លោក To Lam ជាប់ឆ្នោតជ្រើសតាំងជាប្រធានរដ្ឋវៀតណាម, សម្តេចតេជោហ៊ុនសែនផ្ញើសារអបអរសាទរ
ភ្នំពេញ៖សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃកម្ពុជា នៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៦នេះ បានផ្ញើសារអបអរសាទរជូន លោក To Lam អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនីស្តវៀតណាម ដែលទើបត្រូវបានបោះឆ្នោតជ្រើសរើសជាប្រធានរដ្ឋ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម។
សារលិខិតរបស់សម្តេចតេជោ ហ៊ុន សែន មានខ្លឹមសារទាំងស្រុងដូច្នេះថា៖ «ក្នុងនាមព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងក្នុងនាមរូបខ្ញុំផ្ទាល់ ខ្ញុំសូមសម្តែងនូវការអបអរសាទរ ដោយស្មោះអស់ពីដួងចិត្តចំពោះ ឯកឧត្តម ដែលត្រូវបានបោះឆ្នោតជ្រើសរើសជាប្រធានរដ្ឋ នៃសាធារណរដ្ឋសង្គមនិយមវៀតណាមក្នុងសម័យប្រជុំពេញអង្គលើកទី១ នៃរដ្ឋសភានីតិកាលទី១៦។
ការបោះឆ្នោតជ្រើសរើស ឯកឧត្តម ឱ្យកាន់តំណែងខ្ពស់បំផុតនេះ ឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីភាពជាអ្នក ដឹកនាំដ៏ល្អពិសេស និងការប្តេជ្ញាចិត្តដ៏មុតមាំរបស់ ឯកឧត្តម ចំពោះការអភិវឌ្ឍយ៉ាងឆាប់រហ័ស និង វិបុលភាពកាន់តែធំធេងនៃប្រទេសរបស់ ឯកឧត្តម។
ខ្ញុំមានសេចក្តីពេញចិត្តយ៉ាងខ្លាំង ចំពោះការពិតដែលថាទំនាក់ទំនងដ៏យូរអង្វែងរវាងប្រទេស យើងទាំងពីរត្រូវបានកសាងឡើងលើគ្រឹះដ៏រឹងមាំនៃសាមគ្គីភាព ការជឿជាក់ ការយោគយល់គ្នាទៅវិញទៅមក កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែង។ ខ្ញុំជឿជាក់ថាក្រោមការដឹកនាំរបស់ ឯកឧត្តមទំនាក់ទំនងទ្វេភាគីរបស់យើង នឹងត្រូវពង្រឹងនិងអភិវឌ្ឍឈានដល់កម្រិតកាន់តែខ្ពស់។
ខ្ញុំសូមបញ្ជាក់ជា ថ្មីនូវការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់ខ្ញុំ ក្នុងការបន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយ ឯកឧត្តម ដើម្បីធ្វើឱ្យស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការទ្វេភាគីរបស់យើង ទាំងក្នុងកម្រិតទ្វេភាគី និងពហុភាគី ដើម្បីឧត្តមប្រយោជន៍របស់ប្រជាជនយើងទាំងពីរ និងដើម្បីបុព្វហេតុសន្តិភាព ស្ថិរភាព និង វិបុលភាពនៅក្នុងតំបន់ និងពិភពលោក។
សូម ឯកឧត្តម ទទួលនូវការគោរពរាប់អានដ៏ជ្រាលជ្រៅបំផុតពីខ្ញុំ និងសូមជូនពរ ឯកឧត្តម សូមមានសុខភាពល្អ សុភមង្គល និងទទួលបានជោគជ័យក្នុងរាល់កិច្ចខិតខំប្រឹងប្រែងរបស់ ឯកឧត្តម»៕
