រដ្ឋមន្ត្រីក្រសួងការពារជាតិឆ្លើយតបនឹងការអ្នកសារព័ត៌មាននិងបុគ្គលជ្រុលនិយមថៃថា៖កម្ពុជានៅតែប្រកាន់ខ្ជាប់ជំហរដោះស្រាយបញ្ហាដោយសន្តិវិធីនិងបញ្ចៀសឱ្យបានជាដាច់ខាតការប្រើប្រាស់កម្លាំងយោធា
ភ្នំពេញ៖នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នៅព្រឹកថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៦នេះ បានចេញមកបញ្ជាក់ថា កម្ពុជានៅតែប្រកាន់ខ្ជាប់ជំហរដោះស្រាយបញ្ហាដោយសន្តិវិធី ដោយគោរពតាមសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាព នៅទីក្រុងកូឡាឡាំពួ កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥, និងសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ និងយន្តការនានាដែលមានស្រាប់។
ការចេញមកបញ្ជាក់បែបនេះរបស់ឯកឧត្ដមរដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា បានធ្វើឡើងបន្ទាប់ពីមាន មានសារព័ត៌មាន និងបុគ្គលមួយចំនួននៅក្នុងប្រទេសថៃកំពុងតែព្យាយាមបញ្ចេញសារមួយដែរថា៖ រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា បដិសេធការប្រើប្រាស់យន្តការទ្វេភាគី ព្រមទាំងកំពុងបង្កើនទ័ព និងសព្វាវុធ ដើម្បីបង្កសង្គ្រាមក្នុងពេលឆាប់ៗនេះ។
តាមរយៈបណ្តាញសង្គម ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ទៀ សីហា បានបញ្ជាក់ថា៖ «មួយរយៈនេះ ខ្ញុំបានកត់សម្គាល់ថាមានសារព័ត៌មាន និងបុគ្គលមួយចំនួននៅក្នុងប្រទេសថៃកំពុងតែព្យាយាមបញ្ចេញសារមួយដែរថា៖ រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា បដិសេធការប្រើប្រាស់យន្តការទ្វេភាគី ព្រមទាំងកំពុងបង្កើនទ័ពនិងសព្វាវុធ ដើម្បីបង្កសង្គ្រាមក្នុងពេលឆាប់ៗនេះ»។
ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ទៀ សីហា បានគូសបញ្ជាក់ថា ខ្ញុំសូមបញ្ជាក់អំពីចំណុចខាងលើថា៖ «កម្ពុជានៅតែប្រកាន់ខ្ជាប់ជំហរដោះស្រាយបញ្ហាដោយសន្តិវិធី ដោយគោរពតាមសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាព នៅទីក្រុងកូឡាឡាំពួ កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥, និងសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា–ថៃ (GBC) ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥និងយន្តការនានាដែលមានស្រាប់។ កម្ពុជាសង្ឃឹមថា ភាគីទាំងពីរនឹងអាចដោះស្រាយបញ្ហា ដោយសន្តិវិធីនិងបញ្ចៀសឱ្យបានជាដាច់ខាតនូវការប្រើប្រាស់កម្លាំងយោធា»៕
