ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ការតភ្ជាប់ផែទឹកសាបនិងផែទឹកប្រៃនឹងចូលរួមចំណែកលើកកម្ពស់កសិផលកម្ពុជាដ្បិតថាការដឹកជញ្ជូនតាមផ្លូវទឹកមានថ្លៃដើមទាបជាងការដឹកជញ្ជូនតាមផ្លូវដែកផ្លូវគោកនិងផ្លូវអាកាស

100

ព្រះសីហនុ៖សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៦ បានថ្លែងថា ការតភ្ជាប់ផែទឹកសាប និងផែទឹកប្រៃ នឹងចូលរួមចំណែកលើកកម្ពស់កសិផលកម្ពុជា ដ្បិតថាការដឹកជញ្ជូនតាមផ្លូវទឹកមានថ្លៃដើមទាបជាងការដឹកជញ្ជូនតាមផ្លូវដែក ផ្លូវគោក និងផ្លូវអាកាស។ 

ការថ្លែងរបស់សម្ដេចនាយករដ្ឋមន្ត្រី បានធ្វើឡើងនាឱកាសដែល សម្ដេច អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ជួប សំណេះសំណាលមួយមន្ត្រីរាជការ បុគ្គលិក កម្មករ និយោជិត ដែល កំពុង បម្រើការងារនៅ កំពង់ផែស្វយ័តក្រុងព្រះសីហនុ។ ពិធី សំណេះ សំណាល នា ព្រឹក ថ្ងៃនេះ ធ្វើឡើងជាការអបអរសាទរខួប អនុ ស្សា វរីយ៍លើកទី១៤០ នៃទិវាពលកម្ម អន្តរ ជាតិ ១ ឧសភា ឆ្នាំ២០២៦។

ជាកិច្ចចាប់ផ្ដើម សម្ដេចបវរធិបតី បានថ្លែងអំណរគុណដល់រដ្ឋាភិបាល និងប្រជាជនជប៉ុន ក៏ដូចជាអង្គការចៃកា ដែលបានជួយអភិវឌ្ឍន៍ហេដ្ឋារចនា សម្ព័ន្ធនានា នៅកម្ពុជា ជាពិសេសកំពង់ផែស្វយ័តព្រះសីហនុ។ 

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏បានគូសរំលេចអំពីអត្ថប្រយោជន៍នៃការតភ្ជាប់ផែទឹកសាប និងផែទឹកប្រៃ ដើម្បីជំរុញការធ្វើពាណិជ្ជកម្មកាន់តែរស់រវើកនៅទីតាំងនេះ ដោយសម្ដេច បានណែនាំឱ្យកសាងការតភ្ជាប់ប្រទាក់ក្រឡាគ្នារវាង ផែ នីមួយៗ ដោយមិនត្រូវប្រកួតប្រជែងរវាងគ្នានោះទេ ដ្បិតថាការតភ្ជាប់នេះនឹងចូលរួមចំណែកលើកកម្ពស់វិស័យនានា ជាពិសេសការតភ្ជាប់កសិផលកម្ពុជាទៅកាន់ទីផ្សារខាងក្រៅ។ 

ជាមួយគ្នានេះដែរ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ដូច្នេះថា៖ «ឥឡូវយើងកំពុងរៀបចំសួនឧស្សាហកម្មស្វាយចន្ទី ដើម្បីជំរុញការកែច្នៃស្វាយចន្ទីនៅក្នុងខេត្តកំពង់ធំ និងបានរៀបចំផែនការគោលមួយ សម្រាប់ជំរុញវិស័យនេះឱ្យកាន់តែរីកចម្រើន។ ហេតុអ្វីយើងយកខេត្តកំពង់ធំមុនគេគឺដោយសារវានៅជិតទន្លេ ដែលអាចឆ្លងមកផែពហុបំណងកំពង់ឆ្នាំងដឹកចុះមក។ ចឹងការកសាងកំពង់ផែ និងផ្លូវទឹកភ្ជាប់គ្នានេះ មិនមែនតែបម្រើឱ្យក្រុមហ៊ុនដឹកជញ្ជូនប៉ុណ្ណោះទេ ឬរកផលចំណេញសម្រាប់កំពង់ផែភស្តុភារកម្មនោះទេ តែវាជួយលើកកម្ពស់ការប្រកួតប្រជែងនៅក្នុងវិស័យស្វាយចន្ទី វិស័យស្រូវអង្ករ វិស័យផ្សេងទៀត ដែលអាចកាត់បន្ថយការចំណាយ ព្រោះបើធៀបការដឹកទំនិញតាមផ្លូវដែក និងផ្លូវទឹក គឺផ្លូវទឹកចំណាយតិចជាង»។ 

យោងតាម Fresh Ai, រាជរដ្ឋាភិបាលកម្ពុជា កំពុងជំរុញការបង្កើតសួនឧស្សាហកម្មផ្នែកកែច្នៃគ្រាប់ស្វាយចន្ទីដំបូងគេបង្អស់នៅកម្ពុជា ដែលមានទីតាំងស្ថិតនៅក្នុងខេត្តកំពង់ធំ។ សួនឧស្សាហកម្មនេះមានទំហំជិត ៦០០ហិកតា ផ្តោតសំខាន់លើការកែច្នៃគ្រាប់ស្វាយចន្ទី ដើម្បីបង្កើនតម្លៃបន្ថែមដល់ផលិតផលកសិកម្មក្នុងស្រុក និងកាត់បន្ថយការពឹងផ្អែកលើការនាំចេញគ្រាប់ស្វាយចន្ទីឆៅ។ ការបង្កើតសួនឧស្សាហកម្មនេះ គឺដោយសារខេត្តកំពង់ធំមានសក្ដានុពលខ្ពស់លើដំណាំស្វាយចន្ទី ដោយមានផ្ទៃដីដាំដុះយ៉ាងទូលំទូលាយ និងផលិតផលប្រមាណ ៣០% នៃផលិតផលជាតិសរុប។ គម្រោងនេះកំពុងទទួលបានការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់រាជរដ្ឋាភិបាល និងបានទាក់ទាញការសិក្សាលទ្ធភាពពីគណៈប្រតិភូកូរ៉េផងដែរ៕

អត្ថបទដែលជាប់ទាក់ទង