ការប្រឡងជ្រើសរើសមន្ដ្រីរាជការចូលបម្រើការងារក្នុងក្របខ័ណ្ឌក្រសួងយុត្តិធម៌, ក្រសួងមុខងារសាធារណៈរៀបចំ
ភ្នំពេញ៖ការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការ ឲ្យចូលបម្រើការងារក្នុងក្របខ័ណ្ឌក្រសួងយុត្តិធម៌ បានចាប់ផ្ដើមនៅព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៦នេះ ដោយមានការអញ្ជើញកាត់វិញ្ញាសាជានិមិត្តរូបពីឯកឧត្ដម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការប្រឡងប្រជែង ព្រមទាំងមានការអញ្ជើញចូលរួមពី តំណាងក្រសួងយុត្តិធម៌ តំណាងក្រសួងពាក់ព័ន្ធ តំណាងអង្គភាពប្រឆាំងអំពើពុករលួយ តំណាងសាកលវិទ្យាល័យនានា រួមទាំងអ្នកសង្កេតការណ៍មហាជន ព្រមទាំងតំណាងសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) និងអ្នកសារព័ត៌មានជាច្រើនរូប។
ក្នុងឱកាសនេះ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានជម្រាបជូនបេក្ខជនថា នៅក្នុងដៃរបស់លោកជាវិញ្ញាសាដែលទើបតែជ្រើសរើសមុននេះបន្តិច និងបានរៀបចំក្តៅៗ។ ដំណើរការនេះ គឺដើម្បីធានាបាននូវការប្រឡងប្រជែង ជាពិសេសការចេញវិញ្ញាសាមិនមាននណាម្នាក់ដឹងមុននោះទេ សូម្បីតែលោកខ្លួនឯង ដែលជាអ្នកជ្រើសរើសប្រធានវិញ្ញាសាក៏ដោយ។
លើសពីនេះ ឯកឧត្ដមឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី ក៏បានបញ្ជាក់ថា រាល់សន្លឹកកិច្ចការរបស់បេក្ខជន គឺមានហត្ថលេខារបស់លោកគ្រប់សន្លឹកតែម្តង។
សូមជម្រាបថា ពេលដែលការប្រឡងវិញ្ញាសាសរសេរវេនទី១ កំពុងចាប់ផ្តើម ស្របពេលដែលវិញ្ញាសាវេនទី២ ទី៣ ទិ៤ និងទី៥ ក៏កំពុងតាក់តែងនៅឡើយ។ វិញ្ញាសាដែលបេក្ខជន ត្រូវប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការ ឲ្យចូលបម្រើការងារក្នុងក្របខ័ណ្ឌក្រសួងយុត្តិធម៌ មានចំនួន៥ រួមមាន៖ ១៖ វិញ្ញាសាសរសេររដ្ឋប្បវេណី, ២៖ វិញ្ញាសាសរសេរព្រហ្មទណ្ឌ, ៣៖ វិញ្ញាសាសរសេរទំនាក់ទំនងអន្តរជាតិ, ៤៖ វិញ្ញាសាពហុចម្លើយភាសាអង់គ្លេស និង៥៖ វិញ្ញាសាពហុចម្លើយចំណេះដឹងទូទៅ៕
