ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រជាពលរដ្ឋនិងកម្មករកម្មការនីជិត១២ម៉ឺននាក់ ជិះរថយន្តក្រុង​សាធារណៈ ​របស់​រដ្ឋបាល​រាជធានីភ្នំពេញ​ ​​ដោយ​ឥតគិតថ្លៃ ទៅមកស្រុកកំណើតក្នុងឱកាសបុណ្យចូលឆ្នាំថ្មីឆ្នាំមមី

159

ភ្នំពេញ៖​ ក្នុង​រយៈពេល៦ថ្ងៃ ប្រជាពលរដ្ឋ​ និងកម្មករកម្មការនីជិត១២ម៉ឺននាក់ បានទទួលសេវា រថយន្តក្រុងសាធារណ:របស់ រដ្ឋបាលរាជធានីភ្នំពេញ ដោយឥតគិតថ្លៃ ទៅលេង​ស្រុកកំណើតក្នុងឱកាសបុណ្យចូលឆ្នាំថ្មីឆ្នាំមមី​ ២០២៦។

លោកស្រី ដោ សម្ផស្ស នាយករង​និងជាអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៦នេះ បានឱ្យដឹងថាក្នុងរយៈពេល៦ថ្ងៃ ពីថ្ងៃទី ១២-១៧ ខែមេសា មានប្រជាពលរដ្ឋជិត១២ម៉ឺននាក់ បានទទួលសេវា ដឹកជញ្ជួនរថយន្តក្រុងសាធារណៈ របស់រដ្ឋបាលរាជធានីភ្នំពេញ ដោយឥតគិតថ្លៃ ។

ក្នុងឱកាសអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ គ.ស.២០២៦នេះ ក្រោយពីមានការណែនាំ ពីសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី រដ្ឋ បាលរាជធានីភ្នំពេញ បានប្រកាសបញ្ចេញរថយន្តក្រុង ចំនួន ៦០០គ្រឿង សម្រាប់បម្រើសេវាដឹកជញ្ជូនប្រជាពលរដ្ឋ កម្មករ-កម្មការិនី ដោយមិនបង់ប្រាក់រយៈពេល ៦ថ្ងៃ ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៦ ពោលគឺដឹកជញ្ជូន ទៅលេងស្រុកកំណើត និងវិលត្រឡប់មករាជធានីភ្នំពេញ ដោយភាពសប្បាយរីករាយ ជាមួយការធ្វើដំណើរ ប្រកបដោយផាសុខភាព និងសុវត្ថិភាព។

ក្នុងនោះ លោកស្រី ដោ សម្ផស្ស បានបញ្ជាក់ថា ពីថ្ងៃទី ១២-១៧ ខែមេសា មានប្រជាពលរដ្ឋចំនួន ១១៩.៤៩០នាក់ បានទទួលសេវា ដឹកជញ្ជួន ដោយឥតគិតថ្លៃ របស់ រដ្ឋាករ ស្វយ័តដឹកជញ្ជួន សាធារណៈរថយន្តក្រុង របស់រដ្ឋបាល រាជធានីភ្នំពេញ។ បើធៀប នឹង​រយៈពេល​ដូច​គ្នា​ក្នុង​ឆ្នាំ ២០២៥ មានចំនួន ៨៥.៨៤៩នាក់ គឺមានការកើនឡើនចំនួន ៣៣.៦៤១នាក់ ស្មើនឹង ៣៩% ។

បន្ថែមលើនេះ លោកស្រី អ្នកនាំពាក្យបានគូសបញ្ជាក់បន្ថែម​ថា​ស្របពេលដែលចំនួនពលរដ្ឋកើនឡើងនេះ រដ្ឋបាលរាជធានីភ្នំពេញ ក៏បានបន្ថែមចំនួនរថយន្តក្រុងលើសផែនការគ្រោងទុកចំនួនដល់ទៅ​ ៩៤៥គ្រឿង ខណៈតាមផែនការ របស់រដ្ឋបាលរាជធានីភ្នំពេញ ត្រឹមតែ៦០០គ្រឿង​ ប៉ុណ្ណោះ​។ 

ឆ្លៀតក្នុងឱកាសនេះ លោកស្រី ដោ សម្ផស្ស ក្នុងនាមរដ្ឋបាលរាជធានីភ្នំពេញ បានគោរពថ្លែងអំណរគុណយ៉ាង​ជ្រាលជ្រៅ​គោរព​ជូនសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ដែលបានឱ្យរដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំផ្តល់ជូនប្រជាពលរដ្ឋ និងកម្មករ-កម្មការិនី នូវការធ្វើដំណើរប្រកបដោយផាសុខភាព សុវត្ថិភាព ជាពិសេសទៅលេងស្រុកកំណើត និងត្រឡប់មករាជធានីភ្នំពេញវិញ ដោយឥតគិតថ្លៃផងដែរ ។

ជាមួយគ្នានេះ លោកស្រី ដោ សម្ផស្ស ក៏បានសូមការអធ្យាស្រ័យ និងអភ័យទោស ចំពោះបងប្អូនប្រជាពលរដ្ឋ ដែលនៅថ្ងៃទី១២មេសា ជាថ្ងៃដំបូងនៃការចេញដំណើរ មានការយឺតយ៉ាវដោយសារចំនួន ប្រជាពលរដ្ឋមកទទួលសេវាមានច្រើន លើសការរំពឹងទុក ដូចនេះ មានប្រជាពលរដ្ឋ​មួយចំនួន​ត្រូវ​រង់ចាំ​ ដោយសារតម្រូវឱ្យមានការបន្ថែមរថយន្តក្រុងភ្លាមៗ​ ដើម្បីដោះស្រាយនូវបញ្ហាចំពោះមុខនេះ ។​ លោកស្រីបានបន្ត​ទៀត​ថា៖​ ទោះតិចឬច្រើន កត្តានេះ អាចបណ្តាមកពី​វិបត្តិ​តម្លៃប្រេង ដែលអាចប៉ះពាល់ដល់ថ្លៃសំបុត្រ រថយន្តក្រុងឯកជន​ ឬរថយន្តឈ្នួល​ ដែលធ្វើឱ្យប្រជាពលរដ្ឋងាកមកប្រើប្រាស់ រថយន្តក្រុងសាធារណៈ របស់រដ្ឋបាលរាជធានីភ្នំពេញ ដោយឥតគិតថ្លៃវិញ ។

ទោះជាយ៉ាងណាក៏ដោយ រដ្ឋបាលរាជធានីភ្នំពេញ មានក្តីសប្បាយរីករាយ ដោយបានរួមចំណែក ចូលរួមសម្រាកបន្ទុក របស់បងប្អូនប្រជាពលរដ្ឋ ក្នុង​ពេលដែលសេដ្ឋកិច្ច កំពុងមានភាពមិនច្បាស់លាស់ ខណៈនេះជាកិច្ចការមួយ ដែលឯកឧត្តម ឃួង ស្រេង យកចិត្តទុកដាក់ និងតែងតែលើកទឹកចិត្ត ឱ្យពលរដ្ឋនៅរាជធានីភ្នំពេញ ងាកមកប្រើប្រាស់រថយន្តក្រុងសាធារណៈ ដែលកំពុងបម្រើសេវារៀងរាល់ថ្ងៃ ។

គួរឱ្យដឹងដែរថា ក្នុងឱកាសអញ្ជើញជូនដំណើរបងប្អូនប្រជាពលរដ្ឋ កម្មករកម្មការិនីឡើងជិះរថយន្តក្រុងទៅលេងស្រុកកំណើត ដោយមិនគិតថ្លៃ នាព្រឹកព្រលឹមថ្ងៃទី១២ មេសា នៅទីលានប្រជាធិបតេយ្យ មុខឃ្លាំងសាំង ក្នុងខណ្ឌឬស្សីកែវ ឯកឧត្ដម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានមានប្រសាសន៍ថា បងប្អូនប្រជាពលរដ្ឋ កម្មករ-កម្មការិនី បានជិះរថយន្តក្រុង ដោយមិនគិតថ្លៃ មានចំនួនច្រើនខ្លាំងជាងបណ្តាឆ្នាំមុនៗ ព្រោះពួកគាត់មានជំនឿជឿជាក់ លើរាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងម្យ៉ាងទៀតដោយសារតម្លៃប្រេងឥន្ទនៈឡើងថ្លៃខ្ពស់ផងដែរ៕

អត្ថបទដែលជាប់ទាក់ទង