ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រកាសចូលកាន់តំណែងអភិបាលរងខេត្តស្វាយរៀងថ្មី២រូបនិង១រូបជាអភិបាលក្រុងបាវិត

97

ស្វាយរៀង៖យោងតាមអនុក្រឹត្យរបស់រាជរដ្ឋាភិបាលកម្ពុជាលេខ៤៦១ អនក្រ.តត ចុះថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦ បានសម្រេចតែងតាំង លោក កង វិណ្ណារ៉ូ នឹងលោក លឹម សៀងហេង អភិបាលរង នៃគណៈអភិបាលខេត្តស្វាយរៀង និងអនុក្រឹត្យលេខ៤៧៨ ចុះថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦ បានសម្រេចតែងតាំងលោក ម៉ែន ចាន់រ៉ា ជាអភិបាលក្រុងបាវិត។

ពិធីនេះក្រោមអធិបតីភាពឯកឧត្ដមផាន់ ចាន់ធុល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ តំណាងឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃនៅព្រឹកថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៦ បានអញ្ជើញប្រកាសចូលកាន់មុខតំណែង អភិបាលរងខេត្តស្វាយរៀង និងអភិបាលក្រុងបាវិត។

ពិធីប្រកាសនេះ មានការចូលរួមពីលោកឯកឧត្ដមម៉ែន វិបុល ប្រធានក្រុមប្រឹក្សាខេត្តស្វាយរៀង និងឯកឧត្ដម ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង ព្រមទាំងលោក លោកស្រី ប្រតិភូក្រសួងមហាផ្ទៃ សមាជិក សមាជិកា ក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត អភិបាល អភិបាលរងក្រុង ស្រុក មន្ទីរ អង្គភាព នានា និងអាជ្ញាធរដែនដីក្នុងខេត្តសរុបប្រមាណ៤០០នាក់។

ក្នុងឱកាសនោះ ឯកឧត្ដមអភិបាលខេត្តស្វាយរៀងបានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះវត្តមានរបស់ឯកឧត្ដមផាន់ ចាន់ធុល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ អញ្ជើញជាអធិបតីនៅក្នុងពិធីប្រកាសចូលកាន់មុខតំណែង អភិបាលរង ខេត្តស្វាយរៀង និងអភិបាលក្រុងបាវិតនាពេលនេះ។

ឯកឧត្ដមបន្តថា ដោយផ្អែកលើមូលដ្ឋានកម្មវិធីនយោបាយ វិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលភិបាល ផែនការអភិវឌ្ឍន៍ខេត្ត៥ឆ្នាំ កម្មវិធីវិនិយោគបីឆ្នាំរំកិល និងគម្រោងអភិវឌ្ឍន៍ ខេត្តប្រចាំឆ្នាំ រដ្ឋបាលខេត្ត ដោយមានការចូលរួមចំណែក និងការគាំទ្រពីក្រសួង-ស្ថាប័ន ពាក់ព័ន្ធដៃគូអភិវឌ្ឍន៍ សប្បុរសជន ទទួលបាននូវសមិទ្ធផលនានាជាច្រើន បម្រើឲ្យផលប្រយោជន៍ និងតម្រូវការជាក់ស្តែងនៅមូលដ្ឋាន។

ជាពិសេសការងារសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ ក្នុងរយៈពេល ៥ខែមកនេះ កម្លាំង សមត្ថកិច្ចគ្រប់ប្រភេទ និងគណៈបញ្ជាការឯកភាពរដ្ឋបាល់គ្រប់ថ្នាក់នៅក្នុងខេត្ត បានខិតខំ យកចិត្តទុកដាក់បំពេញតួនាទីភារកិច្ច ប្រកបដោយភាពម្ចាស់ការ និងការទទួលខុសត្រូវ ក្នុងការ ចាត់តាំងអនុវត្តយ៉ាងម៉ឺងម៉ាត់នូវគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព យុទ្ធនាការ ប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ ការលើកកម្ពស់ការអប់រំ ច្បាប់ចរាចរណ៍ផ្លូវគោក ការបង្ក្រាប និងចាត់វិធានការគត់ម៉ត់ចំពោះករណីក្មេងទំនើង និងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ និងការដាក់ចេញនូវវិធានការ និងចំណាត់ការដ៏ម៉ឺងម៉ាត់ជាបន្តបន្ទាប់ ទាំងការចុះធ្វើរដ្ឋបាលចំហរ និងចុះប្រតិបត្តិការបង្ក្រាបដូចភ្លៀងរលឹមដោយមន្ធូរដៃឡើយ។

ឯកឧត្ដមបន្ថែមថា ក្នុងនាមក្រុមប្រឹក្សាខេត្ត និងគណៈអភិបាលខេត្ត សូមសម្តែងនូវការអរគុណយ៉ាងជ្រាលជ្រៅចំពោះ លោក រស់ ផារិទ្ធ និងលោក សុខ រស់ ដែលត្រូវបានផ្ទេរភារកិច្ច ក្នុងអាណត្តិការងារជាអភិបាលរងខេត្ត ដែលកន្លងមកបានខិតខំយកចិត្តទុកដាក់បំពេញការងារយ៉ាងសកម្ម និងប្រកបដោយការទទួលខុសត្រូវស្របតាមការបែងចែកតួនាទីភារកិច្ច របៀបរបបធ្វើការងារក្នុងជួរគណៈអភិបាលខេត្តស្វាយរៀង និងតាមការ ប្រគល់ភារកិច្ចពីថ្នាក់ដឹកនាំខេត្ត ចូលរួមចំណែកធ្វើឲ្យរដ្ឋបាលខេត្តសម្រេចបានលទ្ធផលយ៉ាង ល្អប្រសើរ ទាំងក្នុងកិច្ចការអភិវឌ្ឍន៍ ការថែរក្សាសន្តិសុខសណ្តាប់ធ្នាប់សាធារណៈក្នុងខេត្ត ការ ផ្តល់សេវាសាធារណៈ និងការដោះស្រាយបញ្ហាប្រឈមនានារបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន។ 

ក្នុងឱកាសនោះឯកឧត្ដមផាន់ ចាន់ធុល បានថ្លែងថា ក្នុងនាមលោកអភិសន្តិបណ្ឌិតស សុខា សូមសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ ក្រុមប្រឹក្សា គណៈ អភិបាលខេត្តស្វាយរៀង មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងប្រជាពលរដ្ឋទូទាំងខេត្ត ដែលបានខិតខំប្រឹងប្រែងរួមគ្នាយ៉ាងសកម្មក្នុងការបំពេញតួនាទី ភារកិច្ចប្រកបដោយ ស្មារតី ទទួលខុសត្រូវខ្ពស់ ដើម្បីសម្រេចបាននូវសមិទ្ធផលក្នុងការធានាថែរក្សាសុខសន្តិភាព ស្ថិរភាព នយោបាយ ការរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ការលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ និងជំរុញ ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ស្របតាមកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ដែលកំពុងដឹកនាំកម្ពុជាឈានឆ្ពោះទៅរកការសម្រេចបាន នូវចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០។

ឯកឧត្ដមរដ្ឋលេខាធិការបានណែនាំដល់លោកអភិបាលរងខេត្តស្វាយរៀងទាំងពីររូបនិងលោកអភិបាលក្រុងបាវិត ដែលទើបនឹងទទួលមុខតំណែងថ្មី ត្រូវខិតខំប្រឹងប្រែងអនុវត្ត តួនាទី ភារកិច្ច តាមរយៈចំណេះដឹង សមត្ថភាព និងបទ ពិសោធន៍ ការងាររបស់ខ្លួន ដើម្បីបន្តចូលរួមក្នុងការងារដឹកនាំ គ្រប់គ្រង និងអភិវឌ្ឍមូលដ្ឋានខេត្តស្វាយរៀង ឱ្យកាន់តែមានភាពរីកចម្រើន និងទទួលបានសមិទ្ធផលថ្មីៗថែមទៀត៕

អត្ថបទដែលជាប់ទាក់ទង