អភិបាលរាជធានីភ្នំពេញអញ្ជើញចូលរួមក្នុងកិច្ចសន្ទនារវាងទីក្រុងតូក្យូ និងបណ្ដាទីក្រុងនៃប្រទេសអាស៊ាន ដេីម្បីចីរភាព(TOKYO-SEADS)
ក្រុងតូក្យូ៖នារសៀលថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦ ឯកឧត្ដម ឃួង ស្រេង អភិបាលនៃគណ:អភិបាលរាជធានីភ្នំពេញអញ្ជើញចូលរួមក្នុងកិច្ចសន្ទនារវាងទីក្រុងតូក្យូ និងបណ្ដាទីក្រុងនៃប្រទេសអាស៊ាន ដេីម្បីចីរភាព(TOKYO-SEADS) ដែលកិច្ចប្រជុំនេះត្រូវបានរៀបចំឡេីង បន្ទាប់ពីកិច្ចប្រជុំកំពូលលេីកទី៣ នៃបណ្ដាញទីក្រុងសកលសម្រាប់ចីរភាព G-NETS បានបញ្ចប់ដោយជោគជ័យ។
ពីទីក្រុងតូក្យូ លោកស្រី ដោ សម្ផស្ស នាយិការងងរដ្ឋបាល និងជាអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញបានបញ្ជាក់ថាកិច្ចសន្ទនានេះលោកជំទាវអភិបាលក្រុងតូក្យូ និងអភិបាល ឬតំណាងរាជធានី-ក្រុងនានានៃបណ្ដាប្រទេសអាស៊ានបានធ្វេីបទបង្ហាញលេីប្រធានបទស្តីពី “វិធានការទប់ទល់នឹងខ្យល់ព្យុះ ទឹកជំនន់ និងការអភិវឌ្ឍហេដ្ឋារចនាសម្ពន្ធទីក្រុង” សម្រាប់ទីក្រុងរបស់ខ្លួន។ ក្នុងនាមឯកឧត្ដម ឃួង ស្រេង អភិបាលនៃគណះអភិបាលរាជធានីភ្នំពេញ ឯកឧត្ដម សេង វណ្ណៈ អភិបាលរង បានធ្វើបទបង្ហាញស្តីពី”ភាពធន់ និងការគ្រប់គ្រងគ្រោះមហន្តរាយធម្មជាតិរបស់រដ្ឋបាលរាជធានីភ្នំពេញ ដេីម្បីចីរភាព និងបរិយាប័ន្ន”។
លោកស្រីអ្នកនាំពាក្យបានបន្តទៀតថា បន្ទាប់ពីធ្វើបទបង្ហាញ និងការចូលរួមមតិយោបល់ដេីម្បីផ្លាស់ប្ដូរ និងចែករំលែកបទពិសោធន៍រវាងទីក្រុងនីមួយៗរួមមាន (ទីក្រុងតូក្យូ និងទីក្រុងក្នុងតំបន់អាស៊ាន) រួចមកលោកជំទាវអភិបាលក្រុងតូក្យូបានដាក់ជូនអង្គប្រជុំពិនិត្យ និងអនុម័តលេីសេចក្ដីព្រាងសេចក្ដីថ្លែងការណ៍រួមនៃកិច្ចសន្ទនារវាងទីក្រុងតូក្យូ និងបណ្តាទីក្រុងនៃប្រទេសសមាជិកអាស៊ាន ដេីម្បីចីរភាព Tokyo-Southeast Asia Capitals Dialogue for Sustainability Joint Statement ហៅកាត់ថា (TOKYO-SEADS) ដោយផ្តោតលើប្រធានបទសំខាន់គឺ “វិធានការទប់ទល់នឹងខ្យល់ព្យុះ និងទឹកជំនន់ និងការអភិវឌ្ឍហេដ្ឋារចនាសម្ពន្ធទីក្រុង ដេីម្បីបង្កើតទីក្រុងប្រកបដោយភាពធន់ និងចីរភាព”។
មុននឹងបញ្ចប់ លោកជំទាវអភិបាលក្រុងតូក្យូក៏បានជម្រាបជូនអំពីកម្មវិធីនៃកិច្ចប្រជុំមន្ត្រីបច្ចេកទេសជាន់ខ្ពស់របស់ G-NETS នឹងគ្រោងនឹងរៀបចំធ្វើឡើងនៅខែឧសភា ឆ្នាំ២០២៧ និងកិច្ចប្រជុំកំពូលលេីកទី៤ របស់ G-NETS នឹងធ្វើនៅឆ្នាំ២០២៨ ហើយលោកស្រីអភិបាលក្រុងបានអញ្ជើញឯកឧត្តម លោកជំទាវអភិបាលរាជធានី-ក្រុង និងមន្ត្រីជាន់ខ្ពស់ពាក់ព័ន្ធទាំងអស់ ចូលរួមក្នុងប្រជុំដ៏មានសារ:សំខាន់ទាំងនោះបន្តទៀត៕
