ឯកឧត្ដម ទៀ សីហា ៖ក្រោយអនុវត្តច្បាប់ស្ដីពីកាតព្វកិច្ចយោធា មានយុវជនប្រមាណ១ម៉ឺននាក់ហើយបានចុះឈ្មោះហាត់ទាហានភាគច្រើនជាកូនថ្នាក់ដឹកនាំ
កោះកុង៖ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ទៀ សីហា រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាតំណាងដ៏ខ្ពង់ខ្ពស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា ក្រោយអនុវត្តច្បាប់ស្ដីពីកាតព្វកិច្ចយោធា មានយុវជនប្រមាណ ១ម៉ឺននាក់ បានចុះឈ្មោះ ដោយភាគច្រើនជាកូនថ្នាក់ដឹកនាំ។
ថ្លែងក្នុងឱកាសអញ្ជើញជាអធិបតីភាពសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ស្តូបអនុស្សាវរីយ៍នយោបាយឈ្នះ ឈ្នះ នៅក្រុងខេមរភូមិន្ទ ខេត្តកោះកុង នៅព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ទៀ សីហា បានលើកឡើងថា ការរៀបចំច្បាប់ស្ដីពីកាតព្វកិច្ចយោធា ត្រូវការការស្រាវជ្រាវបន្ថែមជាច្រើន ដើម្បីកំណត់ឱ្យច្បាស់នូវលក្ខខណ្ឌសម្រាប់ដំណើរការចុះឈ្មោះ អំឡុងពេលហ្វឹកហាត់ និងក្រោយពេលហ្វឹកហាត់ត្រូវបានបញ្ចប់។
លោកឧបនាយក បានថ្លែងបន្តថា បន្ទាប់ពីប្រកាសដាក់ឱ្យដំណើរការច្បាប់នេះឡើងវិញ មានយុវជនប្រមាណ ១ម៉ឺននាក់ហើយ បានចុះឈ្មោះ។ ឯកឧត្ដមបានថ្លែងបញ្ជាក់ដូច្នេះថា៖ «មិនថាកូនអ្នកធំ កូនអ្នកមានកូនកសិករ គឺមានសិទ្ធិចូលទាំងអស់គ្នា។ ហើយបច្ចុប្បន្ននេះ អ្នកដែលដាក់ពាក្យមកសុទ្ធតែកូនថ្នាក់ដឹកនាំ»។
ឯកឧត្ដមរដ្ឋមន្ត្រី ទៀ សីហា បានមានប្រសាសន៍ទៀតថា ការដាក់ឱ្យអនុវត្តច្បាប់នេះ ដើម្បីបើកឱកាសដល់យុវជនចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការការពារបូរណភាពទឹកដី ករណីប្រទេសមានភាពអាសន្ននៅពេលណាមួយ។
ច្បាប់ស្ដីពីកាតព្វកិច្ចយោធា ត្រូវបានចុះហត្ថលេខាដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦ ដោយសម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី។ ច្បាប់នេះមាន ៨ជំពូក និង ២០មាត្រា ដែលកំណត់អំពីវិធាននៃការអនុវត្តកាតព្វកិច្ចយោធា ដើម្បីរួមចំណែកកសាងប្រទេសជាតិ និងការពារមាតុភូមិ។ យុវជនអាយុចាប់ពី១៨ ដល់ ២៥ឆ្នាំ ត្រូវបានកំណត់ឱ្យជាប់ក្នុងកាតព្វកិច្ចនេះ ហើយនារី នឹងធ្វើឡើងតាមគោលការណ៍ស្ម័គ្រចិត្ត។
ការបំពេញកាតព្វកិច្ចយោធាមានរយៈពេលកំណត់ ២៤ខែ គិតពីថ្ងៃចូលបំពេញកាតព្វកិច្ច ហើយអាចបន្តបានមិនឱ្យលើសពី ៦ខែ ក្នុងករណីចាំបាច់។ ប្រជាពលរដ្ឋដែលគេចវេសពីកាតព្វកិច្ចយោធា អាចត្រូវជាប់ពន្ធនាគារពី ៦ខែ ទៅ ២ឆ្នាំ ក្នុងប្រទេសមានសន្តិភាព និងពី ២ឆ្នាំ ទៅ ៥ឆ្នាំ ក្នុងប្រទេសមានសង្គ្រាម។ យោធិនដែលបានបញ្ចប់កាតព្វកិច្ចយោធា ត្រូវស្ថិតក្នុងបញ្ជីយោធិនបម្រុងរហូតដល់អាយុ ៤៥ឆ្នាំ៕
