ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រាល់ស៊ីមកាតគ្មានអត្តសញ្ញាណឬប្រើប្រាស់ឯកសារក្លែងក្លាយត្រូវចាត់វិធានការបិទជាដាច់ខាត

19

ភ្នំពេញឯកឧត្ដមជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងជាប្រធានគណៈកម្មាធិការដ្ឋាភិបាលឌីជីថល នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៦នេះ បានបញ្ជាក់ឲ្យដឹងថា រាល់ស៊ីមកាត ដែលមិនមានអត្តសញ្ញាណច្បាស់លាស់ ឬប្រើប្រាស់ឯកសារ ក្លែងក្លាយ ត្រូវតែចាត់វិធានការបិទជាដាច់ខាត។

ការបញ្ជាក់ឲ្យដឹងបែបនេះ ធ្វើឡើងក្នុងឱកាសដែលឯកឧត្ដម ជា វ៉ាន់ដេត អញ្ជើញចូលរួមក្នុងពិធីបើកយុទ្ធនាការផ្ទៀងផ្ទាត់ អត្តសញ្ញាណអ្នកប្រើប្រាស់ស៊ីមកាត ជាមួយនឹងគណនីធនាគារ/គណនី ទូទាត់សងប្រាក់របស់អ្នកប្រើប្រាស់ នៅសណ្ឋាគារ ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ នាព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៦។

ឯកឧត្ដម ជា វ៉ាន់ដេត បានបញ្ជាក់យ៉ាងដូច្នេះថា «រាល់ស៊ីមកាត ដែលមិនមានអត្តសញ្ញាណច្បាស់លាស់ ឬប្រើប្រាស់ឯកសារ ក្លែងក្លាយ ត្រូវតែចាត់វិធានការបិទជាដាច់ខាត តាមនីតិវិធីកំណត់ និងមិនត្រូវគិតអំពីផលចំណេញអាជីវកម្មរយៈពេលខ្លី ធំជាងសន្តិសុខជាតិ និងសុវត្ថិភាពរបស់ប្រជាជនឡើយ»

ឯកឧត្ដម ជា វ៉ាន់ដេត បានអំពាវនាវចំពោះប្រតិបត្តិករទូរសព្ទចល័តទាំងអស់ ត្រូវបង្កើនការទទួលខុសត្រូវ និងភាពម៉ឺងម៉ាត់ ក្នុងការធ្វើបច្ចុប្បន្នភាព ទិន្នន័យអ្នកប្រើប្រាស់ស៊ីមកាត ឱ្យបានត្រឹមត្រូវ១០០% ស្របតាមច្បាប់ ស្តីពីទូរគមនាគមន៍ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន។

ឯកឧត្ដម ជា វ៉ាន់ដេត ក៏ប្រាប់ឲ្យត្រូវសហការយ៉ាងសកម្ម ជាមួយមន្ទីរប្រៃសណីយ៍ និងទូរគមនាគមន៍គ្រប់ខេត្ត ក្នុងការរៀបចំ ក្រុមការងារចល័ត ដើម្បីចុះទៅផ្សព្វផ្សាយ និងផ្តល់សេវា ផ្ទៀងផ្ទាត់អត្តសញ្ញាណស៊ីមកាតដោយផ្ទាល់ដល់ទីកន្លែង នៅតាមបណ្តាគ្រឹះស្ថានឧត្តមសិក្សារដ្ឋ និងឯកជន រោងចក្រ សហគ្រាស និងទីប្រជុំជននានា។

លោក ជា វ៉ាន់ដេត បានលើកឡើងថា ចំពោះក្រុមការងារបច្ចេកទេស ត្រូវរួមគ្នាគ្រប់គ្រង និងពង្រឹងដំណើរការប្រព័ន្ធបច្ចេកវិទ្យា ផ្ទៀងផ្ទាត់អត្តសញ្ញាណអ្នកប្រើប្រាស់ ឱ្យមានសុវត្ថិភាពខ្ពស់បំផុត ស្របតាមស្តង់ដាជាតិ និង អន្តរជាតិ។

ដោយឡែក ចំពោះគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ និងគ្រឹះស្ថានផ្តល់សេវាទូទាត់សងប្រាក់ទាំងអស់ ក្រោមការសម្របសម្រួល របស់ធនាគារជាតិនៃកម្ពុជា សូមចូលរួមសហការដើម្បីធានាថា យុទ្ធនាការនេះអាចទទួលបានជោគជ័យ។ នេះជាការបញ្ជាក់បន្ថែម របស់លោក ជា វ៉ាន់ដេត។

ឯកឧត្ដម ជា វ៉ាន់ដេត បានឲ្យដឹងទៀតថា មន្ទីរប្រៃសណីយ៍ និងទូរគមនាគមន៍គ្រប់ខេត្ត ត្រូវដើរតួជាសេនាធិការ ក្នុងការសម្របសម្រួល ជាមួយគ្រឹះស្ថានឧត្តមសិក្សារដ្ឋ និងឯកជន រោងចក្រ សហគ្រាស ដើម្បីផ្តល់លទ្ធភាពឱ្យប្រតិបត្តិករ ទូរសព្ទចល័ត ចុះទៅផ្សព្វផ្សាយអំពីយុទ្ធនាការខាងលើនេះ។

ចំពោះអ្នកសារព័ត៌មាន, អ្នកផលិតមាតិកា (Content Creators) និងបុគ្គលដែលមានប្រជាប្រិយភាព (Influencer) ឯកឧត្ដមរដ្ឋមន្ដ្រី ក៏សូមអំពាវនាវ និងលើកទឹកចិត្ត ចូលរួមជាមួយរាជរដ្ឋាភិបាល ជួយផ្សព្វផ្សាយបានទូលំទូលាយអំពីយុទ្ធនាការនេះ ក៏ដូចជាផលិតមាតិកាច្នៃប្រឌិតវីដេអូខ្លីៗ ឬសារអប់រំអនឡាញ ដែលងាយយល់ ងាយចាំផងដែរ៕

អត្ថបទដែលជាប់ទាក់ទង