្រេងតេលាខ្មែរ កែងផ្លូវ២០០R ក្នុងសង្កាត់គីឡូម៉ែត្រលេខ៦ អ្នករត់ម៉ូតូកង់បី បានប្រាប់លោកយាយថា ម៉ូតូកង់បីអស់ហ្គាស និងឱ្យលោកយាយចុះពីលើម៉ូតូកង់បីសិន ព្រោះធ្ងន់ជិះទៅមុខមិនរួច ដោយទុកបន្លែ ផ្លែឈើ និងសម្ភារៈលក់ដូរនៅលើម៉ូតូកង់បី ហើយអ្នករត់ម៉ូតូកង់ បីក៏បានបើកបរចេញទៅបាត់ មិនឃើញត្រឡប់មកវិញ៕

អត្ថបទដែលជាប់ទាក់ទង