សម្តេចមហាបវរធិបតី៖អ្វីដែលរាជរដ្ឋាភិបាលចង់បានការងារបង់ពន្ធគឺការយោគយល់គ្នាចៀសវាងការយល់ថាជាអ្នកមានកំហុសនិងអ្នកចាប់កំហុស, រម្លឹកពាក្យស្លោកសម្តេចតេជោ ហ៊ុន សែន មួយឃ្លាថា «កែទម្រង់រស់មិនកែទម្រង់ស្លាប់»
ភ្នំពេញ៖សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងបញ្ជាក់ថា គ្មានពន្ធដារស្រុកណាស្រួលជាងពន្ធដារកម្ពុជានោះទេ ហើយអ្វីដែលរាជរដ្ឋាភិបាលចង់បានលើ ការ ងារបង់ពន្ធ គឺមានការយល់គ្នា រវាងមន្ត្រី និងអ្នកបង់ពន្ធ ជាជាងការយល់ថា ជាអ្នកមានកំហុស និងអ្នកចាប់កំហុស។
ការថ្លែងបែបនេះរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ធ្វើឡើងក្នុងពិធីសម្ពោធអគារទីស្នាក់ការកណ្តាលអគ្គនាយកដ្ឋានពន្ធដារ នាព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦ ដែលមានការចូលរួមពីថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ថ្នាក់ដឹកនាំក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មន្ត្រីរាជការពន្ធដារ ព្រមទាំងភ្ញៀវជាតិ និងអន្តរជាតិជាច្រើនរូប។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក៏បានបញ្ជាក់ដែរថា គ្មានពន្ធដារស្រុកណាស្រួលជាងពន្ធដារកម្ពុជានោះទេ ដែលអាចផ្តល់យោបល់គ្នា និងយោគយល់គ្នាបាន ប៉ុន្តែការយោគយល់នេះគឺជាដំណាក់កាលអន្តរកាល ហើយដល់ពេលមួយ គឺគ្រប់គ្នា ទាំងអ្នកបង់ពន្ធ ទាំងមន្ត្រីពន្ធដារ អាចយល់ដូចគ្នាថា កូដដូចគ្នា កាតព្វកិច្ច និងការទទួលខុសត្រូវ និងមានការយោគយល់តិច និងអនុវត្តន៍ទៅតាមគោលការស្មើរភាពគ្នាឱ្យច្រើន នេះជាអ្វីដែលពន្ធដារចង់បាន។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះថា «អ្វីដែលពន្ធដារយើងចង់បានគឺមានការយល់គ្នារវាងមន្ត្រី និងអ្នកបង់ពន្ធ ជាជាងអ្នកចាប់កំហុស និងអ្នកខុសទៅជាដៃគូរ នៅក្នុងការអនុវត្តន៍គោលការណ៍នេះ ឱ្យបានច្រើនតាមការតព្វកិច្ចរៀងៗខ្លួន»។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបន្ថែមទៀតថា សម្រាប់នីតិវិធីនៅថ្ងៃខាងមុខសម្រាប់វិស័យពន្ធដារនេះ និងធ្វើយ៉ាងពង្រីកនីតិវិធី ដើម្បីកាត់បន្ថយភាពស្មុគស្មាញឱ្យបានច្រើន ដើម្បីកុំឱ្យមានភាពមិនប្រាកដប្រជា នាំឈឺក្បាលទាំងមន្ត្រីពន្ធដារ និងអ្នកមកបង់ពន្ធ។
ក្នុងឱកាសនោះដែរសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា រម្លឹកពាក្យស្លោកសម្តេចតេជោ ហ៊ុន សែន មួយឃ្លាថា «កែទម្រង់រស់ មិនកែទម្រង់ស្លាប់» ជាពាក្យមានអត្ថន័យត្រឹមត្រូវគ្រប់កាលៈទេសៈទាំងអស់ ដែលគ្រប់ក្រសួង-ស្ថាប័ន ត្រូវធ្វើកំណែទម្រង់។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបែបនេះ ក្នុងឱកាសសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគារទីស្នាក់ការកណ្តាលពន្ធដារ នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦។
សម្តេចធិបតី ក៏រម្លឹកពីប្រសាសន៍ដែលធ្លាប់លើកឡើងលើការកែទម្រង់ និងទំនើបកម្មកងទ័ព ដែលរាជរដ្ឋាភិបាលកំពុងអនុវត្តគោលនយោបាយបង្រួមក្បាល ពង្រីកខ្លួន ដោយកែសម្រួលរចនាសម្ព័ន្ធយោធា បិទការផ្ទេរមិនចាំបាច់ និងផ្តោតលើសមត្ថភាពជាក់ស្តែង។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់យ៉ាងដូច្នេះថា «សម្តេចតេជោ ធ្លាប់បានដាក់ចេញនូវពាក្យស្លោកបើកែទម្រង់រស់ មិនកែទម្រង់ស្លាប់។ ពាក្យនេះ មានអត្ថន័យ និងត្រឹមត្រូវគ្រប់កាលៈទេសៈទាំងអស់។ គ្រប់ស្ថាប័ន មិនថារដ្ឋ ឬឯកជន ត្រូវធ្វើកំណែទម្រង់»។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានបន្តថា «កំណែទម្រង់នេះ មិនមែនជារឿងថ្មីទេ ហើយក៏មិនមែនទើបតែធ្វើឡើងក្រោយពីមានសង្គ្រាមនោះទេ។ គ្រប់ស្ថាប័នរដ្ឋ ក៏ចាប់ផ្តើមពីដើមអាណត្តិផងដែរ។មកដល់ពេលនេះ គណៈកម្មការកំណែទម្រង់សាធារណៈ បានធ្វើការកែសម្រួល ១៦ក្រសួង–ស្ថាប័នហើយ»។
បើតាមប្រសាសន៍សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងការធ្វើកំណែទម្រង់សាធារណៈនេះ បានកាត់បន្ថយ ចំនួន ៣អគ្គនាយកដ្ឋាន និង ៣៣នាយកដ្ឋាន នៅតាមបណ្តាក្រសួង-ស្ថាប័នផ្សេងៗ៕
