ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោកជំទាវបណ្ឌិត យុទ្ធនាការ «១ម៉ឺនរៀល១ម៉ឺននាក់» ឆ្នាំ២០២៦មិនមែនគ្រាន់តែជាយុទ្ធនាការរៃអង្គាសថវិកាធម្មតាទេ គឺជារលកចលនាមនុស្សធម៌ដ៏មានអត្ថន័យមួយ ដែលបង្ហាញពីស្មារតីសាមគ្គីភាព ការចែករំលែក និងទឹកចិត្តអាណិតអាសូររបស់ប្រជាពលរដ្ឋខ្មែរ ចំពោះទារក កុមារ និងស្ត្រីមានផ្ទៃពោះ

95

ភ្នំពេញ៖លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ប្រធានកិត្តិយសនៃមូលនិធិគន្ធបុប្ផាកម្ពុជា បានអញ្ជើញជាអធិបតីភាព ក្នុងឱកាសអបអរសាទរពិធីបើកយុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់»ឆ្នាំ២០២៦ និង«ពិធីសំណេះសំណាលជាមួយគណៈកម្មការទ្រទ្រង់មូលនិធិគន្ធបុប្ផាកម្ពុជា» ដែលបានប្រព្រឹត្តទៅសណ្ឋាគារ Raffles Hotel Le Royal Phnom Penh នាព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦។

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានថ្លែងថាយុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» មិនមែនគ្រាន់តែជាយុទ្ធនាការរៃអង្គាសថវិកាធម្មតាទេ ប៉ុន្តែយុទ្ធនាការនេះគឺជារលកចលនាមនុស្សធម៌ដ៏មានអត្ថន័យមួយ ដែលបង្ហាញពីស្មារតីសាមគ្គីភាព ការចែករំលែក និងទឹកចិត្តអាណិតអាសូររបស់ប្រជាពលរដ្ឋខ្មែរ ចំពោះទារក កុមារ និងស្ត្រីមានផ្ទៃពោះ ដែលត្រូវការសេវាពិនិត្យ ព្យាបាល និងសង្គ្រោះជីវិតនៅមន្ទីរពេទ្យគន្ធបុប្ផា។

ជាងនេះទៀតនៅពីក្រោយថវិកា ១ម៉ឺនរៀល មិនមែនជាចំនួនទឹកប្រាក់តិចតួចមួយប៉ុណ្ណោះទេ ប៉ុន្តែវាគឺជាក្តីសង្ឃឹមនៃការបន្តដង្ហើមសម្រាប់ទារក កុមារ ដែលកំពុងទន្ទឹងរង់ចាំការសង្គ្រោះ ជារបាំងមួយជួយឲ្យក្រុមគ្រូពេទ្យអាចបន្តបំពេញបេសកកម្មសង្គ្រោះអាយុជីវិតកុមារ និងទារកដែលកំពុងទន្ទឹងរង់ចាំការសង្គ្រោះ។ ជាងនេះទៀតការជួយសង្គ្រោះកុមារនៅថ្ងៃនេះ គឺជាការកសាងមូលធនមនុស្សដ៏មានតម្លៃសម្រាប់ថ្ងៃស្អែក (ព្រោះពួកគេអាចក្លាយជា គ្រូបង្រៀន គ្រូពេទ្យ វិស្វករ និងអ្នកដឹកនាំ) ដែលស្របទៅនឹងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១របស់រាជរដ្ឋាភិបាល ក្រោមកិច្ចដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត។

លោកជំទាវបណ្ឌិតបន្តថា «ឆ្នាំ២០២៦នេះជាឆ្នាំមួយដែលយើងប្រឈមនឹងសម្ពាធ និងប្រាកដជា ទាំងសេដ្ឋកិច្ចសកល និងបញ្ហាប្រឈមក្នុងតំបន់ មួយចំនួនក្នុងតំបន់។ ស្ថានភាពបែបនេះអាចធ្វើឱ្យការចូលរួមបរិច្ចាគមានការលំបាកជាងមុន ប៉ុន្តែជំងឺរបស់កុមារមិនរង់ចាំឱ្យស្ថានភាពសេដ្ឋកិច្ចប្រសើរឡើងសិននោះទេព្រោះតម្រូវការក្នុងការព្យាបាល និងសង្គ្រោះជីវិតនៅមន្ទីរពេទ្យគន្ធបុប្ផា នៅតែបន្តកើតមានជាដរាបរាល់ថ្ងៃ។ ការចូលរួមចំណែករបស់យើងនាពេលនេះ គឺកាន់តែមានន័យ និងកាន់តែមានតម្លៃជាងពេលណាៗទាំងអស់។ នៅក្នុងកាលៈទេសៈដ៏លំបាកនេះ ការចែករំលែកបន្តិចបន្តួចអាចក្លាយជាកម្លាំងដ៏ធំសម្រាប់អ្នកដែលកំពុងធ្វើការជាមួយ ហើយជាស្មារតីដ៏ថ្លៃថ្លារបស់ប្រជាជនខ្មែរ ទោះបីជានៅក្នុងកាលៈទេសៈណាខ្មែរនៅតែជួយខ្មែរ»

ទន្ទឹមនឹងនេះលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានអំពាវនាវយ៉ាងទទូចដល់ថ្នាក់ដឹកនាំគ្រប់ក្រសួង ស្ថាប័ន រដ្ឋបាលរាជធានី/ខេត្ត បន្តដឹកនាំសហការ សម្របសម្រួល និងជំរុញការចូលរួមបរិច្ចាគយុទ្ធនាការ ១ម៉ឺនរៀល ១ម៉ឺននាក់ ឆ្នាំ២០២៦ កាន់តែសកម្ម និងទូលំទូលាយ ឱ្យក្លាយជាស្មារតីចលនាមនុស្សធម៌ប្រចាំឆ្នាំដ៏មានអត្ថន័យ ដើម្បីកុមារកម្ពុជា។ 

លោកជំទាវបណ្ឌិតបង្ហាញក្តីសង្ឃឹមយ៉ាងមុតមាំថា យុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» នឹងបន្តក្លាយជាព្រឹត្តិការណ៍ប្រចាំឆ្នាំដ៏មានអត្ថន័យ ដែលជួយរំលឹក និងបំផុសស្មារតីសប្បុរសធម៌ពីគ្រប់មជ្ឈដ្ឋាន ដើម្បីរួមគ្នារក្សានូវនិរន្តរភាពបេសកកម្មដ៏ថ្លៃថ្លារបស់មន្ទីរពេទ្យគន្ធបុប្ផា ក្នុងការផ្តល់សេវាពិនិត្យ ព្យាបាល និងសង្គ្រោះជីវិតទារក កុមារ និងស្ត្រីមានផ្ទៃពោះ ដោយឥតគិតថ្លៃ និងប្រកបដោយគុណភាព និងមិនមានការរើសអើង។

ក្នុងឱកាសនោះលោកជំទាវបណ្ឌិតបានរំលឹកពីគុណូបការៈដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលបានបង្កើតមូលនិធិនេះឡើង ក៏ដូចជាការលះបង់ដ៏ធំធេងរបស់ លោកវេជ្ជបណ្ឌិត បេអាត រីជ្នឺ (Beat Richner) ក្នុងការបង្កើតមន្ទីរពេទ្យគន្ធបុប្ផា ក្រោមគោលការណ៍ «ព្យាបាលប្រកបដោយគុណភាព ឥតគិតថ្លៃ និងមិនរើសអើង»

ជាមួយគ្នានេះលោកជំទាវបណ្ឌិតប្រធានកិត្តិយសនៃមូលនិធិគន្ធបុប្ផាកម្ពុជា ក៏បានសម្តែងនូវការកោតសរសើរ និងដឹងគុណយ៉ាងជ្រាលជ្រៅចំពោះក្រុមគ្រូពេទ្យ និងបុគ្គលិកមន្ទីរពេទ្យគន្ធបុប្ផាទាំងអស់ ដែលបានខិតខំប្រឹងប្រែងទាំងយប់ទាំងថ្ងៃ មិនខ្លាចនឿយហត់ ក្នុងការបំប្លែងទឹកភ្នែក និងការព្រួយបារម្ភរបស់អាណាព្យាបាល ឱ្យក្លាយជា «ស្នាមញញឹម» ត្រឡប់ទៅផ្ទះវិញ ដែលនេះជារង្វាន់ដ៏ធំធេងបំផុតសម្រាប់ការបរិច្ចាគ។

សូមជម្រាបថាយុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» ឆ្នាំ២០២៦នេះ គឺជាព្រឹត្តិការណ៍ដែលឆ្លុះបញ្ចាំងពីសាមគ្គីភាពដ៏រឹងមាំ និងទឹកចិត្តមនុស្សធម៌ដ៏ធំធេងរបស់ថ្នាក់ដឹកនាំជាតិ និងសប្បុរសជនគ្រប់ទិសទី ក្នុងការរួមគ្នាបន្តដង្ហែតាមសកម្មភាពដ៏ឧត្តុង្គឧត្តម ដើម្បីធានាថា កុមារកម្ពុជារាប់លាននាក់នឹងនៅតែទទួលបានការថែទាំសុខភាព និងព្យាបាលដោយសេរីនៅមន្ទីរពេទ្យគន្ធបុប្ផា។

នេះជាលើកទី ៣ហើយ ដែលលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានអញ្ជើញដឹកនាំ និងបើក «យុទ្ធនាការ ម៉ឺនរៀល ម៉ឺន នាក់» ដោយផ្ទាល់ដ៏ខ្ពង់ខ្ពស់ បន្ទាប់ពីលោកជំទាវបណ្ឌិត បានផ្ដល់កិត្តិយសដ៏ថ្លៃថ្លា ក្នុងការដឹកនាំ និងការបើកយុទ្ធនាការនេះ លើកទី១ ក្នុងឆ្នាំ២០២៤ នៅលើទឹកដីអង្គរនៃខេត្តសៀមរាប និងលើកទី២ ក្នុងឆ្នាំ២០២៥ នៅរមណីយដ្ឋានវត្តភ្នំ នៃរាជធានីភ្នំពេញ, ក្រោយពេលដែលសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា, និង លោកជំទាវបណ្ឌិត បានផ្ដល់កិត្តិយស ដ៏ឧត្តុង្គឧត្តម ធ្វើជាសហប្រធានកិត្តិយស នៃមូលនិធិគន្ធបុប្ផាកម្ពុជា កាលពីចុងឆ្នាំ២០២៣ កន្លងទៅ ។

សម្រាប់យុទ្ធនាការនាថ្ងៃនេះ ត្រូវបានរៀបចំឡើងចំនួន ៤លើករួចមកហើយ,ដោយទទួលបានលទ្ធផលគួរជាទីមោទនៈ និងមានការចូលរួមយ៉ាងសស្រាក់សស្រាំ ពីសំណាក់បណ្ដាថ្នាក់ដឹកនាំនៃក្រសួង-ស្ថាប័ន, ក្រុមហ៊ុន-សហគ្រាស, បុគ្គលមានប្រជាប្រិយភាព, សារព័ត៌មាន ជាតិ និង អន្តរជាតិ, ព្រមជាមួយនឹងការចូលរួមបរិច្ចាគ យ៉ាងផុសផុល ពីសំណាក់សប្បុរសជននានា ពីគ្រប់មជ្ឈដ្ឋាន ។ជាក់ស្តែងកាលពីឆ្នាំ២០២៥ កន្លងទៅ, ក្រោមការដឹកនាំដោយផ្ទាល់ដ៏ខ្ពង់ខ្ពស់របស់លោកជំទាវបណ្ឌិតពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត, យុទ្ធនាការនេះទទួលបានថវិកាបរិច្ចាគ សរុបជាង ៦លានដុល្លារអាមេរិក ដោយមានអ្នកចូលរួមបរិច្ចាគ ប្រមាណជាង ៣០ម៉ឺននាក់ ។ ភាពជោគជ័យដ៏ត្រចះត្រចង់នេះ គឺជាកម្លាំងចិត្តមួយដ៏ខ្លាំង ដែលជំរុញឲ្យមូលនិធិគន្ធបុប្ផាកម្ពុជា សម្រេចបន្តរៀបចំ «យុទ្ធនាការ ១ម៉ឺនរៀល ១ម៉ឺននាក់ ឆ្នាំ២០២៦»

សូមជម្រាបថាយុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» របស់មូលនិធិគន្ធបុប្ផាកម្ពុជា  ត្រូវបានរៀបចំ ជារៀងរាល់ឆ្នាំ ក្នុងរយៈពេលពេញ១ខែមិថុនា ចាប់តាំងពីឆ្នាំ២០២២ មក។ យុទ្ធនាការនេះជាកាតាលីករដ៏សំខាន់ក្នុងការជំរុញការបំផុសចលនាកៀរគរការបរិច្ចាគឱ្យកាន់តែផុសផុល និងសកម្មបន្ថែមទៀត ក្នុងចំណោម សិស្ស និស្សិត យុវជន បុគ្គលិក មន្រ្តីរាជការ ថ្នាក់ដឹកនាំ ពាណិជ្ជករ និងសាធារណជន ក្នុងមហាចលនាមនុស្សធម៌របស់ជាតិ និងក្នុងស្មារតី «ខ្មែរជួយខ្មែរ»ដើម្បីរួមគ្នានាំក្តីសង្ឃឹម និងភាពញញឹមដល់ទារក និងកុមារ ព្រមទាំងស្រីមានផ្ទៃពោះ នៅកម្ពុជា រាប់លានករណី ក្នុងមួយឆ្នាំ ដែលត្រូវការសេវាពិនិត្យ និងព្យាបាល ក៏ដូចជាសេវាសម្ភព នៅមន្ទីរពេទ្យគន្ធបុប្ផា ដោយឥតគិតថ្លៃ ប្រកបដោយគុណភាព និង មិនមានការរើសអើង៕

អត្ថបទដែលជាប់ទាក់ទង