ផ្លូវជាតិលេខ១០ ក្លាយជាសរសៃឈាមសេដ្ឋកិច្ចដ៏សំខាន់តភ្ជាប់ពីស្រុកសំឡូតខេត្តបាត់ដំបងរហូតដល់ក្រុងខេមរភូមិន្ទខេត្តកោះកុង
ភ្នំពេញ៖ផ្លូវជាតិលេខ១០ គឺជាហេដ្ឋារចនាសម្ព័ន្ធដ៏សំខាន់មួយ តភ្ជាប់ពីស្រុកសំឡូត ខេត្តបាត់ដំបង ឆ្លងកាត់ខេត្តពោធិ៍សាត់ តាមភូមិសាស្ត្រឃុំប្រមោយ និងឃុំអូរសោម ស្រុកវាលវែង រហូតដល់ក្រុងខេមរភូមិន្ទខេត្តកោះកុង មានប្រវែងសរុបជាង ១៩៧ គីឡូម៉ែត្រ។
ផ្លូវជាតិមួយខ្សែនេះបានក្លាយជាសរសៃឈាមសេដ្ឋកិច្ចដ៏សំខាន់ សម្រាប់ជំរុញការដឹកជញ្ជូន ពាណិជ្ជកម្មនិងការតភ្ជាប់រវាងបណ្តាខេត្តតាមដងផ្លូវ។ ជាមួយគ្នានេះ ក៏ជាច្រកសក្តានុពលថ្មីសម្រាប់វិស័យទេសចរណ៍ដែលផ្តល់ជម្រើសបន្ថែមដល់អ្នកដំណើរ ក្នុងការធ្វើដំណើរកម្សាន្តតាមតំបន់ព្រៃភ្នំ ព្រៃព្រឹក្សា និងតំបន់ឆ្នេរសមុទ្រភាគនិរតីនៃប្រទេសកម្ពុជា។
ការអភិវឌ្ឍផ្លូវជាតិលេខ១០ គឺជាផ្នែកមួយដ៏សំខាន់នៃការអនុវត្តយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ ក្នុងគោលបំណងពង្រឹងហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន បង្កើនចរន្តសេដ្ឋកិច្ចបង្កើតឱកាសវិនិយោគ និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ។
ផ្លូវជាតិដែលតភ្ជាប់ពីតំបន់ភាគពាយ័ព្យ ទៅកាន់ភាគនិរតីនៃប្រទេសកម្ពុជាមួយខ្សែនេះ បានឆ្លងកាត់តំបន់ភ្នំខ្ពស់ ទំនាប ជ្រោះជ្រង ជ្រលងដងអូរ–ស្ទឹង និងព្រៃព្រឹក្សាដ៏ខៀវស្រងាត់គ្រប់រដូវកាល។ ជាពិសេស ក៏មានស្ពានខ្ពស់ដ៏អស្ចារ្យ ភ្ជាប់កំពូលភ្នំពីម្ខាងទៅម្ខាង ឆ្លងកាត់ដងស្ទឹងបង្កើតបានជាទស្សនីយភាពធម្មជាតិដ៏ស្រស់ស្អាត និងទាក់ទាញយ៉ាងក្រៃលែង៕
