ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្តេចមហាបវរធិបតី៖ជំហររបស់កម្ពុជាលើទំនាក់ទំនងជាមួយរុស្ស៊ីនៅតែមិនផ្លាស់ប្តូរទោះបីភូមិសាស្ត្រនយោបាយមានការផ្លាស់ប្តូរយ៉ាងណាក្តី

22

ភ្នំពេញសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានប្រកាសជំហរដ៏ម៉ឹង ម៉ាត់ របស់កម្ពុជាមិនផ្លាស់ប្តូរនោះឡើយចំពោះទំនាក់ទំនងជាមួយប្រទេសរុស្ស៊ី បើទោះបីភូមិ សាស្ត្រ នយោបាយបច្ចុប្បន្នមានការផ្លាស់ប្តូរយ៉ាងណាក្តី។

សម្តេចមហាបវរធិបតី បានគូសបញ្ជាក់បែបនេះនៅចំពោះមុខលោក ពូទីន ប្រធានាធិបតីរុស្ស៊ី ក្នុងជំនួបពិភាក្សាការងារទ្វេភាគីនាយប់ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦ នៅប្រទេសរុស្ស៊ី។

មុននឹងចាកចេញពីប្រទេសរុស្ស៊ីក្រោយបញ្ចប់កិច្ចប្រជុំកំពូលរំលឹកខួបទំនាក់ទំនងរុស្ស៊ី-អាស៊ានលើកទី៣៥ នៅទីក្រុងកាហ្សាន ប្រទេសរុស្ស៊ី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានដឹកនាំគណៈ ប្រតិភូជាន់ខ្ពស់ ជួបប្រជុំទ្វេភាគីជាមួយលោក ពូទីន ប្រធានាធិបតីរុស្ស៊ី។

ជាកិច្ចចាប់ផ្តើមនៃជំនួបនោះ លោក ពូទីន បានរំលឹកពីប្រវត្តិនៃទំនាក់ទំនងរវាងរុស្ស៊ី និងកម្ពុជា ដោយបានគូសរំលេចពីការប្រារព្ធពិធីអបអរសាទរខួប៧០ឆ្នាំ រវាងរុស្ស៊ី និងកម្ពុជាកាលពីខែឧសភាកន្លងទៅ។

លោកប្រធានាធិបតី ក៏បានរំលឹកពីការជួយរបស់រុស្ស៊ីក្នុងកិច្ចអភិវឌ្ឍនៅកម្ពុជាតាំងពីទសវត្សរ៍៨០ ហើយមន្ទីរពេទ្យ និងវិទ្យាស្ថានបច្ចេកវិទ្យាធំមួយ ត្រូវបានសាងសង់។ បន្ថែមពីលើនោះ ហេដ្ឋារចនា សម្ព័ន្ធថាមពល កសិកម្ម ទូរគមនាគមន៍ និងដឹកជញ្ជូនតាមសមុទ្រ ត្រូវបានដាក់ឱ្យ ដំណើរ ការ ហើយ ភាគច្រើននៃហេដ្ឋារចនាសម្ព័ន្ធទាំងនោះរហូតមកដល់បច្ចុប្បន្ន នៅតែបន្តបម្រើផល ប្រយោជន៍ ដល់ប្រជាជនកម្ពុជា។ 

លោកប្រធានាធិបតី បានរំលេចថា សព្វថ្ងៃនេះ ទំនាក់ទំនងរុស្ស៊ី-កម្ពុជា បន្តអភិវឌ្ឍជាលំដាប់។ នៅចុង ឆ្នាំ២០២៥ ទំហំពាណិជ្ជកម្មទ្វេភាគីបានកើនឡើង ២ភាគរយ។ ជាការពិតណាស់ នេះគឺជាតួលេខតូចមួយ។ តួលេខនេះមិនបំពេញតាមសក្តានុពល ដែលរុស្ស៊ី និងកម្ពុជាមាន នោះទេ។

លោក ពូទីន បានលើកឡើងថា ដើម្បីបង្កើនទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគរវាងប្រទេស ទាំងពីរ រដ្ឋាភិបាលកំពុងធ្វើការយ៉ាងសកម្ម។ 

លោកប្រធានាធិបតី បានលើកឡើងថា រុស្ស៊ី ចាប់អារម្មណ៍ក្នុងការពង្រីកទំនាក់ទំនងរវាង សហគមន៍ ធុរកិច្ចនៃប្រទេសទាំងពីរ។ នៅក្នុងខែវិច្ឆិកា ឆ្នាំ២០២៥ តំណាងក្រុមហ៊ុន រុស្ស៊ីធំៗបាន ទៅទស្សនកិច្ចនៅកម្ពុជា បន្ទាប់ពីក្រុមហ៊ុន Vazgas, Kamaz, Muratorg និងក្រុមហ៊ុនផ្សេងៗ ទៀត។ គណៈប្រតិភូកម្ពុជា មានវត្តមាននៅក្នុងវេទិកាសេដ្ឋកិច្ចអន្តរជាតិ St. Petersburg ដែលបានធ្វើឡើងចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី៦ ខែមិថុនា។

លោកពូទីន បានអញ្ជើញក្រុមហ៊ុនរបស់កម្ពុជាឱ្យចូលរួមក្នុង «វេទិកាសេដ្ឋកិច្ចភាគខាងកើត» ដែលនឹងធ្វើឡើងចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៤ ខែកញ្ញា និង «សប្តាហ៍ថាមពលរុស្ស៊ី» នៅទីក្រុងមូស្គូក្នុងខែតុលាឆ្នាំ២០២៦នេះ។

លោកប្រធានាធិបតី បានលើកឡើងពីវិស័យវប្បធម៌ និងមនុស្សធម៌ រវាងប្រទេសទាំងពីរដែល កំពុងត្រូវបានពង្រឹង។ នៅក្នុងខែមីនា នៅរាជធានីភ្នំពេញ «ទិវាវប្បធម៌រុស្ស៊ី» ត្រូវបានធ្វើឡើង ដោយជោគជ័យ។ បន្ថែមពីលើនោះ រុស្ស៊ី បន្តជួយកម្ពុជាក្នុងការរៀបចំ និងបណ្តុះបណ្តាល ធនធាន មនុស្ស។ ពលរដ្ឋកម្ពុជាជាង ៨០០០នាក់ បានទទួលការអប់រំកម្រិតខ្ពស់នៅប្រទេសរុស្ស៊ីរួចហើយ ហើយឥឡូវនេះនិស្សិតកម្ពុជាចំនួន ១៦០នាក់កំពុងសិក្សាក្នុងឆ្នាំសិក្សានេះ។ អាហារូបករណ៍ចំនួន ៦៣ផ្សេងទៀតត្រូវបានផ្តល់ជូន។

លោកពូទីន បានបង្ហាញក្តីរីករាយចំពោះទំនាក់ទំនងល្អរវាងរុស្ស៊ី និងកម្ពុជា «យើងមានទំនាក់ ទំនងយូរអង្វែង។ បរិមាណនៃកិច្ចសហប្រតិបត្តិការរបស់យើងកំពុងកើនឡើង ហើយយើងមាន សេចក្តីសោមនស្សរីករាយយ៉ាងខ្លាំង»

ជាការឆ្លើយតបសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា  ឆ្នាំ២០២៦នេះ គឺជា ព្រឹត្តិ ការណ៍ដ៏សំខាន់មួយក្នុងប្រវត្តិសាស្ត្ររួមរបស់កម្ពុជា និងរុស្ស៊ី នោះគឺខួបលើកទី៧០ឆ្នាំ នៃទំនាក់ ទំនងការទូតប្រទេសទាំងពីរ។ សម្តេចនាយករដ្ឋមន្ត្រីកម្ពុជា បានគូសរំលេចថា ប្រាំពីរទសវត្សរ៍ កន្លងមកនេះ កម្ពុជាបានយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះមិត្តភាពប្រពៃណី និងកិច្ចសហ ប្រតិ បត្តិ ការយូរអង្វែងជាមួយរុស្ស៊ី។ 

សម្តេចមហាបវរធិបតី បានបញ្ជាក់ដូច្នេះ «យើងតែងតែចងចាំដោយការដឹងគុណយ៉ាងជ្រាលជ្រៅ និងជំនួយ និងការគាំទ្រដ៏មានតម្លៃរបស់អតីតសហភាពសូវៀត ដែលបានផ្តល់ជូនដល់ ប្រទេស កម្ពុជាក្នុងអំឡុងពេលដ៏លំបាកបំផុតរបស់យើងនៅក្នុងប្រវត្តិសាស្ត្ររបស់យើង បន្ទាប់ពីការដួល រលំភ្លាមៗនៃរបបប៉ុលពតក្នុងឆ្នាំ១៩៧៩»

សម្តេចមហាបវរធិបតី បន្ថែមថា «យើងក៏សូមកោតសរសើរចំពោះការរួមចំណែក យ៉ាងសំខាន់ ជាបន្តបន្ទាប់របស់រុស្ស៊ីចំពោះការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ប្រទេសកម្ពុជា ក្នុងរយៈពេល ប៉ុន្មាន ឆ្នាំមកនេះ។ទោះបីជាមានការផ្លាស់ប្តូរ ទិដ្ឋភាពភូមិសាស្ត្រនយោបាយក៏ដោយ ជំហររបស់ កម្ពុជា លើទំនាក់ទំនងរបស់ខ្លួន ជាមួយរុស្ស៊ី នៅតែមិនផ្លាស់ប្តូរ។ ដោយផ្អែកលើការជឿទុក ចិត្តខាង នយោបាយ ការគាំទ្រគ្នាទៅវិញទៅមក ការគោរព និងផលប្រយោជន៍រួម រុស្ស៊ីនៅតែជា ដៃគូយូរ អង្វែង និងគួរឱ្យទុកចិត្តរបស់កម្ពុជា»

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក៏បានវាយតម្លៃខ្ពស់ចំពោះតួនាទីដ៏សំខាន់ជាបន្តបន្ទាប់ របស់រុស្ស៊ីនៅក្នុងកិច្ចការតំបន់ និងសកល លោក រួមទាំងការជំរុញតួនាទីរបស់អង្គការ សហ ប្រជា ជាតិ ការបង្កើនសំឡេងនៃភាគខាង ត្បូង សកល និងការលើកកម្ពស់ការតភ្ជាប់ RU-ASEAN៕

អត្ថបទដែលជាប់ទាក់ទង