ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឯកឧត្ដម​ ឃួង​ ស្រេង​ អភិបាល​រាជធានី​ភ្នំពេញអញ្ជើញ​ចូលរួម​កិច្ច​ប្រជុំ​ពេញ​អង្គ​ Sushi Tech 2026 G-NETS Leaders Summit ដេីម្បី​ពិភាក្សា​លេីប្រធាន​បទ​ “អនាគត​នៃ​នគរូបនីយកម្ម​ ដោយផ្អែកលេី​ភាព​ធន់នឹង​អាកាសធាតុ​ និង​គ្រោះ​មហន្ដរាយ​”​ 

103

ក្រុងតូក្យូ៖នារសៀល​ថ្ងៃ​ទី​២៨​ ខែមេសា​ ឆ្នាំ​២០២៦នេះ​ ឯកឧត្ដម​ ឃួង​ ស្រេង​ អភិបាល​នៃ​គណ:អភិបាល​រាជធានី​ភ្នំពេញ​បាន​អញ្ជើញ​ចូលរួម​ក្នុង​កិច្ច​ប្រជុំ​ពេញ​អង្គ​  Sushi Tech 2026 G-NETS Leaders Summit ដេីម្បី​ពិភាក្សា​លេី​សេចក្តី​ថ្លែង​ការណ៍​រួម​លេីប្រធាន​បទ​ “អនាគត​នៃ​នគរូបនីយកម្ម​ ដោយផ្អែកលេី​ភាព​ធន់នឹង​អាកាសធាតុ​ និង​គ្រោះ​មហន្ដរាយ​”​ ដែល​កម្មវិធី​នេះ​ដឹកនាំ​កិច្ច​ពិភាក្សា​ដោយ​លោកជំទាវ​ យូរីកូ​ កូអុីកេ​ អភិបាល​ក្រុង​តូក្យូ​។ 

​ពី​ទីក្រុង​តូក្យូ​ លោកស្រី​ ដោ​ សម្ផស្ស​ នាយិការង​រដ្ឋបាល​ និងជា​អ្នក​នាំពាក្យ​រដ្ឋបាល​រាជធានីភ្នំពេញ​បាន​បញ្ជាក់​ថា​ ​កិច្ច​ប្រជុំ​ពេញ​អង្គ​នេះ​តម្រូវ​ឱ្យ​អភិបាល​ក្រុង​ ឬ​តំណាង​ទីក្រុង​ដែល​បាន​ចូលរួម​ ធ្វើ​ការ​ចែករំលែក​បទពិសោធន៍​​អំពី​ស្ថានភាព​ ក៏ដូចជា​ការ​ខិតខំ​ប្រឹងប្រែង​ដោះស្រាយ​គ្រោះ​មហន្តរាយ​​របស់​ទីក្រុង​ខ្លួន​ និង​ចំណាប់​អារម្មណ៍​ទាក់ទង​នឹង​ការ​រៀបចំ​វេទិកា​កិច្ច​ប្រជុំ​កំពូល​ G-NETS នាពេល​នេះ។ លោកស្រី​អ្នក​នាំពាក្យ​បាន​បន្តថា​ សម្រាប់​រាជធានីភ្នំពេញ​ ឯកឧត្ដម​ ឃួង​ ស្រេង​ អភិបាល​នៃ​គណ:អភិបាល​រាជធានី​ភ្នំពេញ​បាន​ថ្លែង​កោតសរសើរ​ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​រដ្ឋ​បាល​ក្រុង​តូក្យូ​ដែល​បាន​រៀបចំ​កិច្ច​ប្រជុំ​កំពូល​នេះ​ ដេីម្បី​ផ្តល់​ឱកាស​ដល់ថ្នាក់​ដឹកនាំ​នៃ​បណ្តាទីក្រុងនានា​លេី​សកលលោកបាន​ជួប​ពិភាក្សា​ ចែករំលែក​នូវ​បទពិសោធន៍​ និង​ស្វែង​រក​ដំណោះស្រាយ​រួម​ ដេីម្បី​អភិវឌ្ឍ​ទីក្រុង​ប្រកប​ដោយ​ចីរភាព​ និង​មាន​ភាព​ធន់​ ជា​ពិសេស​អាច​ទប់ទល់​ប្រកប​ដោយ​ប្រសិទ្ធភាព​ខ្ពស់​នឹង​វិបត្តិ​ជាសកល​ ដែល​បង្កឡើង​ដោយ​គ្រោះ​ធម្មជាតិ​ និង​ការ​បម្រែបម្រួល​អាកាសធាតុ​។ រដ្ឋបាល​រាជធានីភ្នំពេញ​នឹង​ប្រេីប្រាស់​នូវ​ចំណេះ​ដឹង​ និង​បទពិសោធន៍​ដែល​ទទួលបាន​នាពេល​នេះ​ ដេីម្បី​បន្តធ្វេីការ​អភិវឌ្ឍ​នគរូបនីយកម្ម​ទីក្រុង​ឱ្យ​កាន់​តែ​មាន​ចីរភាពបន្ត​ទៀត។ 

ជាមួយ​គ្នា​នេះ​ដែរ​ ក្នុង​នាម​ឯកឧត្ដម​ ឃួង​ ស្រេង​ អភិបាល​នៃ​គណ:អភិបាល​រាជធានី​ភ្នំពេញ​ ឯកឧត្ដម​ សេង​ វណ្ណៈ​ អភិបាលរង​​រាជធានីភ្នំពេញ​ បាន​ធ្វើ​បទបង្ហាញ​​ស្តីពី​ភាព​ធន់​ និងការគ្រប់គ្រង​​គ្រោះ​មហន្ដរាយ​ធម្មជាតិ​របស់​រដ្ឋ​បាល​រាជធានី​ភ្នំពេញ​ ដោយ​បាន​ចែក​រំលែក​មេរៀន​ និង​បទពិសោធន៍​ ក៏ដូចជា​កិច្ច​ខិតខំ​ប្រឹងប្រែង​​របស់​រដ្ឋ​បាល​រាជធានី​ភ្នំពេញ​ក្នុង​ការ​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​អភិវឌ្ឍ​នគរូបនីយកម្ម​ទីក្រុង​ឱ្យ​កាន់​តែ​មាន​ចីរភាពបន្ត​ទៀត​។ 

ជាចុងបញ្ចប់​ លោកជំទាវ​ យូរីកូ​ កូអុីកេ​ អភិបាល​ក្រុង​តូក្យូ​បានដាក់​ជូន​អង្គប្រជុំ​​​អនុម័ត​ និង​ឯកភាព​លេីសេចក្តី​ព្រាង​​សេចក្ដី​ថ្លែងការណ៍​រួម​ ​ស្តីពី​ “អនាគត​នៃ​នគរូបនីយកម្ម​ថ្មី​ ដោយផ្អែកលេីភាព​ធន់នឹង​អាកាសធាតុ​ និង​គ្រោះ​មហន្តរាយ​”​ ព្រម​​ជាមួយ​នឹង​ការធ្វើ​សន្និសីទ​សារព័ត៌មាន​ដេីម្បី​​ប្រកាស​សេចក្ដី​ថ្លែងការណ៍​រួម​នេះ​ផងដែរ៕

អត្ថបទដែលជាប់ទាក់ទង