ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រដ្ឋកេឡានតាន់ម៉ាឡេស៊ី មានគោលបំណងយករាជធានីភ្នំពេញជាគំរូ ក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ដែលអាចទាក់ទាញភ្ញៀវទេសចរណ៍

111

ភ្នំពេញ៖រដ្ឋកេឡានតាន់ ប្រទេសម៉ាឡរស៊ីមានគោលបំណងយកទីក្រុងភ្នំពេញជាគំរូ ក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ដោយរាជធានីភ្នំពេញមានការអភិវឌ្ឍបែបទំនេីប មានបេតិកភណ្ឌ និងវៃឆ្លាត ក្នុងការទាក់ទាញភ្ញៀវទេសចរណ៍បានមកទស្សនាជាហូរហែ។

   នេះជាការលើកឡើងរបស់លោក Haji Zulkifle Abdul Rahman ប្រធានក្រុមប្រឹក្សា ក្រុងកូតាបារូ រដ្ឋកេឡានតាន់ ប្រទេសម៉ាឡេស៊ីក្នុងជំនួបពិភាក្សាការងារជាមួយលឯកឧត្ដម ហួត ហៃ អភិបាលរង នៃគណៈអភិបាលរាជធានីភ្នំពេញ តំណាងឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦នេះនៅសាលារាជធានីភ្នំពេញ។

   លោក Haji Zulkifle Abdul Rahman បានមានប្រសាសន៍លើកឡើងថា៖ រាជធានីភ្នំពេញសំបូរទៅដោយបេតិកភណ្ឌ ជាមួយនិងកំណើនសេដ្ឋកិច្ចខ្ពស់ ដូច្នេះហើយទើបរដ្ឋកេឡានតាន់ ចង់សិក្សារៀនសូត្រពីរាជធានីភ្នំពេញ ជាមួយនិងការបង្កើនកិច្ចសហការជាមួយរាជធានីភ្នំពេញឱ្យកាន់តែល្អប្រសើរបន្ថែមទៀត។

  លោក Haji Zulkifle Abdul Rahman បានបញ្ជាក់ថា៖ គោលបំណងមកលេងរាជធានីភ្នំពេញ ដោយសារពួកយើងបានឮអ្នកទេសចរណ៍ ពិសេសអ្នកទេសចរណ៍រដ្ឋកេឡានតាន់ បានកោតសរសើររាជធានីភ្នំពេញថា ជាទីក្រុងមានភាពស្រស់ស្អាត មានភាពទាក់ទាញ ដូច្នេះហើយទើបរដ្ឋកេឡានតាន់ មកលេងរាជធានីភ្នំពេញ ដើម្បី យកទីក្រុងភ្នំពេញជាគំរូ ក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ដែលអាចទាក់ទាញភ្ញៀវទេសចរណ៍បានមកទស្សនាជាហូរហែ ពិសេសការអភិវឌ្ឍបែបទំនេីប បេតិកភណ្ឌ និងវៃឆ្លាត ទោះបីមិនបាន១០០%ក៏អាច៥០ទៅ៦០%ដែរ។

  ក្នុងឱកាសនោះដែរ លោក Haji Zulkifle Abdul Rahman ក៏បានសូមឱ្យរាជធានីភ្នំពេញ បង្ហាញផ្លូវនិងបង្រៀនពួកយើងខ្ញុំ អំពីការអភិវឌ្ឍរៀបចំរាជធានីភ្នំពេញ ដើម្បីយកជាគំរូ ក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ឱ្យដូចរាជធានីភ្នំពេញដែរ។ជាមួយគ្នានោះ ប្រធានក្រុមប្រឹក្សា ក្រុងកូតាបារូ រដ្ឋកេឡានតាន់ ក៏បានសូមអញ្ជើញប្រតិភូរដ្ឋបាលរាជធានីភ្នំពេញទៅលេងក្រុងកូតាបារូ នាពេលខាងមុខផងដែរ។

  ជាការឆ្លើយតបឯកឧត្ដម ហួត ហៃ អភិបាលរង នៃគណៈអភិបាលរាជធានីភ្នំពេញ បានមានប្រសាសន៍ថា៖ ក្នុងនាមឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ រដ្ឋបាលរាជធានីភ្នំពេញនឹងបន្តកិច្ចសហការបន្ថែមទៀត ជាមួយក្រុងកូតាបារូ។ថ្ងៃនេះក្រុងកូតាបារូ មកលេងរាជធានីភ្នំពេញ ថ្ងៃខាងមុខគណប្រតិភូរដ្ឋបាលរាជធានីភ្នំពេញ នឹងទៅលេងក្រុងកូតាបារូ វិញ៕

អត្ថបទដែលជាប់ទាក់ទង