ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រុមការងាររដ្ឋបាលរាជធានីធ្វើការស្តារប្រព័ន្ធលូ និងសម្អាតទរទឹកភ្លៀងជាច្រើនខ្សែទៀត នៅក្នុងមូលដ្ឋានខណ្ឌ៥នៅកណ្តាលរាជធានីភ្នំពេញត្រៀមរំដោះជំនន់ទឹកភ្លៀង​ក្នុងរដូវវស្សានេះ

24

ភ្នំពេញ៖ក្រោមការយកចិត្តទុកដាក់ និងណែនាំ ព្រមទាំងឧបត្ថម្ភ គាំទ្រ ពីឯកឧត្ដមឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ក្នុងផែនការត្រៀមរំដោះជំនន់ទឹកភ្លៀង​ ដេីម្បី​បញ្ចៀសការជន់លិចផ្ទះសម្បែង និងហេដ្ឋារចនាសម្ព័ន្ធនានាក្នុងរដូវវស្សានេះ ក្នុងរដូវវស្សានេះរដ្ឋបាលរាជធានីភ្នំពេញ បានស្តារប្រព័ន្ធលូ ស្តារប្រឡាយ​ជាច្រើន​ខ្សែ​ និងកសាងស្ថានីយ៍មូមទឹកជា​បន្តបន្ទាប់​  នៅជាយរាជធានីភ្នំពេញបានរួចរាល់ ហើយបានបន្តការងារស្តារប្រព័ន្ធលូ និងសំអាតទរទឹកភ្លៀងជាច្រើនខ្សែទៀត នៅក្នុងមូលដ្ឋានខណ្ឌ៥នៅកណ្តាលរាជធានីភ្នំពេញទៀត។

 ជាក់ស្តែងនៅព្រឹកថ្ងៃទី១៥ មិថុនានេះ ក្រុមការងារ ដឹកនាំដោយ ឯកឧត្ដមឯក ឃុនដឿន អភិបាលរង តំណាង ឯកឧត្ដម ឃួង ស្រេង អភិបាលរាជនីភ្នំពេញ បានចុះស្តារប្រព័ន្ធលូ និងសំអាតទរទឹកភ្លៀងនៅក្នុងមូលដ្ឋានខណ្ឌដូនពេញ ដោយប្រើប្រាស់រថយន្តចំនួន១២គ្រឿង។

ឯកឧត្ដម ឯក ឃុនដឿន បានមានប្រសាសន៍លើកឡើងថា៖ តាមកាេណែនាំពីឯកឧត្ដម ឃួង ស្រេងអភិបាលរាជធានីភ្នំពេញ គឺបានឱ្យអាជ្ញាធរខណ្ឌទាំង៥នៅកណ្តាលរាជធានី សហការជាមួយមន្ទីរសាធារការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ធ្វើសកម្មភាពបូមស្តារអណ្តូង​លូ និងសំអាតដីភក់តាមប្រព័ន្ធលូ ត្រៀមបញ្ចៀសការជន់លិចលង់មុនរដូវភ្លៀងធ្លាក់មកដល់ ដោយចាប់ផ្តើមពីខណ្ឌដញនពេញមុនគេ។

ចំពោះខណ្ឌដូនពេញ​ រដ្ឋបាល​រាជធានីភ្នំពេញ​នឹងចាប់​ផ្តើម​ស្តារប្រព័ន្ធលូ និងសំអាតទរទឹកភ្លៀងចំនួន១០ខ្សែ ក្នុងនោះរួមមាន៖

១.​ ផ្លូវលេខ២៤០ សងខាងផ្លូវប្រវែង ១,៧៦០ម៉ែត្រ។ 

២. ផ្លូវលេខ៤៧ សងខាងផ្លូវ​ ប្រវែង​២,០៣០ម៉ែត្រ។

៣. ផ្លូវលេខ១៥៤ សងខាងផ្លូ​វ​ប្រវែង ២,៥៦១ម៉ែត្រ។

៤.​ ផ្លូវលេខ៩០ សងខាងផ្លូវប្រវែង១,៦៩៦ម៉ែត្រ។

៥. ផ្លូវលេខ៦៣ ប្រវែង៥៦០ម៉ែត្រ។

៦. ផ្លូវលេខ១៧៨ សងខាងផ្លូវប្រវែង១,៣១០ម៉ែត្រ។

៧.​ ផ្លូវលេខ៨៨ ប្រវែង៦៨៩ម៉ែត្រ។

៨.​ ផ្លូវលេខ១៤៨ សងខាងផ្លូវប្រវែង៦០០ម៉ែត្រ។ 

៩.​ ផ្លូវលេខ១៤៤ សងខាងផ្លូវប្រវែង៦០០ម៉ែត្រ។

និង​ទី១០. ទរទឹកភ្លៀងនៅជ្រុងខាងជើងនិងខាងលិចផ្សារ កណ្តាល ប្រវែង៣០២ម៉ែត្រ។ 

ក្រោយបញ្ជប់ការងារនៅខណ្ឌដូនពេញហើយ យើងនឹងបន្តទៅខណ្ឌ៤ទៀត។

ក្នុងឱកាសនោះដែរ  ឯកឧត្ដមអភិបាលរង​ក៏បាន​អំពាវនាវឱ្យបងប្អូនប្រជាពលររដ្ឋ ត្រូវវេចខ្ចប់ ទុកដាក់សំរាម ឱ្យបានត្រឹមត្រូវ ដើម្បីរក្សាបាន​អនាម័យ និង​បរិស្ថានស្អាត ព្រមទាំង​អាច​បញ្ចៀសការលិចលង់ និងជួយលើកកម្ពស់សោភណ្ឌភាពរាជធានីភ្នំពេញយើងផងដែរ៕

អត្ថបទដែលជាប់ទាក់ទង