ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ព្រឹកថ្ងៃនេះសម្តេចតេជោហ៊ុនសែនជួបសំណេះសំណាលជាមួយក្បាលម៉ាស៊ីនក្រសួងស្ថាប័ននិងក្បាលម៉ាស៊ីនដឹកនាំក្នុងរាជធានីភ្នំពេញសរុបជាង៤ពាន់នាក់

102

ភ្នំពេញនៅព្រឹកថ្ងៃអាទិត្យ ទី២៤ ខែឧសភា ឆ្នាំ២០២៦នេះ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃ ព្រះ រាជាណាចក្រកម្ពុជា មានជំនួបសំណេះសំណាលដ៏ធំដោយមានអ្នកចូលរួមសរុបជាង៤ពាន់នាក់។ ជំនួបសំណេះសំណាលនាព្រឹកថ្ងៃនេះ មានការអញ្ជើញចូលរួមពីសំណាក់សម្តេចមហាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា សម្តេចមហាបវរធិបតី ហ៊ុន ម៉ា ណែត នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចនិងឯកឧត្ដមជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ក្បាលម៉ាស៊ីន និងសមាជិកព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល ក្បាលម៉ាស៊ីនដឹកនាំតាមក្រសួង ស្ថាប័ន ក្រុមប្រឹក្សារាជធានី ខណ្ឌ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរ អង្គភាព ជុំវិញ រដ្ឋបាលរាជធានីភ្នំពេញ។

ជំនួបសំណេះសំណាលនាព្រឹកថ្ងៃនេះ គឺជាកម្មវិធីមួយនៃដំណើរឆ្ពោះទៅកាន់មូលដ្ឋានរបស់សម្តេចតេជោ  ហ៊ុន សែន។ ដំណើរឆ្ពោះទៅកាន់មូលដ្ឋាន បានចាប់ផ្តើមកាលពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៦។ ខេត្ត ចំនួន៨ហើយ ដែលសម្តេចតេជោ ហ៊ុន សែន បាន អញ្ជើញជួបសំណេះសំណាលរួមមាន៖ ខេត្តកំពង់ចាម ត្បូងឃ្មុំ កំពង់ស្ពឺ តាកែវ កំពត កែប ស្វាយរៀង និងព្រៃវែង។

កម្មវិធីជួបសំណេះសំណាលនេះ គឺជាវេលាដ៏មានសារៈសំខាន់មួយសម្រាប់សម្តេចតេជោ ហ៊ុន សែន ក្នុង ការក្រើនរំលឹក និងជំរុញដល់មន្ត្រីនៅមូលដ្ឋានឱ្យបង្កើនការយកចិត្តទុក ដាក់ ទៅលើកិច្ចការជាដែន សមត្ថកិច្ចរបស់ខ្លួន ជាពិសេសការផ្តល់សេវាទាំងឡាយជូន ប្រជាពលរដ្ឋ ក៏ដូចជាការដោះស្រាយបញ្ហា ទាំងឡាយ ដែល ជាក្តីកង្វល់របស់ប្រជាពលរដ្ឋ។

ក្រៅពីការជំរុញយកចិត្តទុកដាក់លើការផ្តល់សេវាហើយនោះ សម្តេចតេជោ ហ៊ុន សែន ក៏លើកឡើង ពី បញ្ហាសន្តិសុខសណ្តាប់ធ្នាប់ ការប្រយុទ្ធប្រឆាំងបទល្មើសនានា កិច្ចការ ការពារធនធានធម្មជាតិ និងការងារគ្រប់ គ្រងរដ្ឋបាលនៅមូលដ្ឋាន។

ឯកឧត្ដមឃូង ស្រេង អភិបាលរាជធានីភ្នំពេញបានបញ្ជាក់ថាភ្នំពេញគឺជារាជធានីនៃព្រះរាជាណាចក្រកម្ពុជា និងជាមជ្ឈមណ្ឌលនយោបាយ សេដ្ឋកិច្ច សង្គមកិច្ច ទេសចរណ៍ វប្បធម៌ និងការទូត ដែលមាន ការ អភិវឌ្ឍ លើគ្រប់ វិស័យ។ រាជធានីភ្នំពេញមានផ្ទៃដីសរុប ៦៩៥,៤៦គីឡូម៉ែត្រក្រឡា បែងចែកជា ១៤ខណ្ឌ ១០៥សង្កាត់ និង៩៥៣ភូមិ ស្ថិតនៅភាគខាងត្បូងនៃប្រទេសកម្ពុជា ត្រង់ទន្លេចតុមុខ ដែលជាចំណុចប្រសព្វរវាងទន្លេ មេគង្គលើ ទន្លេមេង្គក្រោម ទន្លេសាប និងទន្លេបាសាក់ ដែលមានព្រំប្រទល់ ខាងលិចទល់នឹង ស្រុកអង្គ ស្នួល ខាងកើតទល់នឹងក្រុងអរិយក្សត និងស្រុកគៀនស្វាយ ខាងជើងទល់នឹងស្រុកមុខកំពូល និងស្រុក ពញា ឮ ខាងត្បូងទល់នឹងស្រុកកណ្តាលស្ទឹង និងក្រុងតាខ្មៅ ខេត្តកណ្តាល។ 

រាជធានីភ្នំពេញ មានប្រជាជនរស់នៅអចិន្ត្រៃយ៍ប្រមាណជា ២,៣លាននាក់ និងប្រជាជនស្នាក់ នៅបម្រើ ការ ងារប្រមាណជា ៨០ម៉ឺននាក់ ក្នុងអត្រាកំណើន ០,៦ភាគរយក្នុងមួយឆ្នាំ និងមានដង់ស៊ីតេប្រមាណ ៣.៤៦៥នាក់ ក្នុងមួយគីឡូម៉ែត្រក្រឡា៕

អត្ថបទដែលជាប់ទាក់ទង