ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្ដេចពិជ័យសេនាទៀបាញ់៖ជំហររបស់រាជរដ្ឋាភិបាលកម្ពុជាការប្រើប្រាស់ច្បាប់និងដោះស្រាយបញ្ហាព្រំដែនដោយសន្ដិវិធី, បញ្ចៀសការប្រើប្រាស់កម្លាំងដែលបង្ហូរឈាមគ្មានទីបញ្ចប់

25

ត្បូងឃ្មុំសម្ដេចពិជ័យសេនា ទៀ បាញ់ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៅព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៦នេះ បានបញ្ជាក់ជំហរជាថ្មីរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រើប្រាស់ច្បាប់ និងដោះស្រាយបញ្ហាព្រំដែនជាមួយប្រទេសថៃដោយសន្ដិវិធី ព្រោះការប្រើប្រាស់កម្លាំងប្រដាប់អាវុធដើម្បីដណ្ដើមកាន់កាប់ និងទាមទារត្រឡប់មកវិញនោះ គឺមិនមានស្ថេរភាព ហើយនឹងគ្មានថ្ងៃបញ្ចប់នោះឡើយ។

ក្នុងឱកាសប្រារព្ធខួបអនុស្សាវរីយ៍លើកទី៤៩ នៃទិវាចងចាំដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត (២០ មិថុនា ១៩៧៧-២០ មិថុនា ២០២៦) និងខួបលើកទី៤៨ នៃការបង្កើតកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា (១២ ឧសភា ១៩៧៨-១២ ឧសភា ២០២៦) សម្ដេចពិជ័យសេនា ទៀ បាញ់ បានយល់ឃើញថា ប្រសិនបើ កម្ពុជាប្រើប្រាស់កម្លាំងប្រដាប់អាវុធដើម្បីដណ្ដើមមកវិញ នោះប្រទេសថៃ ក៏នឹងប្រើប្រាស់កម្លាំងដើម្បីដណ្ដើមដូចគ្នា។

បើតាមការគូសបញ្ជាក់របស់សម្ដេចពិជ័យសេនា ទៀ បាញ់, មធ្យោបាយដែលរាជរដ្ឋាភិបាលកម្ពុជាជ្រើសរើស ដូចការពន្យល់ជាបន្ដបន្ទាប់របស់សម្ដេចតេជោ ហ៊ុន សែន គឺការប្រើប្រាស់ច្បាប់ និងការដោះស្រាយបញ្ហាទាំងអស់ដោយសន្ដិវិធី គឺជារឿងត្រឹមត្រូវបំផុត ដើម្បីបញ្ចៀសការខូចខាត ការកើនឡើងជនភៀសសឹក អាយុជីវិត និងការចំណាយធនធានច្រើនគ្រប់សព្វបែបយ៉ាង ក្នុងការប្រយុទ្ធគ្នាដោយកម្លាំងប្រដាប់អាវុធ។

សម្ដេចពិជ័យសេនា ទៀ បាញ់ បានថ្លែងយ៉ាងដូច្នេះថា «គោលជំហររបស់រាជរដ្ឋាភិបាលបានបញ្ជាក់ច្បាស់ណាស់ តស៊ូដោយសន្ដិវិធី ផ្អែកលើច្បាប់អន្ដរជាតិ ជាមួយនឹងការប្រើប្រាស់កម្លាំងវាយ។ ឥលូវនេះក៏មានការបកស្រាយច្រើនមកហើយដែរ ពិសេសសម្ដេចតេជោ ហ៊ុន សែន បានបកស្រាយច្រើននៅគ្រប់វេទិកាដែលបានជួបជាមួយក្រុមប្រឹក្សាឃុំ សង្កាត់ មន្ដ្រីរាជការតាមបណ្ដាខេត្ត។ ការវាយដោយកម្លាំង ព្រោះមានផលប៉ះពាល់ច្រើនណាស់ទាំងការខូចខាត ការកើនឡើងជនភៀសសឹក អាយុជីវិត ការចំណាយធនធានគ្រប់សព្វបែបយ៉ាង។ អ្វីដែលសំខាន់តើការប្រើប្រាស់កម្លាំង មានភាពថិតថេរទេ បើយើងវាយ វាយយកបាន ហើយគេក៏វាយយកវិញ ដូច្នេះវាយទៅវាយមក គ្មានទីបញ្ចប់ឡើយ»។

ការបញ្ជាក់ជាថ្មីរបស់សម្ដេចពិជ័យសេនា ទៀ បាញ់ ធ្វើឡើងបន្ទាប់ពីមានមតិមួយចំនួននៅតែបន្ដលើកឡើងថា ហេតុអ្វីបានជាកម្ពុជាបណ្ដោយឲ្យគេកាន់កាប់ទឹកដី ហើយកម្ពុជាមានទ័ព មានកម្លាំងប្រដាប់អាវុធធ្វើអ្វី ហេតុអ្វីមិនវាយបណ្ដេញគេចេញ? ខណៈរឿងនេះជារឿងដ៏មានសារៈសំខាន់ដែលយើងត្រូវតែយល់គ្នា ព្រោះថាការវាយដោយប្រើកម្លាំងប្រដាប់អាវុធ និងប្រើវិធីដោយសន្ដិវិធី គឺមានភាពខុសគ្នា។

ជាមួយគ្នានេះ សម្តេចពិជ័យសេនា ទៀ បាញ់ ក៏បានសម្តែងការសោកស្តាយ ដែលថៃប្រើប្រាស់ផែនទីគូសវាសដោយឯកតោភាគី ហើយចោទប្រកាន់កម្ពុជាថា បានរំលោភដីរបស់គេ។ សម្តេចបានអំពាវនាវឲ្យកូនខ្មែរចងចាំ ដោយរឿងនេះមិនមែនជារឿងធម្មតានោះទេ។ អតីតប្រមុខការពារជាតិកម្ពុជារូបនេះ បានអះអាងថា នៅពេលដែលរាជរដ្ឋាភិបាលកម្ពុជាតស៊ូដោយសន្ដិវិធី ជំរុញឲ្យមានការពិភាក្សាដោះស្រាយ ផ្អែកតាមច្បាប់ ដោយយកច្បាប់មកបញ្ជាក់ឲ្យច្បាស់លាស់ គឺអាចថិតថេរយូរអង្វែងជានិច្ចនិរន្ដ៍តទៅមុខបាន៕

អត្ថបទដែលជាប់ទាក់ទង