ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កម្លាំងសមត្ថកិច្ចបង្ក្រាបទីតាំងលបលួចប្រព្រឹត្តបទល្មើស Online Scams និងស្នាក់នៅខុសច្បាប់ក្នុងអគារនៃមជ្ឈមណ្ឌលព្រីសន៍ឃាត់ខ្លួនជនបរទេសជាង១០០នាក់

88

ភ្នំពេញ៖កម្លាំងសមត្ថកិច្ចគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញបានបើកប្រតិបត្តិការបង្ក្រាបទីតាំងលបលួចប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ស្ថិតនៅទីតាំងអគារ A និងអគារ B នៃមជ្ឈមណ្ឌល ព្រីសន៍ ផ្លាហ្សា សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

ប្រតិបត្តិការនេះ ធ្វើឡើងក្រោមការបញ្ជាពីឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ស្នងការនគរបាលរាជធានីភ្នំពេញ។ 

ប្រតិបត្តិការនៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៦នេះ កម្លាំងចម្រុះដឹកនាំដោយលោក ប៉ាង ណារ៉េន អនុប្រធានប្រចាំការលេខាធិការដ្ឋាន នៃគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការ
ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) (គ.ប.ឆ.ប.) និងចូលរួមសហការដោយគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ ឯកឧត្ដម ហ៊ុន សុរិទ្ធី អភិបាលរងរាជធានី, ឧត្តមសេនីយ៍ទោ ប៊ុន សុសិក្ខា ស្នងការរងទទួលផែនការងារ សន្តិសុខ, ឧត្តមសេនីយ៍ត្រី ស ថេន ស្នងការរង ដោយបានការសម្រប សម្រួល នីតិវិធីច្បាប់ពីលោក សេង ហៀង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។

ក្នុងកិច្ចប្រតិបត្តិការ កម្លាំងចម្រុះបានចុះត្រួតពិនិត្យរកឃើញ មនុស្សចំនួន១០៤នាក់ និងសម្ភារៈវត្ថុតាង ដូចខាងក្រោម៖

ទី១៖ ជនបរទេសសរុបចំនួន៨៣នាក់ (ស្រី៥នាក់) មាន២សញ្ជាតិ (ពាក់ព័ន្ធបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ Online Scams) រួមមាន៖ ជនជាតិចិន ចំនួន៨២នាក់ (ស្រី៤នាក់) និងជនជាតិវៀតណាមម្នាក់។

ទី២៖ ជនបរទេសសរុបចំនួន២១នាក់ (ស្រី២នាក់) មាន៥សញ្ជាតិ (ពាក់ព័ន្ធការស្នាក់នៅខុសច្បាប់)។

សម្ភារៈវត្ថុតាងសរុបរួមមាន៖ កុំព្យូទ័រលើតុ (All In One) ចំនួន ៧៧គ្រឿង, កុំព្យូទ័រយួរដៃ (LAPTOP) ចំនួន៣៦គ្រឿង, IPAD ចំនួន៥គ្រឿង, ម៉ូនីទ័រ (MONITOR) ចំនួន៤គ្រឿង, ទូរស័ព្ទដៃ ចំនួន៨០០គ្រឿង និងធុង CPU ចំនួន៦គ្រឿង។

សមត្ថកិច្ចបានបញ្ជាក់ថា ជនសង្ស័យបានប្រើប្រាស់ទីតាំងខាងលើក្នុងប្រទេសកម្ពុជា ពាក់ព័ន្ធករណី ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ក្រោមរូបភាពអូសទាញឲ្យវិនិយោគ (Investment Scams)។ បច្ចុប្បន្នកម្លាំងជំនាញកំពុងបន្ដនីតិវិធី៕

អត្ថបទដែលជាប់ទាក់ទង