ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្ដេចតេជោហ៊ុនសែនទទួលស្គាល់ថាសម្តេចមានកំហុសកាលធ្វើជានាយករដ្ឋមន្ដ្រីមិនបានពង្រឹងវិស័យការពារជាតិព្រោះចង់សន្សំថវិកាសម្រាប់ការអភិវឌ្ឍប្រទេស

86

បន្ទាយមានជ័យ៖សម្ដេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទីនៃកម្ពុជា បានបង្ហាញការសោកស្ដាយចំពោះកំហុសរបស់សម្ដេចកាលពីនៅក្នុងតំណែងជានាយករដ្ឋមន្ដ្រី ដោយមិនបានផ្ដោតខ្លាំងក្នុងការពង្រឹងវិស័យការពារជាតិ ព្រោះចង់សន្សំថវិកាសម្រាប់ការអភិវឌ្ឍប្រទេសដែលធ្លាប់រង់នូវការខ្ទេចខ្ទាំដោយសារសង្គ្រាមកាលពីអតីតកាល។

ក្នុងពិធីសំណេះសំណាល និងចែកអំណោយជូន ជនភៀសសឹក ៣ ៣១៨នាក់ កំពុងស្នាក់នៅមជ្ឈមណ្ឌលជនភៀសសឹកនៅភូមិ-ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៦នេះ សម្ដេចតេជោ ហ៊ុន សែន បានអះអាងថា ការកាត់បន្ថយមិនពង្រឹងវិស័យការពារជាតិ មិនមែនជាកំហុសរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលជា នាយករដ្ឋមន្ត្រីនាពេលបច្ចុប្បន្ននោះឡើយ។

សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា «ដោយសារការជឿទុកចិត្តនេះហើយ បានជាខ្ញុំក្នុងឋានៈជានាយករដ្ឋមន្ដ្រី ដែលមានអំណាចពេញលេញ គឺមិនបានត្រៀមរៀបចំណាមួយសម្រាប់ការប្រយុទ្ធទេ។ នេះជាកំហុសរបស់ខ្ញុំមិនមែនជាកំហុសនាយករដ្ឋមន្ដ្រីបច្ចុប្បន្នទេ ដែលខ្ញុំខ្វះការត្រៀមរៀបចំខ្លួនដើម្បីការប្រយុទ្ធមួយ។ ប៉ុន្ដែទោះជាយ៉ាងណាយើងខិតខំទប់ទល់សភាពការណ៍នៃសង្គ្រាមនេះហើយខិតខំដោះស្រាយដោយសន្ដិវិធី»

ក្រៅពីបង្ហាញការសោកស្ដាយហើយនោះ សម្ដេចតេជោ ហ៊ុន សែន បានរំលឹករឿងអតីតកាលដែលកើតចេញពីការធ្វេសប្រហែសរបស់សម្ដេចព្រោះតែការជឿទុកចិត្តខុសលើប្រទេសថៃ និងមិនបានត្រៀមលក្ខណៈសម្រាប់ការប្រយុទ្ធនោះឡើយ ដោយផ្អែកតាមប្រវត្តិសាស្ដ្រដែលធ្លាប់កើតមានកាលពីជំនាន់ជម្លោះប្រសាទព្រះវិហារ ចន្លោះឆ្នាំ២០០៨ ដល់ឆ្នាំ២០១៣។

សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា ក្រោយពេលបញ្ចប់សង្គ្រាមផ្ទៃក្នុងរបស់កម្ពុជានៅ ឆ្នាំ ១៩៩៨ សម្តេចបានដាក់ចេញគោលដៅពីរ គឺការអភិវឌ្ឍតាមតំបន់ដែលជាអតីតសមរភូមិ សង្គ្រាម ហើយមួយទៀត គឺការកសាងសន្តិភាពតាមព្រំដែន និងជាព្រំដែនពាណិជ្ជកម្ម។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា បើទោះបីចន្លោះឆ្នាំ២០០៨ ដល់២០១៣ មានបញ្ហាតាម ព្រំដែន តែមិនរីករាលដាលដល់វិស័យទៀតនោះទេ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេច និងលោក ប្រាយុទ្ធ ចាន់អូចា អតីតនាយករដ្ឋមន្ត្រីថៃ បានធ្វើការជាច្រើនជាមួយពាក់ព័ន្ធការតភ្ជាប់ និងធ្វើពាណិជ្ជកម្ម៕

អត្ថបទដែលជាប់ទាក់ទង