ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កម្ពុជាធ្វើជាម្ចាស់ផ្ទះ«ការបង្កើតកិច្ចសហប្រតិបត្តិការស្ថាប័នប្រវត្តិសាស្ត្រយោធាអាស៊ាន» រយៈពេល៤ថ្ងៃនៅខេត្តសៀមរាប

24

ភ្នំពេញ៖អគ្គនាយកដ្ឋាននយោបាយ និងកិច្ចការបរទេស នៃក្រសួងការពារជាតិ ព្រះរាជាណាចក្រកម្ពុជា បានរៀបចំធ្វើជាម្ចាស់ផ្ទះបើកសិក្ខាសាលាស្តីពី «ការបង្កើតកិច្ចសហប្រតិបត្តិការស្ថាប័នប្រវត្តិសាស្ត្រយោធាអាស៊ាន» ចាប់ពីថ្ងៃទី០៣ ដល់ថ្ងៃទី០៦ខែមិថុនា ឆ្នាំ២០២៦ នៅខេត្តសៀមរាប ដោយមានការចូលរួមពីបណ្តាប្រទេសសមាជិកអាស៊ាន និងលេខាធិការដ្ឋានអាស៊ាន។
ក្នុងឱកាសពិធីបើកសិក្ខាសាលានាព្រឹកថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៦ មានការអញ្ជើញផ្តល់សុន្ទរកថាគន្លឹះពីសំណាក់នាយឧត្តមសេនីយ៍ ណឹម សុវត្ថិ អគ្គនាយក អគ្គនាយកដ្ឋាននយោបាយ និងកិច្ចការបទេស ក្រសួងការពារជាតិអគ្គលេខាធិការគណៈកម្មាធិការជាតិប្រវត្តិសាស្រ្តយោធា និងជាប្រធាឧត្តមមន្រ្តីការពារជាតិអាស៊ាននៃព្រះរាជាណាចក្រកម្ពុជា។ 
ក្នុងនោះនាយឧត្តមសេនីយ៍ ណឹម សុវត្ថិ បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះគណៈប្រតិភូ និងអ្នកចូលរួមទាំងអស់មកកាន់សិក្ខាសាលាលើកទី១ ស្តីពីការបង្កើតកិច្ចសហប្រតិបត្តិការស្ថាប័នប្រវត្តិសាស្ត្រយោធាអាស៊ាន (AMHIC) និងបានគូសបញ្ជាក់ពីសារៈសំខាន់នៃគំនិតផ្តួចផ្តើមនេះ បន្ទាប់ពីឯកសារគោលគំនិត AMHIC ត្រូវបានអនុម័តនៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន (ADMM) លើកទី១៩ កាលពីឆ្នាំ២០២៥។ 
នាយឧត្តមសេនីយ៍ ណឹម សុវត្ថិ ក៏បានបញ្ជាក់ថា AMHIC ត្រូវបានបង្កើតឡើងដោយឈរលើគោលការណ៍ស្នូលរបស់អាស៊ាន រួមមានការឯកភាពគ្នា បរិយាបន្ន ការគោរពគ្នាទៅវិញទៅមក ភាពបត់បែន និងការមិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង។
ទន្ទឹមនេះ នាយឧត្តមសេនីយ៍ ណឹម សុវត្ថិ បានលើកឡើងថា ប្រវត្តិសាស្ត្រយោធា មិនមែនគ្រាន់តែជាកំណត់ត្រានៃសង្គ្រាម និងជម្លោះប៉ុណ្ណោះទេ ប៉ុន្តែជាប្រភពនៃមេរៀន យុទ្ធសាស្ត្រ និងទស្សនវិស័យ ដែលអាចជួយដល់ការកសាងសន្តិភាព ការទប់ស្កាត់ជម្លោះ និងការពង្រឹងភាពធន់របស់តំបន់។ ក្នុងបរិបទសន្តិសុខបច្ចុប្បន្នដែលកំពុងប្រឈមមុខនឹងការប្រកួតប្រជែងភូមិសាស្ត្រនយោបាយ និងបញ្ហាប្រឈមសន្តិសុខដ៏ស្មុគស្មាញ ការសិក្សាពីប្រវត្តិសាស្ត្រអាចជួយទប់ស្កាត់ការគណនាខុស កាត់បន្ថយភាពតានតឹង និងរក្សាស្ថិរភាពក្នុងតំបន់។ 
នាយឧត្តមសេនីយ៍ ណឹម សុវត្ថិ បានបញ្ជាក់ថា អាស៊ាន គឺជាគំរូជោគជ័យនៃការប្រែក្លាយពីអតីតកាលដែលពោរពេញដោយបញ្ហាប្រឈម មកជាសហគមន៍ដែលមានសន្តិភាព ស្ថិរភាព និងវិបុលភាព តាមរយៈកិច្ចសន្ទនា និងកិច្ចសហប្រតិបត្តិការ។ ក្នុងន័យនេះ AMHIC នឹងដើរតួនាទីជាវេទិកាភ្ជាប់សារមន្ទីរយោធា បណ្ណសារ មជ្ឈមណ្ឌលស្រាវជ្រាវ ស្ថាប័នអប់រំ និងស្ថាប័នប្រវត្តិសាស្ត្រយោធានានាក្នុងអាស៊ាន ដើម្បីជំរុញការផ្លាស់ប្តូរវិជ្ជាជីវៈ ការស្រាវជ្រាវរួម ការអភិរក្សបេតិកភណ្ឌយោធា និងការយល់ដឹងកាន់តែស៊ីជម្រៅអំពីកិច្ចសហប្រតិបត្តិការការពារជាតិអាស៊ាន។
ជាមួយគ្នានេះដែរ នាយឧត្តមសេនីយ៍ ណឹម សុវត្ថិ បានលើកយកបទពិសោធន៍របស់កម្ពុជា ដែលបានបង្ហាញថា «នយោបាយឈ្នះឈ្នះ»ដែលផ្តួចផ្តើមឡើងដោយ សម្តេចតេជោ ហ៊ុន សែន គឺជាគំរូដ៏ជោគជ័យនៃការសម្រេចបានសន្តិភាព និងការឯកភាពជាតិពេញលេញតាមរយៈការផ្សះផ្សារការកសាងទំនុកចិត្ត និងការធានាសុវត្ថិភាពសម្រាប់គ្រប់ភាគី មិនមែនតាមរយៈការប្រើប្រាស់កម្លាំងយោធាដើម្បីកម្ទេចភាគីម្ខាងទៀតនោះទេ។ 
ក្រៅពីនេះ នាយឧត្តមសេនីយ៍ ណឹម សុវត្ថិ ក៏បានបញ្ជាក់ថា កងយោធពលខេមរភូមិន្ទបានបង្កើតក្រុមការងារប្រវត្តិសាស្ត្រយោធានៅគ្រប់អង្គភាព ដើម្បីពង្រឹងការយល់ដឹងពីប្រវត្តិសាស្ត្រ និងរក្សាសាមគ្គីភាពជាតិ។
បន្ថែមពីលើនេះ នាយឧត្តមសេនីយ៍ ណឹម សុវត្ថិ បានគូសបញ្ជាក់ថា ប្រវត្តិសាស្ត្រនៃជម្លោះប្រដាប់អាវុធ គឺជាបញ្ហាដែលបានកើតឡើងជាច្រើនទសវត្សរ៍មកហើយ ហើយមិនគួរត្រូវបានបណ្តោយឱ្យកើតមានឡើងទៀតនោះទេ។ ផ្ទុយទៅវិញ យើងគួរតែចូលរួមចំណែកយ៉ាងសកម្មក្នុងការលើកកម្ពស់សន្តិភាព ស្ថិរភាព និងវិបុលភាពបរិយាបន្ន ទាំងសម្រាប់ប្រវត្តិសាស្ត្របច្ចុប្បន្ន និងទៅអនាគត។ ប្រទេសនីមួយៗគួរតែខិតខំស្វែងរកកិច្ចសហប្រតិបត្តិការ និងការប្តេជ្ញាចិត្តរួមគ្នា ដើម្បីជួយស្វែងរកដំណោះស្រាយចំពោះបញ្ហាប្រឈមនានាដែលកំពុងបន្តកើតមាន ដោយផ្អែកលើច្បាប់អន្តរជាតិ។
នាយឧត្តមសេនីយ៍ ណឹម សុវត្ថិ បានបន្តថា នៅក្នុងបរិបទសង្គម និងវប្បធម៌ដ៏ទំនើបជឿនលឿនរបស់យើង យើងគួរតែស្វែងរកវិធីសាស្ត្រថ្មីៗបន្ថែមទៀត ដើម្បីទប់ទល់ និងឆ្លើយតបទៅនឹងការគំរាមកំហែងសហសម័យ ដូចជា គ្រោះមហន្តរាយធម្មជាតិ សន្តិសុខស្បៀង សន្តិសុខសេដ្ឋកិច្ច និងបញ្ហាផ្សេងៗទៀតជាដើម។ ជាពិសេស ដើម្បីការពារជាតិរបស់យើង យើងគួរតែផ្តោតលើការកសាងភាពធន់បន្ថែមទៀតនៅក្នុងវិស័យការពារជាតិ តាមរយៈការបង្កើនការចំណាយលើវិស័យការពារជាតិឱ្យបានសមស្រប ដើម្បីឆ្លើយតបទៅនឹងតម្រូវការយុទ្ធសាស្ត្រជាក់ស្តែង ក្នុងគោលបំណងកសាងសហគមន៍មួយដែលមានស្ថិរភាព សន្តិភាព និងវិបុលភាព ទាំងនៅក្នុងតំបន់ និងនៅលើឆាកអន្តរជាតិ។តាមរយៈការរៀបចំសិក្ខាសាលាលើកទី១ ស្តីពីការបង្កើតកិច្ចសហប្រតិបត្តិការស្ថាប័នប្រវត្តិសាស្ត្រយោធាអាស៊ាន (AMHIC) នេះ កម្ពុជាសង្ឃឹមយ៉ាងមុតមាំថា គណៈប្រតិភូទាំងអស់នឹងទទួលបាននូវចំណេះដឹង និងបទពិសោធន៍ថ្មីៗ ព្រមទាំងការយល់ដឹងកាន់តែស៊ីជម្រៅអំពីប្រវត្តិសាស្ត្រយោធា មរតកវប្បធម៌ និងដំណើរការកសាងសន្តិភាពរបស់ប្រទេសកម្ពុជា។ 
សិក្ខាសាលានេះក៏បានផ្តល់ឱកាសដ៏មានតម្លៃសម្រាប់ការផ្លាស់ប្តូរទស្សនៈ និងការចែករំលែកបទពិសោធន៍អំពីតួនាទីនៃប្រវត្តិសាស្ត្រយោធាក្នុងការកសាងអត្តសញ្ញាណជាតិ ការបណ្តុះស្មារតីស្នេហាជាតិ ការកសាងទំនុកចិត្ត និងការលើកកម្ពស់ការយោគយល់គ្នាទៅវិញទៅមកក្នុងចំណោមប្រទេសសមាជិក
អាស៊ាន។ ជាពិសេស មេរៀនដែលទទួលបានពីប្រវត្តិសាស្ត្រយោធារបស់បណ្តាប្រទេសអាស៊ាន បានបង្ហាញឱ្យឃើញថា ការយល់ដឹងពីអតីតកាលមិនមែនដើម្បីរំលឹកជម្លោះនោះទេ ប៉ុន្តែដើម្បីដកស្រង់បទពិសោធន៍សម្រាប់ការទប់ស្កាត់ជម្លោះ ការពង្រឹងទំនុកចិត្ត និងការកសាងសន្តិភាពប្រកបដោយចីរភាព។ 
ក្នុងន័យនេះ AMHIC អាចដើរតួនាទីជាវេទិកាដ៏សំខាន់មួយក្នុងការតភ្ជាប់ស្ថាប័នប្រវត្តិសាស្ត្រយោធារបស់អាស៊ាន ដើម្បីជំរុញការស្រាវជ្រាវ ការអភិរក្សមរតកប្រវត្តិសាស្ត្រ និងការផ្លាស់ប្តូរវិជ្ជាជីវៈរវាងគ្នា។
ក្រៅពីកិច្ចប្រជុំ និងសិក្ខាសាលា គណប្រតិភូអាស៊ានក៏នឹងអញ្ជើញទស្សនកិច្ចវប្បធម៌តាមបណ្តាប្រាសាទបុរាណនានាក្នុងខេត្តសៀមរាប ជាពិសេសប្រាសាទអង្គរវត្ត ដែលជាបេតិកភណ្ឌវប្បធម៌ពិភពលោកដ៏ល្បីល្បាញ។ ទស្សនកិច្ចនេះក៏ជាផ្នែកមួយក្នុងការផ្សព្វផ្សាយវិស័យទេសចរណ៍កម្ពុជា និងបង្ហាញពីវប្បធម៌ អរិយធម៌ ប្រពៃណី និងជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា ទៅកាន់សហគមន៍អន្តរជាតិផងដែរ៕

អត្ថបទដែលជាប់ទាក់ទង