ព្រឹកនេះសម្តេចតេជោហ៊ុនសែនអញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាថ្នាក់ដឹកនាំមន្ទីរអង្គភាពក្នុងខេត្តកណ្តាល«ជាខេត្តទី១២ហើយ»សម្ដេចចុះជួប
កណ្តាល៖នៅព្រឹកថ្ងៃសៅរ៍ ទី៦ ខែមិថុនា ឆ្នាំ២០២៦នេះ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រ និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ អញ្ជើញជួបសំណេះសំណាលជាមួយ ក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរ អង្គភាពនានា ជុំវិញ ខេត្តកណ្តាល។
ពិធីសំណេះសំណាលនេះ មានការអញ្ជើញចូលរួមពីសមាជិកព្រឹទ្ធសភា រដ្ឋសភា ប្រធាន អនុប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្ត សមាជិកក្រុម ប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ ព្រមទាំងថ្នាក់ដឹកនាំមន្ទីរ អង្គភាពនានាជុំវិញខេត្តកណ្តាលសរុបជាង១ពាន់នាក់។
សម្តេចតេជោ ហ៊ុន សែន បានហៅការអញ្ជើញចុះជួបសំណេះសំណាលជាមួយ ក្រុមប្រឹក្សារាជធានីខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរ អង្គភាពនានានេះ ជាដំណើរឆ្ពោះទៅកាន់មូលដ្ឋាន។ ដំណើរឆ្ពោះទៅកាន់មូលដ្ឋាន បានចាប់ផ្តើមកាលពីថ្ងៃ ទី២៥ ខែមេសា ឆ្នាំ២០២៦។ រាជធានី ខេត្តចំនួន១២រួចមកហើយ ដែលសម្តេចតេជោ ហ៊ុន សែន បានអញ្ជើញជួបសំណេះសំណាល រួមមាន៖ ខេត្តកំពង់ចាម ត្បូងឃ្មុំ កំពង់ស្ពឺ តាកែវ កំពត កែប ស្វាយរៀង ព្រៃវែង រាជធានីភ្នំពេញ កំពង់ឆ្នាំង ពោធិ៍សាត់ និងកំពង់ធំ។
កម្មវិធីជួបសំណេះសំណាលនេះ គឺជាវេលាដ៏មានសារៈសំខាន់មួយសម្រាប់សម្តេចតេជោ ហ៊ុន សែន ក្នុងការក្រើនរំលឹក និងជំរុញដល់មន្ត្រីនៅមូលដ្ឋានឱ្យបង្កើនការយកចិត្តទុក ដាក់ទៅលើកិច្ចការជាដែនសមត្ថកិច្ចរបស់ខ្លួន ជាពិសេសការផ្តល់សេវាទាំងឡាយជូនដល់ប្រជាពលរដ្ឋ ក៏ដូចជាការដោះស្រាយបញ្ហាទាំងឡាយដែលជាក្តីកង្វល់របស់ប្រជាពលរដ្ឋ។
ក្រៅពីការជំរុញយកចិត្តទុកដាក់លើការផ្តល់សេវាហើយនោះ សម្តេចតេជោ ហ៊ុន សែន ក៏លើកឡើងពីបញ្ហាសន្តិសុខសណ្តាប់ធ្នាប់ ការប្រយុទ្ធប្រឆាំងបទល្មើសនានា កិច្ចការពារធនធានធម្មជាតិ និងការងារគ្រប់គ្រងរដ្ឋបាលនៅមូលដ្ឋាន។
ខេត្តកណ្តាល ជាខេត្តយុទ្ធសាស្ត្រដ៏មានសារៈ សំខាន់បំផុតមួយ នៃព្រះរាជាណាចក្រកម្ពុជា ដែលមានទីតាំងភូមិសាស្ត្រព័ទ្ធជុំវិញរាជធានីភ្នំពេញ និងដើរតួនាទីជាខ្សែក្រវាត់សេដ្ឋកិច្ច ពាណិជ្ជកម្ម និងភស្តុភារកម្មយ៉ាងរឹងមាំក្នុងការជំរុញ កំណើនសេដ្ឋកិច្ចជាតិ ដែល មានព្រំប្រទល់ខាងលិចទល់នឹងខេត្តកំពង់ស្ពឺ ខាងកើតទល់នឹងខេត្តព្រៃវែង ខាងជើងទល់ នឹងខេត្តកំពង់ឆ្នាំង និងខេត្តកំពង់ចាម ខាងត្បូងទល់នឹងខេត្តតាកែវ និងខេត្តអានយ៉ាង ប្រទេសវៀតណាម។
ខេត្តកណ្តាល មានភូមិសាស្ត្រអំណោយផលធម្មជាតិ ហ៊ុមព័ទ្ធជុំវិញរាជធានីភ្នំពេញ និងមានសក្តានុពលខ្ពស់លើផ្នែក៖ កសិកម្ម ឧស្សាហកម្ម នគរូបនីយកម្មសំណង់ ទេសចរណ៍ និងសេវាកម្មជាដើម។ ខេត្តកណ្តាលមានផ្ទៃក្រឡា ៣ ២៧៨,៤៨គីឡូម៉ែត្រការ៉េ មាន១០ស្រុក ៣ក្រុង ១០១ឃុំ ២៦សង្កាត់ និង១ ០១០ភូមិ។ ប្រជាជនមានចំនួន ១ ៤៣៤ ៣៣៦ នាក់ (ប្រុសចំនួន ៦៩២ ៥៤៣នាក់, ស្រីចំនួន ៧៤១ ៧៩៣នាក់) ស្មើនឹង ៣២៦ ៦៧០ គ្រួសារ ប្រជាពលរដ្ឋអាយុ១៨ ឆ្នាំ ឡើង មានសរុបចំនួន ៩៥២ ៥០៤នាក់ មានអត្រាកំណើន ២,៦៣ភាគរយក្នុងមួយឆ្នាំ (ស្ថិតិ ប្រ ជា ជនឆ្នាំ២០២៥), មានដង់ស៊ីតេប្រជាជនមានចំនួន ៤៣៨នាក់ ក្នុងមួយគីឡូម៉ែត្រក្រឡា។
ខេត្តកណ្តាលមានច្រកទ្វារអន្តរជាតិមានចំនួន២ គឺច្រកទ្វារព្រំដែនអន្តរជាតិក្អមសំណ, ច្រកទ្វារព្រំដែនអន្តរជាតិជ្រៃធំ, ច្រកតំបន់ព្រំដែនមានចំនួន២ គឺច្រកទ្វារតំបន់ ព្រំដែន ព្រែកជ្រៃ-ព្រែកទន្លា, ច្រកទ្វារតំបន់ព្រំដែនព្រែកស្បូវ៕ដកស្រង់ពីអង្គភាពហ្វ្រេសញូ
