សម្តេចធិបតីនាយករដ្ឋមន្ត្រី ទទួលជួបពិភាក្សាការងារជាមួយរដ្ឋមន្រ្តីការបរទេស និងរដ្ឋមន្ត្រីការពារជាតិចិន នៅវិមានសន្តិភាព
ភ្នំពេញ៖នៅរសៀលថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម វ៉ាង យី (Wang Yi) រដ្ឋមន្ត្រីការបរទេស និងឯកឧត្តម តុង ជុន (Dong Jun) រដ្ឋមន្ត្រីការពារជាតិ នៃសាធារណរដ្ឋប្រជាមានិតចិន នៅវិមានសន្តិភាព រាជធានីភ្នំពេញ ក្នុងឱកាសដែលឯកឧត្តមទាំងពីរអញ្ជើញមកកម្ពុជាដើម្បីចូលរួមកិច្ចប្រជុំលើកទី១ នៃកិច្ចសន្ទនាយុទ្ធសាស្ត្រ “២+២” រវាងរដ្ឋមន្ត្រីការបរទេស និងរដ្ឋមន្ត្រីការពារជាតិកម្ពុជា និងចិន។
សូមបញ្ជាក់ថា៖ឯកឧត្ដមវ៉ាង យី និងឯកឧត្ដម តុង ជុន បានមកដល់កម្ពុជា នៅរសៀលថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦នេះ។ វត្តមានរដ្ឋមន្ត្រីចិនទាំងពីរ គឺដើម្បីចូលរួម កិច្ចប្រជុំលើកទី១ នៃយន្តការកិច្ចសន្ទនាយុទ្ធសាស្ត្រ «២+២» រវាងរដ្ឋមន្ត្រីការបរទេស និងរដ្ឋមន្ត្រីការពារជាតិកម្ពុជា-ចិន ដែលប្រារព្ធឡើងនៅទីស្ដីការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា។
កម្ពុជាជាប្រទេសទី២ បន្ទាប់ពីឥណ្ឌូនេស៊ី ដែលចិនសម្រេចរៀបចំកិច្ចសន្ទនាដ៏មានសារសំខាន់នេះឡើង ដែលកិច្ចសន្ទនានេះ នឹងជំរុញទំនាក់ទំនងយុទ្ធសាស្ត្រកម្រិតខ្ពស់ ធ្វើឱ្យស៊ីជម្រៅនូវទំនុកចិត្តផ្នែកនយោបាយ និងសន្តិសុខ និងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ។
កិច្ចសន្ទនាយុទ្ធសាស្ត្រ «២+២»ធ្វើឡើងទៅតាមគោលការណ៍ឯកភាពគ្នា រវាងថ្នាក់ដឹកនាំកំពូលកម្ពុជា-ចិន ក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ ឯកឧត្ដមប្រធានាធិបតី ស៊ី ជិនពីង មកកាន់កម្ពុជា កាលពីខែមេសា ឆ្នាំ២០២៥។
ក្នុងអំឡុងពេលស្នាក់នៅរាជធានីភ្នំពេញ ឥស្សរជនជាន់ខ្ពស់ទាំងពីររូប ក៏នឹងចូលជួបសម្តែងការគួរសមដាច់ដោយឡែកពីគ្នាចំពោះ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី និងជាប្រធានព្រឹទ្ធសភា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ផងដែរ។
បន្ទាប់ពីកិច្ចសន្ទនា «២+២» ឯកឧត្ដម វ៉ាង យី ក៏នឹងបន្តបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦។ លោក នឹងមានជំនួបពិភាក្សាស៊ីជម្រៅជាមួយ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ស្តីពីការជំរុញការអនុវត្តក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការនានា ដែលមានស្រាប់ និងការរួមចំណែកដល់សន្តិភាព សន្តិសុខ ស្ថិរភាព និងការអភិវឌ្ឍក្នុង និងក្រៅតំបន់៕
Receiving a courtesy call and having a discussion with His Excellency WANG Yi, Minister of Foreign Affairs, and His Excellency DONG Jun, Minister of National Defense of the People’s Republic of China, at Peace Palace.
Phnom Penh, Wednesday afternoon, 22 April 2026
AKP ភ្នំពេញ Connect with AKP:និងផេកសម្ដេចធិបតី
