ទីតាំងហាងកាហ្វេមានបង្កប់ល្បែងស៊ីសងប្រភេទប្រដាល់ប៉ុស្តិ៍ទូរទស្សន៍ថៃ ស្ថិតនៅភូមិផ្សារតូច សង្កាត់ទួលសង្កែទី១ត្រូវនគរបាលខណ្ឌប្ញស្សីកែវ ចុះបញ្ឈប់សកម្មភាពភ្នាល់ប្រដាល់ហើយ
ភ្នំពេញ ៖ នៅរសៀល ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៦ លោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឫស្សីកែវ បានបញ្ជាកម្លាំងនគរបាល ដោយមានការចូលរួមពីក្រុមប្រឹក្សាសង្កាត់ទួលសង្កែទី១ និងមេភូមិ ចុះត្រួតពិនិត្យទីតាំងហាងកាហ្វេខាងលើ ឃើញថា បានបញ្ឈប់សកម្មភាពភ្នាល់ចាក់ប្រដាល់តាមទូរទស្សន៍ប៉ុស្តិ៍ប្រដាល់ថៃហើយ បន្ទាប់ពីមានសារព័ត៌មានចុះផ្សាយផ្ទាល់ កាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៦។
តាមការបំភ្លឺម្ចាស់ទីតាំងឈ្មោះ លាង សុខធី ភេទប្រុស អាយុ ៦៤ឆ្នាំ ជនជាតិវៀតណាម មុខរបរលក់កាហ្វេ មានទីលំនៅ ផ្ទះលេខ៦A ផ្លូវជាតិលេខ៥ ក្រុមទី៤ ភូមិផ្សារតូច សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ បានប្រាប់សមត្ថកិច្ចថា រូបគេពិតជាបានបើកបញ្ជាំងទូរទស្សន៍ប៉ុស្តិ៍ប្រដាល់ថៃ ឱ្យអ្នកដែលមកផឹកកាហ្វេចាក់ភ្នាល់ប្រដាល់ ប្រាកដមែន។
ចំពោះមុខសមត្ថកិច្ច បានធ្វើការណែនាំអប់រំ និងឱ្យម្ចាស់ទីតាំងឈ្មោះ លាង សុខធី ធ្វើកិច្ចសន្យាបញ្ឈប់ការចាក់បញ្ចាំងទូរទស្សន៍ប្រដាល់ប៉ុស្តិ៍ថៃ និងប៉ុស្តិ៍ផ្សេងៗ ចាក់ភ្ជាល់ល្បែងស៊ីសងគ្រប់ប្រភេទ តាមរយៈកញ្ចក់ទូរទស្សន៍តទៅទៀត និងហាមមិនឱ្យមានលួចលាក់បើកលេងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ។ ក្នុងករណីនៅតែបន្តធ្វើសកម្មភាពភ្នាល់ចាក់ប្រដាល់ និងបើកលេងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទទៀត សមត្ថកិច្ចនឹងចាត់វិធានការតាមផ្លូវច្បាប់ ៕
