អ៊ីរ៉ង់ប្រកាសលើកលែងការទារប្រាក់ពីនាវាឆ្លងកាត់ច្រកសមុទ្រហ័រមូសក្នុងអំឡុងពេលចរចា៦០ថ្ងៃ
ឌូបៃ៖អាជ្ញាធរគ្រប់គ្រងច្រកសមុទ្រហ័រមូសរបស់ប្រទេសអ៊ីរ៉ង់ នៅថ្ងៃសុក្រ បានប្រកាសថា ខ្លួននឹងមិនទារថ្លៃឆ្លងកាត់ ដូចផែនការដែលបានគ្រោងទុកនោះទេ ក្នុងអំឡុងពេលនៃការចរចារយៈពេល ៦០ថ្ងៃ ក្រោមកិច្ចព្រមព្រៀងអនុស្សរណៈនៃការយោគយល់គ្នា (MoU) ដែលទើបបានចុះហត្ថលេខាជាមួយសហរដ្ឋអាមេរិកក្នុងសប្តាហ៍នេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
អាជ្ញាធរច្រកសមុទ្រឈូងសមុទ្រពែក្ស (PGSA) របស់អ៊ីរ៉ង់ បានបញ្ជាក់នៅក្នុងសេចក្តីជូនដំណឹងថា នាវាដែលចង់ធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រនេះ ក្នុងអំឡុងពេលកិច្ចព្រមព្រៀងបណ្តោះអាសន្នកំពុងចូលជាធរមាន ត្រូវតែដាក់ស្នើសុំឆ្លងកាត់យ៉ាងហោចណាស់ ៤៨ម៉ោង មុនពេលទៅដល់។
ក្នុងរយៈពេលនេះ អ៊ីរ៉ង់នឹងលើកលែងរាល់ការបង់ថ្លៃសេវាសន្តិសុខ សុវត្ថិភាព បរិស្ថាន និងធានារ៉ាប់រងពាក់ព័ន្ធផ្សេងៗ។ ទោះជាយ៉ាងណា នាវាទាំងអស់តម្រូវឱ្យសម្របសម្រួលផ្លូវ និងពេលវេលាឆ្លងកាត់ជាមុនឱ្យបានច្បាស់លាស់ជាមួយអាជ្ញាធរ ដើម្បីចៀសវាងតំបន់ដែលមានគ្រាប់មីន និងធានាបាននូវសុវត្ថិភាពនាវាចរណ៍ពេញលេញ៕
