អភិបាលខេត្តពោធិ៍សាត់ដឹកនាំយុទ្ធនាការដាំដើមឈើដ៏ធំមួយនៅព្រំដែនស្រុកវាលវែងដើម្បីកែប្រែមុខមាត់តំបន់ប្រវត្តិសាស្ត្រនិងបង្កើនគម្របព្រៃឈើជាតិ
ពោធិ៍សាត់៖កាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៦កន្លងទៅ យុទ្ធនាការដាំដើមឈើដ៏ធំមួយនៅតំបន់ព្រំដែននៃស្រុកវាលវែង ខេត្តពោធិ៍សាត់។ ពិធីនេះត្រូវបានដឹកនាំផ្ទាល់ដោយ ឯកឧត្ដម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំមន្ទីរ-អង្គភាពជុំវិញខេត្ត រដ្ឋបាលក្រុង-ស្រុក មន្ត្រីរាជការ ក្រុមយុវជន និងជាពិសេសនោះគឺមានការចូលរួមយ៉ាងសកម្ម ពីសំណាក់បងប្អូនវីរកងទ័ព ដែលកំពុងឈរជើងការពារទឹកដី។
នៅក្នុងយុទ្ធនាការបៃតងនាឱកាសនោះ ឯកឧត្ដមអភិបាលខេត្តពោធិ៍សាត់ បានដឹកនាំកម្លាំងសរុប ដាំដើមឈើប្រភេទកូនច្រេស ប្រមាណជាង៤,៥០០ដើម នៅតំបន់សមរភូមិមុខទិសទី៤ នៃយោធភូមិភាគ៥ ស្ថិតក្នុងឃុំថ្មដា និងកូនក្ងោក ចំនួន៣០០ដើមបន្ថែមទៀត នៅចំណុចអន្ទង់អាំង តាមបណ្តោយផ្លូវជាតិលេខ១០ ក្នុងឃុំអូរសោម ស្រុកវាលវែង សរុបរួមមានចំនួនរហូតដល់ទៅជាង៤,៨០០ដើម។
ថ្លែងក្នុងឱកាសដាំដើមឈើ ឯកឧត្ដម ខូយ រីដា បានបញ្ជាក់ពីតម្លៃ និងអត្ថន័យស៊ីជម្រៅថា ការដាំកូនច្រេសប្រមាណ៤,៥០០ដើម នៅតំបន់សមរភូមិមុខទិសទី៤ ឃុំថ្មដានេះ មិនត្រឹមតែជាការបង្កើនគម្របព្រៃឈើ និងការពារបរិស្ថានប៉ុណ្ណោះទេ ប៉ុន្តែវាគឺជាការរួមគ្នាកសាងខ្សែបន្ទាត់ព្រំដែនមិត្តភាព សន្តិភាព និងការអភិវឌ្ឍ។ ដើមឈើទាំងនេះ នឹងក្លាយជារបងបៃតងដ៏រឹងមាំ តំណាងឱ្យស្មារតីសាមគ្គីភាពរវាងកងទ័ព និងប្រជាពលរដ្ឋ ក្នុងការថែរក្សាទឹកដី និងធម្មជាតិឱ្យនៅគង់វង្សសម្រាប់កូនចៅជំនាន់ក្រោយ។
ឯកឧត្ដមបានបន្តថា ចំពោះកូនក្ងោក ចំនួន៣០០ដើម ដែលយើងដាំនៅចំណុចអន្ទង់អាំង តាមបណ្តោយផ្លូវជាតិលេខ១០នេះ គឺដើម្បីត្រៀមលក្ខណៈកែប្រែដងផ្លូវសេដ្ឋកិច្ច និងទេសចរណ៍ដ៏មានសក្តានុពលមួយនេះ ឱ្យទៅជាផ្លូវផ្ការីកស្គុះស្គាយ នាពេលអនាគត។ នៅពេលកូនក្ងោកទាំងនេះធំធាត់ វានឹងជួយទាក់ទាញភ្ញៀវទេសចរ លើកកម្ពស់សោភ័ណភាពធម្មជាតិ នៃទឹកដីស្រុកវាលវែង ពិសេសនៅឃុំអូរសោម និងជួយបង្កើតចំណូលដល់សហគមន៍មូលដ្ឋានបន្ថែមទៀត។
ឯកឧត្ដមអភិបាលខេត្ត បានគូសបញ្ជាក់ថា សកម្មភាពចុះដាំកូនឈើជាប្រវត្តិសាស្ត្រនេះ គឺធ្វើឡើងភ្លាមៗ បន្ទាប់ពី សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានដាក់បទបញ្ជា និងណែនាំដល់បណ្តាខេត្តជាប់ព្រំដែនទាំងអស់ ត្រូវរៀបចំកែសម្រួល ដាំដើមឈើ និងរៀបចំជម្រកសុវត្ថិភាពសម្រាប់ប្រជាពលរដ្ឋ។ អនុសាសន៍នេះ ត្រូវបានសម្តេចធិបតី ថ្លែងក្នុងពិធីអបអរសាទរទិវាអតីតយុទ្ធជន និងនិវត្តជនកម្ពុជា លើកទី១៩ ថ្ងៃទី១២ ខែឧសភា ដែលបានប្រព្រឹត្តទៅកាលពីព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦កន្លងទៅថ្មីៗនេះ។
ទោះជាយ៉ាងណាក៏ដោយ រដ្ឋបាលខេត្តពោធិ៍សាត់បានគូសបញ្ជាក់ថា សកម្មភាពដាំដើមឈើនេះ មិនមែនទើបតែធ្វើឡើងនៅពេលមានបទបញ្ជាណែនាំនោះឡើយ។ ជាការពិតណាស់ ក្រោមការដឹកនាំផ្ទាល់របស់ ឯកឧត្ដម ខូយ រីដា អភិបាលខេត្ត ពិសេសមានការចង្អុលបង្ហាញ និងគាំទ្រយ៉ាងពេញទំហឹងពី ឯកឧត្ដម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានខេត្តពោធិ៍សាត់ គឺតែងតែបានបង្កើតជាចលនាជាតិមួយ ដាស់តឿន និងដឹកនាំបងប្អូនប្រជាពលរដ្ឋ មន្ត្រីរាជការ ឱ្យធ្វើការដាំដុះកូនឈើជាប្រចាំ នៅតាមទីសាធារណៈ សាលារៀន វត្តអារាម និងតាមខ្នងផ្ទះ ដោយជំរុញទស្សនទាន «យ៉ាងហោចណាស់ ម្នាក់ឱ្យបានដាំដើមឈើមួយដើម»ដើម្បីប្រែក្លាយខេត្តពោធិ៍សាត់ ឱ្យទៅជាខេត្តបៃតង និងមានខ្យល់អាកាសបរិសុទ្ធប្រកបដោយចីរភាព៕
