ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឃាត់ខ្លួនជនបរទេសជាង៣០០នាក់ពាក់ព័ន្ធបទល្មើស Online Scame នៅទីតាំងអគារ Wyndham Grand Phnompenh Capital ក្នុងខណ្ឌដូនពេញ

144

ភ្នំពេញកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៦ បានចុះបង្ក្រាបទីតាំងសង្ស័យប្រព្រឹត្តអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ទីតាំងសណ្ឋាគារ Wyndham Grand Phnompenh Capital ទីតាំងផ្លូវព្រះមុន្នីវង្ស ភូមិ៨ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ប្រតិបត្តិការនេះ ដឹកនាំបញ្ជាដោយឯកឧត្ដមឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ក្រោមការសម្របសម្រួលពីលោក សេង ហៀង ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។

កម្លាំងប្រតិបត្តិការដឹកនាំដោយ ឯកឧត្ដមហ៊ុន សុរិទ្ធី, ឯកឧត្ដម សុខ ពេញវុធ និងឯកឧត្ដម ហួត ហៃ អភិបាលរងរាជធានីភ្នំពេញ, ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ ប៊ុន សុសិក្ខា, ឧត្តមសេនីយ៍ទោ ស ថេន។ 

ក្នុងកិច្ចប្រតិបត្តិការខាងលើ សមត្ថកិច្ចរកឃើញ មនុស្សសរុប៣១១នាក់ មាន៥សញ្ជាតិ ដូចជា ចិន២៥៤នាក់ (ស្រី១៨) ក្នុងនោះ តៃវ៉ាន់ ១៨២នាក់ (ស្រី១៤), ម៉ាឡេស៊ី៣០នាក់ (ស្រី៣នាក់), វៀតណាម២៣នាក់ (ស្រី៩នាក់) និងឥណ្ឌា២នាក់ (ស្រី១នាក់)។ សម្ភារបច្ចេកទេស ទូរស័ព្ទដៃ៦១៥គ្រឿង, Laptop ១៤០គ្រឿង, All in One ៣១គ្រឿង, Monitor ៦គ្រឿង និងCPU ៣គ្រឿង។

ជនសង្ស័យប្រើទីតាំងក្នុងប្រទេសកម្ពុជា ប្រព្រឹត្តបទល្មើសអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ដូចជា៖ 

-អូសទាញឲ្យវិនិយោគ (Investment Scams) 
*ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ក្រោមរូបភាពវិនិយោគប្រើប្រាស់ក្រុមហ៊ុនឈ្មោះ Nanhua Singapore ដែលមានគោលដៅអតិថិជនទៅប្រទេសម៉ាឡេស៊ី
-ឆបោកលួងលោមទាក់ទងនឹងការល្បួងឲ្យវិនិយោគលើរូបិយប័ណ្ណឌីជីថល (Crypto)
-ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ក្រោមក្លែងបន្លំជាមន្រ្តីរដ្ឋាភិបាលមានគោលដៅទៅតៃវ៉ាន់
-ប្រើប្រាស់គ្រឿងញៀន។

បច្ចុប្បន្នសមត្ថកិច្ចកំពុងកសាងសំណុំរឿងចាត់ការបន្ដតាមនីតិវិធី៕

អត្ថបទដែលជាប់ទាក់ទង