ឧបនាយករដ្ឋមន្ត្រីប្រាក់សុខុននឹងចូលរួមកិច្ចប្រជុំបើកចំហកម្រិតខ្ពស់របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិនិងកិច្ចប្រជុំពាក់ព័ន្ធ
ភ្នំពេញ៖តបតាមការអញ្ជើញរបស់ភាគីចិន ក្នុងនាមជាប្រធានប្តូរវេន នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (អ.ស.ប.) ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ អញ្ជើញចូលរួមកិច្ចប្រជុំបើកចំហកម្រិតខ្ពស់របស់ ក្រុមប្រឹក្សាសន្តិសុខ អ.ស.ប. ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៦ នៅទីក្រុងញូវយ៉ក សហរដ្ឋអាម៉េរិក។
តាមរយៈសេចក្ដីជូនដំណឹងដែលទទួលបាននៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៦ បានបញ្ជាក់ថា កិច្ចប្រជុំកម្រិតខ្ពស់នេះ នឹងប្រព្រឹត្តទៅក្រោមប្រធានបទ «ការលើកកម្ពស់គោលបំណង និងគោលការណ៍ របស់ធម្មនុញ្ញ អ.ស.ប. និងការពង្រឹងប្រព័ន្ធអន្តរជាតិផ្តោតលើ អ.ស.ប.» ដោយមានលោក វ៉ាង យី រដ្ឋមន្ត្រីការបរទេស និងជាសមាជិកការិយាល័យនយោបាយ នៃគណៈកម្មាធិការកណ្តាលបក្សកុម្មុយនីស្តចិន ធ្វើជាអធិបតី និងចូលរួមថ្លែងសុន្ទរកថា។
ក្នុងអំឡុងពេលស្នាក់នៅទីក្រុងញូវយ៉ក ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រំពឹងថានឹងអញ្ជើញចូលរួម ព្រឹត្តិការណ៍អមដែលពាក់ព័ន្ធ ហើយក៏នឹងមានជំនួបទ្វេភាគីដាច់ដោយឡែកពីគ្នា ជាមួយសមភាគីពីបណ្តាប្រទេសឯទៀត ដើម្បីពង្រឹងទំនាក់ទំនងទ្វេភាគី ជំរុញកិច្ចសហប្រតិបត្តិការ និងផ្លាស់ប្តូរយោបល់លើបញ្ហា នានាដែលជាផលប្រយោជន៍ និងជាក្តីបារម្ភរួមទៅវិញទៅមកផងដែរ៕
