ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់លើផ្លូវជាតិលេខ៥ដោយរថយន្តសាំយ៉ុងរអិលចង្កូតបុកទាំងកម្រោលបណ្តាលឱ្យរងរបួសធ្ងន់-ស្រាល៧នាក់នៅស្រុកក្រគរ

16

ពោធិ៍សាត់៖នារសៀលថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៦ វេលាម៉ោង ១៤:៤០នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍ដ៏គួរឱ្យរន្ធត់មួយ បានកើតឡើងនៅលើកំណាត់ផ្លូវជាតិលេខ៥ ចន្លោះគីឡូម៉ែត្រលេខ១៤៩ ត្រង់ចំណុចផ្លូវកោង ស្ថិតក្នុងភូមិកណ្តាល ឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់ ដែលបង្កឡើងដោយការបើកបរក្នុងល្បឿនលឿន អំឡុងពេលមេឃកំពុងភ្លៀង។

យោងតាមប្រភពពីសមត្ថកិច្ចនគរបាលស្រុកក្រគរ បានឱ្យដឹងថា គ្រោះថ្នាក់នេះ បានកើតឡើងរវាងរថយន្តពីរគ្រឿង និងម៉ូតូមួយគ្រឿង ដែលធ្វើដំណើរក្នុងទិសដៅបញ្ច្រាសទិសគ្នា។

តាមការសន្និដ្ឋានពីសមត្ថកិច្ច មូលហេតុនៃគ្រោះថ្នាក់ គឺបណ្តាលមកពីរថយន្តម៉ាកសាំយ៉ុង ដែលកំពុងបើកបរក្នុងទិសដៅពីលិចទៅកើត ដោយល្បឿនលឿន បានរអិលរេចង្កូតនៅពេលមេឃកំពុងភ្លៀងខ្លាំង រួចបុកនឹងខឿនកណ្តាលផ្លូវ មុននឹងជ្រុលទៅបុកចំរថយន្ត និងម៉ូតូ ដែលកំពុងធ្វើចរាចរណ៍ស្របគ្នា ក្នុងទិសដៅពីកើតទៅលិច។

ហេតុការណ៍នេះបានបង្កឱ្យមានការខូចខាតរថយន្ត ចំនួន០២គ្រឿង និងម៉ូតូ ចំនួន០១គ្រឿង បណ្តាលឱ្យមនុស្សសរុបចំនួន ០៧នាក់ បានរងរបួស ក្នុងនោះរបួសធ្ងន់ ចំនួន០៥នាក់ (ស្រី ០៣នាក់) និងរបួសស្រាល ចំនួន០២នាក់ (ស្រី០១នាក់)។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញបានចុះដល់ទីតាំងភ្លាមៗ ដើម្បីជួយសង្គ្រោះជនរងគ្រោះបញ្ជូនទៅកាន់មន្ទីរពេទ្យ និងធ្វើការវាស់វែងយកមធ្យោបាយទៅរក្សាទុក ដើម្បីបន្តនីតិវិធីតាមច្បាប់។

អាជ្ញាធរនិងសមត្ថកិច្ច ក៏សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋអ្នកប្រើប្រាស់ផ្លូវថ្នល់ទាំងអស់ សូមបង្កើនការប្រុងប្រយ័ត្នខ្ពស់នៅពេលបើកបរ ជាពិសេសក្នុងអំឡុងពេលអាកាសធាតុមិនអំណោយផល ឬពេលមេឃភ្លៀង ដែលធ្វើឱ្យផ្លូវរអិល និងពិបាកក្នុងការគ្រប់គ្រងចង្កូត ដើម្បីចៀសវាងនូវគ្រោះថ្នាក់ដែលមិនអាចស្មានដល់៕

អត្ថបទដែលជាប់ទាក់ទង