ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

មមាញឹកតុបតែងលម្អរសោភ័ណភាពនៅតាមទីកន្លែងសំខាន់មួយចំនួនពិសេសនៅរមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រវត្តភ្នំក្នុងព្រឹត្តិការណ៍ “នគរសង្ក្រាន្ត” អបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ឆ្នាំមមី 

160

ភ្នំពេញ៖គិតមកដល់ថ្ងៃទី៨មេសានេះក្រោមការណែនាំពីឯកឧត្ដមឃួង ស្រេង អភិបាលរាជធានីភ្នំពេញ អង្គភាពជំនាញនានា និងមន្ទីរពាក់ព័ន្ធរបស់រដ្ឋបាលរាជធានីភ្នំពេញកំពុងតែមមាញឹកញាប់ដៃញាប់ជើងសំរុករៀបចំតុបតែងលម្អរសោភ័ណភាពនៅតាមទីកន្លែងសំខាន់មួយចំនួនដូចជាសួនច្បារសាធារណៈ  ជាពិសេសនៅរមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រវត្តភ្នំ និងតាមដងមហាវិថីនានា នៅក្នុងរាជធានីភ្នំពេញដើម្បីត្រៀមរៀបចំព្រឹត្តិការណ៍ “នគរសង្ក្រាន្ត” អបអរសាទរក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ គ.ស.២០២៦ កាន់តែខិតជិតមកដល់ហើយនោះ។

ចំណែកខាងជំនាញរបស់សហភាព សហព័ន្ធយុវជនកម្ពុជាក៏កំពុងរៀបចំតុបតែងលម្អរពិសេសភូមិវប្បធម៌ក៏ដូចទីតាំងផ្សេងៗទៀតដែរ។

នៅទីតាំងរមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រវត្តភ្នំការកសាងរូបសំណាកសេះព័ណមាសដ៏អង់អាច អមដោយ រូបសំណាកចាប៉ីដងវែងដ៏ធំមួយក៏រួចរាល់ ជាមួយការតុបតែងលម្អយ៉ាងស្រស់ស្អាត មានរូបសំណាកទូករាជហង្ស ទូក រទេះសាលី រូបសំណាកមង្កុដយក្ស រូបសំណាក ជាច្រើនទៀតនៅរមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រវត្តភ្នំ កំពុងលេចរូបរាងជាបណ្តើរៗហើយ ដើម្បីត្រៀមទទួលស្វាគមន៍ភ្ញៀវជាតិនិងអន្តរជាតិនាឱកាសឆ្នាំថ្មីនេះ។

  មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញបានឱ្យដឹងថា៖រូបសំណាកសេះព័ណមាសដ៏ធំអង់អាច ក្លាហានតំណាង ឱ្យ ឆ្នាំ មមី ធ្វើ ពី ឬស្សី មានកម្ពស់ ៣,៨៩ម៉ែត្រ រចនា ក្រោម ថ្វី ដៃ ជាង ដ៏ចំណាន ត្រូវ បាន ក្រុមការងារ របស់ រដ្ឋបាល រាជធានីភ្នំពេញ ដំឡើង រួច រាល់ នៅលេី បល្ល័ង្ក កម្ពស់ ៣ម៉ែត្រ ទទឹង ៣ម៉ែត្រ ខាងមុខ នាឡិកា ធំ នៃ រមណីយដ្ឋានវប្បធម៌ ប្រវត្តិសាស្ត្រ វត្ត ភ្នំ រង់ចាំ ទទួល ស្វាគមន៍ ពុកម៉ែ មីង អុំ បងប្អូន មកទស្សនា ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី នេះ។

  គួរបញ្ជាក់ថា តាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ ព្រឹត្តិការណ៍ “នគរសង្ក្រាន្ត” នៅរាជធានីភ្នំពេញ នឹងធ្វើឡើង ក្នុងរយៈពេល ៦ថ្ងៃ ដោយចាប់ពីថ្ងៃទី១៤ ខែមេសា ដល់ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៦។ ដើម្បីចូលរួម អបអរសាទរក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ គ.ស.២០២៦ និងចូលរួម ថែរក្សាការពារទំនៀមទម្លាប់ប្រពៃណី វប្បធម៌ដ៏ល្អផូរផង់របស់ជាតិ ទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ ជាពិសេស បង្ហាញពីការដឹងគុណយ៉ាងជ្រាលជ្រៅ និងផ្សារភ្ជាប់ពិធីបុណ្យចូលឆ្នាំជាមួយវីរកងកម្លាំងជួរមុខ និងបងប្អូនភៀសសឹក ក្រោមស្មារតីការរួបរួមសាមគ្គីនៃមហាគ្រួសារខ្មែរតែមួយ រដ្ឋបាលរាជធានីភ្នំពេញ បានសហការជាមួយសហភាព សហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) រៀបចំព្រឹត្តិការណ៍ “នគរសង្ក្រាន្ត” រយៈពេល ៦ថ្ងៃ ចាប់ពីថ្ងៃទី១៤ ខែមេសា ដល់ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៦ នៅរមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រវត្តភ្នំ តំបន់ជុំវិញវត្តភ្នំ បរិវេណសួនច្បារវឌ្ឍនៈ សួនច្បារ អតីតទីលានប្រជាធិបតេយ្យ ស្ពាននាគភ្លោះរមណីយដ្ឋានវត្តភ្នំ រហូតដល់ផ្សាររាត្រី ផ្លូវថ្មើរជើងចតុមុខរាជធានីភ្នំពេញ (Walk Street) និងកម្មវិធីអមមាននៅបរិវេណបាសាក់លែនផ្លូវ៣០៨ (Bassac Lane) និងបរិវេណផ្សារទួលទំពូងផ្លូវ១៥៥។ 

ព្រឹត្តិការណ៍ “នគរសង្ក្រាន្ត” មានការរៀបចំកម្មវិធីប្រពៃណីសាសនា និងកម្មវិធីមួយចំនួន ដូចជា ពិធីទទួលទេវតាឆ្នាំថ្មី ដង្ហែក្បួននគរសង្ក្រាន្ត ដង្ហែព្រះពុទ្ធរូប ពូនភ្នំខ្សាច់ ស្រង់ព្រះ សម្តែងទស្សនីយភាពសិល្បៈវប្បធម៌ជាច្រើនទម្រង់ លេងល្បែងប្រជាប្រិយជាតិ និងការតាំងពិព័រណ៍ផលិតផលក្នុងស្រុក។ ជាមួយគ្នានេះ រដ្ឋបាលរាជធានីភ្នំពេញ នឹង បើកដំណើរការផ្លូវថ្មើរជើងចតុមុខរាជធានីភ្នំពេញ (Walk Street) រយៈពេល ៦ថ្ងៃ ចាប់ពីថ្ងៃទី១៤ ខែមេសា ដល់ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៦ ផងដែរ។

  ជាមួយគ្នានេះ រដ្ឋបាលរាជធានីភ្នំពេញ បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋពីគ្រប់មជ្ឈដ្ឋាន សូមអញ្ជើញ មកចូលរួមទស្សនាកម្សាន្តក្នុងព្រឹត្តិការណ៍ “នគរសង្ក្រាន្ត” នៅតាមទីតាំងខាងលើ ឱ្យបានច្រើនកុះករ ក្រោមម្លប់សន្តិភាព ដ៏ត្រជាក់ត្រជំ និងក្រោមស្មារតីសាមគ្គីភាព ឯកភាព និងភាពធន់៕

អត្ថបទដែលជាប់ទាក់ទង