៥ថ្ងៃដើមខែមិថុនាកម្លាំងនគរបាលរាជធានីភ្នំពេញបង្ក្រាបករណីគ្រឿងញៀន៥ករណីឃាត់ខ្លួនមនុស្ស២៤នាក់និងគ្រឿងញៀនជាង៦៦គីឡូក្រាម
ភ្នំពេញ៖ក្នុងរយៈពេល៥ថ្ងៃ នៃខែមិថុនា ឆ្នាំ២០២៦នេះ កម្លាំងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបើកប្រតិបត្តិការបង្ក្រាបករណីគ្រឿងញៀន៥ករណី ដោយឃាត់ខ្លួនមនុស្ស២៤នាក់ និងដកហូតបានវត្ថុតាងគ្រឿងញៀនចម្រុះជាង៦៦គីឡូក្រាម។
លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បាន ឲ្យដឹងនៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៦នេះ ក្នុងរយៈពេល៥ថ្ងៃមកនេះ កម្លាំងនគរបាលជំនាញបានបង្ក្រាបគ្រឿងញៀន៥ករណី ឃាត់ខ្លួនមនុស្ស២៤នាក់ (ស្រី៨នាក់) ក្នុងនោះ ជនជាតិចិន៦នាក់, តៃវ៉ាន់៥នាក់, វៀតណាម១២នាក់ និងអង់គ្លេសម្នាក់។
លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានអះអាងថា ក្នុងរង្វង់ប្រតិបត្តិការនេះ សមត្ថកិច្ចដកហូតគ្រឿងញៀនចម្រុះ ទម្ងន់ប្រហែល៦៦គីឡូ (ក្នុងនោះកញ្ឆាក្រៀម៦៥គីឡូក្រាម), ជញ្ជីង៦គ្រឿង, ទូរស័ព្ទចំនួន២៨គ្រឿង, ម៉ូតូចំនួន៣គ្រឿង និងរថយន្ត១គ្រឿង, លិខិតឆ្លងដែន១៦ក្បាល និងឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួនធំ។ ជនសង្ស័យ និងវត្ថុតាងបានកសាងសំណុំរឿង បញ្ជូនទៅអយ្យការដើម្បីចាត់ការតាមនីតិវិធីបន្ត៕
