ព្រឹកថ្ងៃនេះសម្តេចតេជោោអញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សានិងថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្តត្បូងឃ្មុំ
ត្បូងឃ្មុំ៖នៅព្រឹកថ្ងៃអាទិត្យ ទី២៦ ខែមេសា ឆ្នាំ២០២៦នេះ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ អញ្ជើញជួបសំណេះ សំណាល ជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរ អង្គភាព នានា ជុំវិញខេត្តត្បូងឃ្មុំ។
ពិធីសំណេះសំណាលនេះ មានការអញ្ជើញចូលរួមពីសមាជិកព្រឹទ្ធសភា រដ្ឋសភា ប្រធាន អនុប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តត្បូងឃ្មុំ សមាជិកក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ ព្រមទាំងថ្នាក់ដឹកនាំមន្ទីរ អង្គភាពនានាជុំវិញខេត្តត្បូងឃ្មុំសរុបជិត ៩០០នាក់។
កម្មវិធីជួបសំណេះសំណាលនេះ គឺជាវេលាដ៏មានសារៈសំខាន់មួយសម្រាប់សម្តេចតេជោ ហ៊ុន សែន ក្នុងការក្រើនរំលឹក និងជំរុញដល់មន្ត្រីនៅមូលដ្ឋានឱ្យបង្កើនការយកចិត្ត ទុក ដាក់ ទៅលើកិច្ចការជាដែនសមត្ថកិច្ចរបស់ខ្លួន ជាពិសេសការផ្តល់សេវាទាំងឡាយជូន ដល់ ប្រជាពលរដ្ឋ ក៏ដូចជាការដោះស្រាយបញ្ហាទាំងឡាយដែលជាក្តីកង្វល់ របស់ ប្រជា ពលរដ្ឋ។
ខេត្តត្បូងឃ្មុំ ត្រូវបានរាជរដ្ឋាភិបាលសម្រេចបង្កើតជាខេត្តថ្មី ដែលស្ថិតនៅភូមិភាគបូព៌ា នៃព្រះរាជាណាចក្រកម្ពុជា ដោយបំបែកចេញពីខេត្តកំពង់ចាម តាមព្រះរាជក្រឹត្យលេខ នស/រកត/ ១២១៣/១៤៤៥ ចុះថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៣ ត្រូវបានប្រកាសនៅថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០១៤។ ខេត្តនេះ មានចម្ងាយ ១៦៩គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ តាមផ្លូវ ជាតិ លេខ៧ និងចម្ងាយ ១៧២គីឡូម៉ែត្រ តាមផ្លូវជាតិលេខ៨។
ខេត្តត្បូងឃ្មុំ មានផ្ទៃដីសរុប ៥.២៥០,៥១គីឡូម៉ែត្រក្រឡា មាន ១ក្រុង ៦ស្រុក ៦៤ឃុំ សង្កាត់ មាន ៨៧៥ភូមិ មានប្រជាជនសរុបប្រមាណ ៨៧០.០៨៧នាក់ ក្នុងនោះស្រី ៤៣៩.៩៧២នាក់ ស្មើនឹង ២០៦.២៤៧គ្រួសារ និងមានដង់ស៊ីតេប្រជាជន ១៦៦នាក់ /គីឡូម៉ែត្រក្រឡា។
ខេត្តត្បូងឃ្មុំ មានព្រំប្រទល់ខាងជើងជាប់ខេត្តក្រចេះ ខាងត្បូងជាប់ខេត្តព្រៃវែង ខាង លិច ជាប់ខេត្តកំពង់ចាម ខាងកើតជាប់ប្រទេសវៀតណាម ជាប់ខេត្តចំនួន២ គឺខេត្តតៃនិញ និង ខេត្តដុងណាយ ជាប់ខេត្តត្បូងឃ្មុំ ចំនួន ២ស្រុក គឺស្រុកពញាក្រែក និងស្រុកមេមត់។
ខេត្តមានច្រកទ្វារព្រំដែនចំនួន ៧ច្រក គឺច្រកទ្វារ ព្រំដែនអន្តរជាតិ ១ច្រក ច្រកទ្វារ ព្រំដែន ទ្វេភាគី ០២ច្រក និងច្រកទ្វារតំបន់ព្រំដែនចំនួន ៤ច្រក។
