ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឆ្មាំសមុទ្រចិននិងតៃវ៉ាន់ប្រឈមមុខគ្នាតានតឹងជាថ្មីនៅក្បែរសមុទ្រចិនខាងត្បូង

19

តៃប៉ិ៖តៃវ៉ាន់បានឱ្យដឹងថា ឆ្មាំសមុទ្រតៃវ៉ាន់និងឆ្មាំសមុទ្រចិន បានស្ថិតក្នុងការប្រឈមមុខគ្នាតានតឹងសាជាថ្មី នៅក្បែរតំបន់ថ្មប៉ប្រះទឹក Pratas ចុងភាគខាងជើងសមុទ្រចិនខាងត្បូង នាថ្ងៃសុក្រនេះ ខណៈឧប្បត្តិហេតុស្រដៀងគ្នា ក៏បានកើតមានឡើងកាលពី២សប្តាហ៍មុន ផងដែរ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃសុក្រ ទី៥ ខែមិថុនា ឆ្នាំ២០២៦។

តំបន់ថ្មប៉ះប្រះទឹក Pratas ដែលគ្រប់គ្រងដោយតៃវ៉ាន់ ស្ថិតនៅចន្លោះភាគខាងត្បូងកោះតៃវ៉ាន់ និងទីក្រុង Hong Kong ហើយមានចម្ងាយជាង ៤០០គីឡូម៉ែត្រពីតៃវ៉ាន់។ នាព្រឹកថ្ងៃសុក្រនេះ ឆ្មាំសមុទ្រតៃវ៉ាន់ បានអះអាងថា ខ្លួនបានប្រទះឃើញនាវាឆ្មាំសមុទ្រចិន១គ្រឿង ដែលក្រោយមក បានបើកបំពានចូលដែនទឹកហាមឃាត់ នៅជុំវិញតំបន់ថ្មប៉ប្រះទឹក Pratas បន្ទាប់ពីវាបានបង្កើនល្បឿន និងបត់ចង្កូតយ៉ាងខ្លាំង ដោយមិនអើពើចំពោះ ការព្រមានរបស់នាវាតៃវ៉ាន់។ ឆ្មាំសមុទ្រតៃវ៉ាន់ បានបន្ថែមថា នាវាទាំង២គ្រឿងកំពុងបន្តប្រឈមមុខគ្នា ហើយប្រើពាក្យសម្តីយ៉ាងតានតឹងដាក់គ្នា ទៅវិញទៅមក។

ឆ្មាំសមុទ្រតៃវ៉ាន់បាននិយាយថា នាវាចិនកំពុងព្យាយាមបង្កើតរូបភាពភូតកុហកដែលថា ចិនមានយុត្តាធិការលើដែនទឹកនៅជុំវិញថ្មប៉ប្រះទឹក Pratas។ ទីក្រុងតៃប៉ិបានសង្កត់ធ្ងន់យ៉ាងដូច្នេះថា «នេះមិនត្រឹមប៉ះពាល់ស្ថានភាពដើម នៃសន្តិភាពនិងស្ថិរភាពនៅតំបន់ច្រកសមុទ្រតៃវ៉ាន់ទេ ប៉ុន្តែក៏ធ្វើឱ្យចិនក្លាយជាអ្នកបង្កបញ្ហានៅត្រើយទាំងសងខាងនៃច្រកសមុទ្រនេះ និងកិច្ចការក្នុងតំបន់។ អធិបតេយ្យភាពដែនទឹករបស់តៃវ៉ាន់ គឺមិនអាចប្រកែកបានជាដាច់ខាត»។ ឧប្បត្តិហេតុស្រដៀងគ្នា ធ្លាប់កើតឡើងកាលពីជិត២សប្តាហ៍មុន ដែលនៅទីបំផុតនាវាឆ្មាំសមុទ្ររបស់ចិន បានចាកចេញទៅវិញ។

គួរបញ្ជាក់ថា តំបន់ថ្មប៉ប្រះទឹក Pratas ដែលជាឧទ្យានជាតិមួយរបស់តៃវ៉ាន់ផងដែរនោះ គឺត្រូវបានការពារមិនសូវរឹងមាំប៉ុន្មានទេដោយតៃវ៉ាន់ ហើយបន្ទុកនៃការការពារគឺស្ថិតលើឆ្មាំសមុទ្រចិន ជាជាងយោធា។ កាលពីខែមករា តៃវ៉ាន់បាននិយាយថា ដ្រូនឈ្លបការណ៍ចិន១គ្រឿង បានហោះកាត់មួយភ្លែតពីលើតំបន់ថ្មប៉ប្រះទឹកនេះ។ តៃវ៉ាន់ត្រូវចិនចាត់ទុកជាផ្នែកនៃទឹកដីរបស់ខ្លួន ហើយទីក្រុងប៉េកាំងបានដាក់សម្ពាធ ដោយបង្កើនវត្តមានយោធានៅជុំវិញដែនកោះនេះ ក្នុងរយៈពេលប្រមាណ៥ឆ្នាំចុងក្រោយ៕

អត្ថបទដែលជាប់ទាក់ទង