ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្តេចតេជោ ហ៊ុន សែនបានក្រើនរំលឹកដល់មន្ត្រីរាជការទាំងអស់ ជាពិសេសក្រុមប្រឹក្សាឃុំ សង្កាត់ ឱ្យបន្តយកចិត្តទុកដាក់បំពេញតួនាទីភារកិច្ចបម្រើជាតិ ប្រជាជនឱ្យបានល្អប្រសើរ ជាពិសេសបន្តយកចិត្តទុកដាក់ផ្តល់នូវសេវាតម្រូវការ និងសេវាចាំបាច់នានា ជូនប្រជាពលរដ្ឋឱ្យបានលឿន រហ័ស និងមានប្រសិទ្ធភាព

22

កណ្ដាល៖សម្ដេចថ្លែងបែបនេះនៅព្រឹកថ្ងៃសៅរ៍ ទី៦ ខែមិថុនា ឆ្នាំ២០២៦ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទីនៃព្រះរាជាណាចក្រកម្ពុជា បានបន្តអញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាជុំវិញខេត្តកណ្ដាលចំនួន១៥៦៨នាក់ ដែលពិធីនេះបានប្រារព្ធឡើងនៅសាលប្រជុំនៃស្នាក់ការគណបក្សប្រជាជនកម្ពុជា ខេត្តកណ្ដាល។ 

នេះជាបេសកកម្មលើកទី១២ និងចំនួន១៣ ខេត្ត ក្រុងហើយ របស់សម្ដេចតេជោ ក្នុងការចុះជួបជាមួយថ្នាក់ដឹកនាំមន្ត្រីរាជការ ក្រសួងស្ថាប័ននានាតាមបណ្ដារាជធានីខេត្ត ដោយផ្ដើមពីខេត្តកំពង់ចាម,ត្បូងឃ្មុំ, កំពង់ស្ពឺ,តាកែវ,កំពត,កែប,ស្វាយរៀង,ព្រៃវែង,ភ្នំពេញ,កំពង់ឆ្នាំង, ពោធិ៍សាត់ ,កំពង់ធំ និងកណ្ដាល នាថ្ងៃនេះ។

តាមរបាយការណ៍របស់ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល បានឱ្យដឹងថា ខេត្តកណ្តាល ជាខេត្តយុទ្ធសាស្ត្រដ៏មានសារៈ សំខាន់បំផុតមួយ នៃព្រះរាជាណាចក្រកម្ពុជា ដែលមានទីតាំងភូមិសាស្ត្រព័ទ្ធជុំវិញរាជធានីភ្នំពេញ និងដើរតួនាទីជាខ្សែក្រវាត់សេដ្ឋកិច្ច ពាណិជ្ជកម្ម និងភស្តុភារកម្មយ៉ាងរឹងមាំក្នុងការជំរុញ កំណើនសេដ្ឋកិច្ចជាតិ ដែល មានព្រំប្រទល់ខាងលិចទល់នឹងខេត្តកំពង់ស្ពឺ ខាងកើតទល់នឹងខេត្តព្រៃវែង ខាងជើងទល់ នឹងខេត្តកំពង់ឆ្នាំង និងខេត្តកំពង់ចាម ខាងត្បូងទល់នឹងខេត្តតាកែវ និងខេត្តអានយ៉ាង ប្រទេសវៀតណាម។ ខេត្តកណ្តាល មានសក្តានុពលខ្ពស់លើផ្នែក៖ កសិកម្ម ,ឧស្សាហកម្ម នគរូបនីយកម្មសំណង់ ទេសចរណ៍ និងសេវាកម្មជាដើម។ ខេត្តកណ្តាលមានច្រកទ្វារអន្តរជាតិមានចំនួន២ គឺច្រកទ្វារព្រំដែនអន្តរជាតិក្អមសំណ, និងច្រកទ្វារព្រំដែនអន្តរជាតិជ្រៃធំ, ច្រកតំបន់ព្រំដែនមានចំនួន២ គឺច្រកទ្វារតំបន់ព្រំដែនព្រែកជ្រៃ-ព្រែកទន្លា និងច្រកទ្វារតំបន់ព្រំដែនព្រែកស្បូវ។ 

ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យសម្ដេចតេជោ បានឱ្យដឹងថា គោលបំណងនៃការចុះជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំមន្ត្រីរាជការរបស់សម្តេចតេជោនាពេលនេះ គឺជាការអនុវត្ត ក៏ដូចជាពង្រឹងគណនេយ្យភាពរវាងព្រឹទ្ធសភាជាមួយអង្គបោះឆ្នោត ដើម្បីឱ្យមានតម្លាភាព ក៏ដូចជាជំរុញឱ្យការងារមូលដ្ឋានកាន់តែមានប្រសិទ្ធភាព ម្យ៉ាងវិញទៀតក៏ដើម្បីផ្សារភ្ជាប់ទំនាក់ទំនងឱ្យកាន់តែជិតស្និទ្ធជាមួយអាជ្ញាធរមូលដ្ឋាន និងធ្វើការក្រើនរំលឹកដល់មន្ត្រីនៅមូលដ្ឋានឱ្យបង្កើនការយកចិត្តទុកដាក់លើភារកិច្ចរបស់ខ្លួន និងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យបានល្អប្រសើរ។ 

ថ្លែងនៅក្នុងឱកាសនេះ សម្តេចតេជោ ហ៊ុន សែន បានបង្ហាញនូវក្តីរីករាយដែលបានវិលមកជួបជាមួយបងប្អូនក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាក្នុងខេត្តកណ្តាលនេះសាជាថ្មី។ សម្តេចបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះមន្ត្រីរាជការ ទាំងអស់ដែលបានខិតខំបំពេញការងារបម្រើសេវាសាធារណៈជូនដល់ប្រជាពលរដ្ឋនាពេលកន្លងមក។ សម្តេចតេជោក៏បានក្រើនរំលឹកដល់មន្ត្រីរាជការទាំងអស់ ជាពិសេសក្រុមប្រឹក្សាឃុំ សង្កាត់ ឱ្យបន្តយកចិត្តទុកដាក់បំពេញតួនាទីភារកិច្ចបម្រើជាតិ និងប្រជាជនឱ្យបានល្អប្រសើរ ជាពិសេសបន្តយកចិត្តទុកដាក់ផ្តល់នូវសេវាតម្រូវការ និងសេវាចាំបាច់នានា ជូនប្រជាពលរដ្ឋឱ្យបានលឿន រហ័ស និងមានប្រសិទ្ធភាព។ 

សម្តេចក៏បានជំរុញ និងគាំទ្រចំពោះការពង្រឹងប្រសិទ្ធភាពនៃការប្រមូលពន្ធដារ និងពន្ធគយ រួមទាំងវិធានការតឹងរ៉ឹងក្នុងការទប់ស្កាត់អំពើរត់គេចពន្ធ ឬការរកស៊ីមិនបង់ពន្ធ ដើម្បីបង្កើនចំណូលថវិកាជាតិ។ 

សម្តេចក៏បានរំលឹកដល់មន្ត្រីទាំងអស់ត្រូវបន្តរក្សានូវស្ថិរភាពជាតិ និងយកចិត្តទុកដាក់រក្សាសន្តិសុខសណ្តាប់ធ្នាប់សង្គម ដោយបន្តអនុវត្តគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព រួមមាន ការបង្ក្រាបនូវបទល្មើសផ្សេងៗ ដូចជា ចោរឆក់ ចោរប្លន់ ការជួញដូរគ្រឿងញៀន និងបទល្មើសបច្ចេកវិទ្យា។សម្ដេចតេជោបានក្រើនរំលឹកដល់មន្ត្រីទាំងអស់ ជៀសវាងភាពអសកម្ម ឬការគៀបសង្កត់ណាមួយ និងត្រូវចាំថា មន្ត្រីមិនមែនជាចៅហ្វាយរបស់ប្រជាជននោះទេ គឺជាអ្នកបម្រើដ៏ស្មោះត្រង់របស់ប្រជាជន។ សម្ដេចតេជោក៏បានឱ្យអាជ្ញាធរខេត្តកណ្ដាលត្រូវបង្កើនកិច្ចសហប្រតិបត្តិការ

តាមព្រំដែនជាមួយប្រទេសវៀតណាម ក្នុងការជំរុញលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងទំនាក់ទំនងរវាងប្រជាជន និងប្រជាជន។ 

ចុងក្រោយ សម្តេចតេជោ ហ៊ុន សែន បានកោតសរសើរដល់មន្ត្រីគ្រប់ជាន់ថ្នាក់ នៃខេត្តកណ្តាលទាំងអស់ដែលបានរួមសហការគ្នាអភិវឌ្ឍខេត្តមួយនេះឱ្យទទួលបាននូវការរីកចម្រើនជាបន្តបន្ទាប់ និងជូនពរឱ្យមន្ត្រីរាជការទាំងអស់ជួបតែសេចក្តីសុខ សេចក្តីចម្រើន និងជោគជ័យគ្រប់ភារកិច្ច៕ដកចេញពីផេកសម្ដេចតេជោហ៊ុន សែន

អត្ថបទដែលជាប់ទាក់ទង