សម្ដេចមហាបវរធិបតី៖ទ័ពបម្រុងក្រោយអនុវត្តកាតព្វកិច្ចយោធាគឺដូចជាទាហានអាជីពខុសគ្នាត្រង់ប្រាក់បៀវត្ស៍និងប្រាក់ឧបត្ថម្ភ
ភ្នំពេញ៖សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានថ្លែងបញ្ជាក់ថា ទ័ពបម្រុងក្រោយអនុវត្តកាតព្វកិច្ចយោធា គឺដូចជាទាហានអាជីពដែរ ខុសគ្នាត្រង់ប្រាក់បៀវត្ស៍ និងប្រាក់ឧបត្ថម្ភ, ទ័ពបម្រុងទទួលបានប្រាក់ឧបត្ថម្ភ ទ័ពអាជីពមានប្រាក់ខែ តែការផ្ដល់ជូនរបស់រដ្ឋពីរបបផ្សេងៗគឺមានដូចគ្នា អ្នកដែលបានអនុវត្តកាតព្វកិច្ចយោធារួច នឹងក្លាយជាទ័ពបម្រុងរហូតដល់អាយុ ៤៥ឆ្នាំ។
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះ នៅព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៦នេះ នាឱកាសអញ្ជើញជាអធិបតីភាពក្នុងពិធីជួបសំណេះសំណាលជាមួយសហជីព សេដ្ឋកិច្ចក្រៅប្រព័ន្ធ និងសមាគមបុគ្គលិកសិក្សា ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី១៤០ នៃទិវាពលកម្មអន្តរជាតិ ១ ឧសភា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ ដែលមានអ្នកចូលរួមប្រមាណជាង៥ពាន់នាក់។
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះថា «សម្រាប់អត្ថប្រយោជន៍សម្រាប់អ្នកហាត់កាតព្វកិច្ចយោធា គឺអ្វីដែលកងទ័ពធម្មតាបានគឺបានទាំងអស់ លើកលែងតែប្រាក់ឧបត្ថម្ភ មានន័យថា ទាំងប្រាក់ហូបចុក កន្លែងស្នាក់នៅ ឯកសណ្ឋាន ការចំណាយហ្វឹកហ្វឺន រួមទាំងការឈឺស្កាត់ គឺរដ្ឋធានាទាំងអស់ខុសគ្នាត្រង់ទាហានអាជីពគឺបានប្រាក់បៀវត្ស៍ និងប្រាក់ឧបត្ថម្ភបន្ថែម»។
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ដែរថា យុវជនម្នាក់ដែលឆ្លងកាត់តាតព្វកិច្ចយោធា និងក្លាយាជាកម្លាំងពលកម្មមួយដែលក្លាំងក្លា និងមានសក្តានុពល ប្រជាពណលរដ្ឋយើង ប្រទេសយើងក៏នឹងមានយុវជន ដែលបានការបណ្តុះបណ្តាល ហាត់ពត់លត់ដំវិន័យ ដែលនេះគឺជាផលនៃច្បាប់កាតព្វកិច្ចយោធា, បណ្តុះបណ្តាលនៅក្នុងថ្នាលបណ្តុះនៃកងទ័ព ផលទាំងមូលបានទៅក្នុងសង្គមទាំងមូល។
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ច្បាប់កាតព្វកិច្ចយោធានេះគឺអនុវត្តន៍ចាប់ពីអាយុ ១៨ ដល់ ២៥ឆ្នាំ ហើយអ្នកចប់ច្បាប់កាតព្វកិច្ចយោធា ពេលចេញទៅធ្វើការគឺស្ថិតនៅក្នុងយោធិនបម្រុងរហូតដល់អាយុ ៤៥ឆ្នាំ, កងទ័ពនឹងមានអង្គភាពបម្រុង ហើយយោធិនបម្រុងនេះអាចក្នុងមួយឆ្នាំត្រូវហៅមកហ្វឹកហាត់បន្ថែមចន្លោះពី ១សប្តាហ៍ ទៅ ២សប្តាហ៍ ដើម្បីដុះខាត់ជំនាញហើយអាចត្រឡប់ទៅធ្វើការនៅស្ថាប័នការងាររបស់ខ្លួនវិញបាន។ ក្នុងពេលមកបំពេញកាតព្វកិច្ចនេះ សម្រាប់កន្លែងការងារត្រូវធានារក្សាទាំងតួនាទី និងប្រាក់ខែមិនមានកាត់នោះទេ។
រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នៅថ្ងៃទី២៣ ខែ មេសា ឆ្នាំ២០២៦ បានអនុម័តលើសេចក្តីព្រាងច្បាប់ស្តីពីកាតព្វកិច្ចយោធាថ្មី។ ច្បាប់នេះតម្រូវឱ្យប្រជាពលរដ្ឋខ្មែរជាបុរសដែលមានអាយុពី ១៨ ដល់ ២៥ឆ្នាំ ត្រូវបំពេញកាតព្វកិច្ចយោធា រីឯស្ត្រីគឺផ្អែកតាមគោលការណ៍ស្ម័គ្រចិត្ត។ គោលបំណងនៃច្បាប់នេះគឺដើម្បីរួមចំណែកកសាងនិងការពារមាតុភូមិ បង្កើតកម្លាំងការពារជាតិ ព្រមទាំងបណ្ដុះស្មារតីស្នេហាជាតិ និងវិន័យ។ សេចក្តីព្រាងច្បាប់ដែលមាន ៨ ជំពូក និង ២០ មាត្រានេះ នឹងជំនួសច្បាប់ឆ្នាំ២០០៦ ដែលពុំទាន់គ្របដណ្តប់គ្រប់ជ្រុងជ្រោយសម្រាប់ពេលបច្ចុប្បន្ននិងអនាគត៕
