ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្ដេចមហាបវរធិបតី៖កម្ពុជាកំពុងជំរុញគោលនយោបាយសំខាន់២ជាមួយជប៉ុន គឺការអភិវឌ្ឍកំពង់ផែ និងវិស័យភស្ដុភារកម្ម (Logistics) ជាចំណុចស្នូលសម្រាប់អនាគតខេត្តព្រះសីហនុ និងសេដ្ឋកិច្ចជាតិ,ជប៉ុនជួយអភិវឌ្ឍពង្រីកសមត្ថភាពកំពង់ផែស្វយ័តក្រុងព្រះសីហនុតាំងពីឆ្នាំ១៩៩៦

112

ព្រះសីហនុ៖សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងថា ប្រទេសជប៉ុន គឺជាដៃគូនាំមុខ ដែលបានចូលរួមជួយអភិវឌ្ឍ និងពង្រីកសមត្ថភាពកំពង់ផែស្វយ័តក្រុងព្រះសីហនុ ចាប់តាំងពីឆ្នាំ១៩៩៦ រហូតមកទល់ពេលបច្ចុប្បន្ន។

ការលើកឡើងនេះ ធ្វើឡើងនៅព្រឹកថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៦ ក្នុងឱកាសសម្ដេចជាអធិបតីរួមគ្នាជាមួយ លោក អ៊ូអិណុ អាត់ស៊ូស៊ី ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា អញ្ជើញជួបសំណេះសំណាលជាមួយមន្ត្រីរាជការ បុគ្គលិក និងកម្មករ និយោជិត នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី១៤០ នៃទិវាពលកម្មអន្តរជាតិ។

សម្តេច មហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍យ៉ាងដូច្នេះថា «ជាក់ស្ដែង ជប៉ុនជាប្រទេសនាំមុខដែលជួយអភិវឌ្ឍន៍កំពង់ផែស្វ័យត្រព្រះសីហនុ តាំងពីឆ្នាំ១៩៩៦មក […] សម្រាប់ខ្ញុំដែលមានចីរភាពធំសម្រាប់ខេត្តព្រះសីហនុគឺ ផែភស្ដុភារកម្ម និងឧស្សាហកម្មដែលយើងត្រូវជំរុញបន្ត ហើយការកសាងផែនៅទីនេះគឺក្នុងទិសដៅហ្នឹងឯង»

សម្ដេចធិបតីនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា ការអភិវឌ្ឍកំពង់ផែត្រូវការយុទ្ធសាស្ត្រយូរអង្វែង និងការគិតគូរយ៉ាងម៉ត់ចត់ ដើម្បីធានាថា ការសាងសង់មានប្រសិទ្ធភាព និងអាចប្រើប្រាស់បានពេញលេញ មិនមែនសង់ហើយមិនអាចដំណើរការបាននោះទេ។

ជាមួយគ្នានេះ សម្តេច មហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា កម្ពុជាកំពុងជំរុញគោលនយោបាយសំខាន់២ជាមួយជប៉ុន គឺការអភិវឌ្ឍកំពង់ផែ និងវិស័យភស្ដុភារកម្ម (Logistics) ដែលជាចំណុចស្នូលសម្រាប់អនាគតខេត្តព្រះសីហនុ និងសេដ្ឋកិច្ចជាតិ។

សម្តេច មហាបវរធិបតី ហ៊ុន ម៉ាណែត បន្ថែមថា ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងប្រព័ន្ធភស្ដុភារកម្ម ត្រូវបានគ្រោងទុករយៈពេលវែង រហូតដល់ឆ្នាំ២០៥០ ដើម្បីគាំទ្រកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍប្រទេសជាតិឲ្យមានចីរភាព។

ក្នុងឱកាសនោះ សម្តេច មហាបវរធិបតី ហ៊ុន ម៉ាណែត បានអរគុណដល់រដ្ឋាភិបាល និងប្រជាជនជប៉ុន ព្រមទាំងទីភ្នាក់ងារ JICA ដែលបានផ្តល់ជំនួយសំខាន់ៗដល់កម្ពុជា ទាំងហេដ្ឋារចនាសម្ព័ន្ធ ការដឹកជញ្ជូន ប្រព័ន្ធបរិស្ថាន និងការអភិវឌ្ឍធនធានមនុស្ស រួមទាំងការទទួលពលករកម្ពុជា ទៅធ្វើការនៅជប៉ុនផងដែរ៕

អត្ថបទដែលជាប់ទាក់ទង